Thursday, January 21, 2021

កិច្ចប្រជុំស្តីពីការត្រួតពិនិត្យលើឯកសារដីធ្លី នៅក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះ

 កោះកុង៖ នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២១នេះ លោក សុខ សុទ្ធី អភិបាលរងនៃគណៈអភិបាលខេត្ត ដោយមានការអនុញ្ញាត និងណែនាំពីលោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង បានដឹកនាំកិច្ចប្រជុំដើម្បីធ្វើការពិនិត្យ ផ្ទៀងផ្ទាត់ទិន្នន័យ ផែនទី និងនិយាមកាដី ដែលរដ្ឋបាលខេត្តកោះកុង បានធ្វើការស្នើសូមកាត់ឆ្វៀលដីចេញពីតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះ។

ការពិនិត្យផ្ទៀងផ្ទាត់នេះ គឺពិនិត្យផ្ទៀងផ្ទាត់ទិន្នន័យ ផែនទី និងនិយាមកាដី រវាងទិន្នន័យ ផែនទី និយាមកា ដែលក្រសួងបរិស្ថាន បានផ្ញើមករដ្ឋបាលខេត្ត ជាមួយ​ទិន្នន័យ ផែនទី និងនិយាមកាដីដែលរដ្ឋបាលខេត្ត បានធ្វើការស្នើសុំកាត់ឆ្វៀល។

ផ្ទៃដីដែលរដ្ឋបាលខេត្តកោះកុង ធ្វើការស្នើសូមកាត់ឆ្វៀលដីចេញពីតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះ មានទំហំសរុបប្រមាណ ១៥ ម៉ឺនហិកតា ដែលក្នុងនោះ​មាន​ ៖ កាត់ឆ្វៀលជូនប្រជាពលរដ្ឋដែលរស់នៅអាស្រ័យផលយូឆ្នាំក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះ ទុកជាទីលានចាក់សំរាម និងទុកជាដីបំរុងរបស់រដ្ឋបាលខេត្ត ដែលជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ។

នៅក្នុងកិច្ចប្រជុំនោះ មានសមាសភាពចូលរួមកិច្ចប្រជុំនេះ រួមមាន មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រធានមន្ទីរបរិស្ថាន នាយករងរដ្ឋបាលសាលាខេត្ត និងនាយកទីចាត់ការអន្តរវិស័យ៕





No comments:

Post a Comment