Wednesday, October 11, 2017

លោក សុខ ឥសាន៖ ការអនុវត្តច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល គឺដើម្បីធានារបៀបរៀបរយសង្គម

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន អះអាងថា ការអនុវត្តច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល បង្កើតឡើងដើម្បីធានារបៀបរៀបរយសង្គម ស្របតាមបរិបទនៃប្រទេសដើរតាមលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ។

លោក សុខ ឥសាន នៅថ្ងៃទី១១តុលានេះ បានលើកឡើងថា ដោយសារតែរាជរដ្ឋាភិបាលបានបើកទូលាយសិទ្ធិសេរីភាពគ្រប់វិស័យជូនប្រជាជន មានអង្គការសង្គមស៊ីវិលរាប់ពាន់ ត្រូវបានបង្កើតឡើង ហើយធ្វើសកម្មភាពយ៉ាងគគ្រឹកគគ្រេងដោយសេរី រហូតដល់ខ្វះសណ្តាប់ធ្នាប់ទៀតផង។ លោកបានបន្តថា ដោយសារមានសេរីភាពគ្មានព្រំដែននេះហើយបានជាមជ្ឈដ្ឋានខ្លះហៅកម្ពុជាថា ជាឋានសួគ៌នៃអង្គការសង្គមស៊ីវិល។
ទោះយ៉ាងនេះក្តីលោក សុខ ឥសាន អះអាងថា ដោយផ្អែកតាមសំណូមពរចាំបាច់ក្នុងការគ្រប់គ្រង រាជរដ្ឋាភិបាលបានដាក់សេចក្តីព្រាងច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដើម្បីធានាដំណើការសកម្មភាពឲ្យមានរបៀបរៀបរយ ស្របតាមបរិបទនៃប្រទេសដើរតាមលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ។
ទោះបីមានសកម្មភាពរារាំងមិនចង់ឲ្យចេញច្បាប់នេះយ៉ាងណាក៏ដោយ ក៏ទីបំផុតច្បាប់នេះត្រូវបានស្ថាប័ននីតិបញ្ញត្តិអនុម័ត និងព្រះមហាក្សត្រទ្រង់ឡាយព្រះរាជក្រមប្រកាសឲ្យប្រើប្រាស់ជាធរមាន។
មន្ត្រីនាំពាក្យដដែលរូបនេះបន្តថា ក្រោយច្បាប់នេះ ត្រូវចូលជាធរមានបញ្ញត្តិហើយ មានអង្គការច្រើនលើសលុបបានស្វាគមន៍ទទួលយក និងអនុវត្តយ៉ាងរលូន។ ប៉ុន្តែក៏នៅមានអង្គការមួយចំនួនតិចតួចបំផុតនៅតែចចេសរឹងរូសមិនព្រមអនុវត្តដោយស្មោះសរទេ គឺនៅតែបង្ករជាឧបសគ្គច្រើន ដោយមិនចង់បំពេញការចុះបញ្ជី និងរាយការណ៍តាមការកំណត់នៃច្បាប់ឡើយ ជាពិសេសនៅតែមិនអនុវត្តតាមតួនាទីខ្លួនមានចែងក្នុងលក្ខន្តិកៈ និងនៅតែដើរតួលំអៀងទៅរកបក្សប្រឆាំងដដែល។
ដូច្នេះ ការណែនាំរបស់ក្រសួងមហាផ្ទៃឲ្យសមត្ថកិច្ចតាមដាន ត្រួតពិនត្យបណ្តាសមាគម និងអង្គការមិនមែនរដ្ឋាភិបាលណាដែលមិនអនុវត្តតាមច្បាប់ទេ គឺជាការត្រឹមត្រូវ តាមគោលការណ៍នីតិរដ្ឋ ដើម្បីលើកកម្ពស់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ស្របតាមស្មារតីកិច្ចព្រមព្រៀងទីក្រុងប៉ារីស និងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា៕

No comments:

Post a Comment