Wednesday, October 11, 2017

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថាបើរំលាយបក្សមួយ នៅមានបក្ស៥ទៀតដែលនឹងកើតឡើងនាពេលឆាប់ៗនេះ

នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៧នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា បើនិយាយពីរឿងពហុបក្សនៅកម្ពុជាមានបក្សនយោបាយជាច្រើនដែលចូលរួមក្នុងសកម្មភាពនយោ​បា​យ បើរំលាយបក្សមួយ នៅមានបក្ស៥​ទៀត​ដែលនឹងកើតឡើងនាពេលឆាប់ៗនេះ។ លោកបានថ្លែងដូចនេះក្នុងឱកាសអញ្ជើញជួប​សំណេះ​សំណាល​ជាមួយបងប្អូនកម្មករ កម្មការិនី១៤,​៤០​០នាក់ នៅតំបន់​រោងចក្រ ISI នៅតាម​បណ្តោយ​ផ្លូវវេងស្រេង ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ថា ប្រសិនបើរំលាយបក្សមួយនៅមានបក្ស៥ទៀត បានសេចក្តីថាពីបក្សពីរឡើងជាបក្ស៦នៅក្នុងរដ្ឋសភា ដែលវានឹងកើតឡើងនៅពេលមិនយូរប៉ុន្មានខាងមុខនេះ។ លោក ក៏បានបន្ថែមថា នៅកម្ពុជាមានបក្សនយោបាយរាប់សិបដែលវាជាស្ថានសួគ៌លោកិយនៃបក្សនយោបាយ ជាស្ថានសួគ៌លោកិយនៃអង្គការមិនមែនរដ្ឋាភិបាលដែរ។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានបញ្ជាក់ថា យើងបានខិតខំដើម្បីជំនះនូវការលំបាក អ៊ុនតាក់ ចាយលុយជាង២ពាន់លានដុល្លារសហរដ្ឋអាមេរិក មិនអាចរំលត់ភ្លើងសង្រ្គាមនៅកម្ពុជាបានទេ។ យើងត្រូវប្រឹងប្រែងដោយខ្លួនឯងដើម្បីបង្រួបបង្រួមជាតិតាមរយៈនយោបាយឈ្នះ-ឈ្នះ ដែលជាការឯកភាពជាតិ ឯកភាពទឹកដីជាលើកដំបូងក្នុងប្រវត្តិសាស្រ្តប្រមាណ៥០០ឆ្នាំនៅកម្ពុជា៕







No comments:

Post a Comment