Wednesday, January 27, 2016

លទ្ធផលសំខាន់ៗក្នុងដំណើរទស្សនកិច្ចផ្លូវការនៅកម្ពុជារបស់ លោក John Kerry រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក

លោក John Kerry បានបង្ហាញនូវក្តី​សោមនរីករាយជាខ្លាំង ដែលបានបំពេញ​ទស្សនកិច្ចផ្លូវការនៅរាជធានី​ភ្នំពេញក្នុងនាមជារដ្ឋ​មន្ត្រីការបរទេសសហ​រដ្ឋអាមេរិកជាលើកដំបូង នៅថ្ងៃទី ២៥-២៦ ​ខែមករា ឆ្នាំ២០១៦ ​កន្លងទៅនេះ ហើយលោក​ក៏ធ្លាប់ធ្វើដំណើរមក​កាន់ប្រទេស​កម្ពុជា​ កាលពីរយៈ​ពេលប៉ុន្មានឆ្នាំមុន ក្នុងលក្ខណៈជា​ឯកជនផងដែរ។ លោកក៏បាន​សម្តែងនូវសេចក្តីរីករាយជាខ្លាំង សម្រាប់ការទទួលស្វា​គមន៍យ៉ាងកក់ក្តៅ​ពីសំណាក់រដ្ឋាភិបាលកម្ពុជា និងការធ្វើ​​​ជា​ដៃគូ ដើម្បីដោះស្រាយបញ្ហា​រួមគ្នាដែល​យើងធ្លាប់បានជួបប្រទះ​នាពេលកន្លងមក។


លោក John Kerry បានសម្តែងនូវការភ្ញាក់​ផ្អើលជាខ្លាំង​
នៅពេលវិលត្រឡប់មក​​ទីនេះម្តងទៀតក្នុងឆ្នាំ​២០១៦នេះ ​ដោយកម្ពុជា​​បច្ចុប្បន្នបានក្លាយ​ជា​ប្រទេសមួយដែលមាន​ការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស ហើយប្រជាពលរដ្ឋ​កម្ពុជាជាច្រើនអាចរំដោះ​ខ្លួនចេញពីស្ថានភាពលំ​បាក ដោ​យ​កា​​ល​​ពីមុន ពួកគេអាច​ប្រាក់ចំណូលបានទាប​បំផុត។ ខុសពីពេលមុន ​រាជធានីភ្នំពេញមាន​ប្រជាព​ល​រដ្ឋប្រមាណត្រឹមតែ​៣៥០ពាន់​នាក់ប៉ុណ្ណោះ ​ស្ថានភាព​សេដ្ឋ​កិច្ច​ស្ថិតក្នុងភាព​លំបាកដោយ​សា​រ​សង្គ្រាមរ៉ាំរ៉ៃ។​ ​តែបច្ចុប្បន្នភ្នំពេញមាន​ប្រជាពលរដ្ឋ​រហូត​ដល់២,២លាននាក់ ទីក្រុងទាំង​មូល​ពោរពេញដោយមន្ទីរ​ពេទ្យទំនើបៗ អគារខ្ពស់ៗ ថាមពល​ប្រើប្រាស់គ្រប់គ្រាន់ និងមានភ្ញៀវទេ​សចរណ៍ច្រើនសន្ធឹក​សន្ធាប់មកទស្សនា​កំសាន្ត។
លោក​រដ្ឋមន្រ្តីការបរទេ​សអាមេរិក ក៏បានសម្តែងការភ្ញាក់ផ្អើ​លផងដែរ ចំពោះការវិវឌ្ឍ និងការបោះជំហានទៅមុខក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ។ សហរដ្ឋអាមេរិកក៏សូមប្តេជ្ញាផងដែរថា នឹងកសាងទំនាក់​ទំនងជាមួយកម្ពុជា​ក្នុងការកម្ពស់លើវិស័យ​នានាដូចជា
ការអប់រំ សុខាភិបាល និងវប្បធ​ម៌ជាដើម។
ពាក់ព័ន្ធ​នឹងបញ្ហាលទ្ធិ​ប្រជាធិប​តេយ្យវិញ លោ​ក​រដ្ឋមន្រ្តីការប​រទេសក្នុងនាមសហ​រដ្ឋអា​មេ​រិក​ ក៏ដូចជា​ពិភពលោកទាំងមូល​សង្ឃឹ​មថា កម្ពុជានឹង​​បានស្គាល់​ច្បាស់ពីអត្ថ​ប្រយោជន៍នៃការរីក​ចម្រើន​ទៅមុខនៃលទ្ធិ​ប្រជាធិបតេយ្យ ដែលជាអ្វី​ដែលអាមេរិកកំ​ពុងផ្តោតការ​យកចិត្តទុ​កដាក់ខ្ពស់ ​​ទៅលើការគោរពសិទ្ធមនុស្ស សេរីភាព និង​​ភាពជាអ្នកដឹកនាំល្អ។ ការបោះជំហានទៅមុខក្នុង​ផ្នែកនីមួយៗខាងលើ ពិត​ជាមានសា​រៈ​​​សំខាន់យ៉ាងខ្លាំង​ក្នុងទំនាក់ទំនងទ្វេរ​ភាគីរវាងប្រទេស​ទាំងពីរ ហើយក៏​ជាក្តីសង្ឃឹម និងបំណង​ប្រាថ្នារបស់ប្រជាពលរ​ដ្ឋកម្ពុជាផងដែរ។
ពាក់ព័ន្ធ​នឹងបញ្ហាភេ​រវកម្ម ភាគីកម្ពុជា និងអា​មេរិក បានយល់​ឃើញស្របគ្នាថា នេះគឺ​ជាបញ្ហាអា​ទិភាព​​មួយក្នុងទំនាក់​ទំនងរ​វាងបណ្តាប្រ​ទេសទាំងអស់លើពិភព​លោកក្នុងពេលបច្ចុប្បន្ននេះ។​ សហរដ្ឋអាមេរិកនឹង​បន្តធ្វើការជ​ម្រុញយុទ្ធនាការទប់ទល់ភេរវករ​ តាមរយៈ​ការលើក​មកពិភាក្សានៅក្នុងកិច្ចប្រជុំកំពូល​ជាមួយថ្នាក់ដឹកនាំ​អាស៊ាន ហើយប្រធានា​ធិបតីសហរដ្ឋអាមេរិក នឹងចូលរួមពិ​ភា​ក្សា​បញ្ហានេះ​ឲ្យកាន់តែស៊ីជម្រៅថែមទៀត​ក្នុងពេលខាងមុខ។
សហរដ្ឋអាមេរិក​ក៏នឹងប្តេជ្ញាផងដែរ​ក្នុងការអភិវឌ្ឍន៍ទំនាក់​ទំនងសេដ្ឋកិច្ចរវាងភាគីទាំងពីរ។ កន្លងមក​ទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគទុន​បានដើរតួនាទីយ៉ាងសំខាន់​ក្នុងការជម្រុញទំនាក់ទំនងរវាង​សហរដ្ឋអាមេរិក និងកម្ពុជា។ យើងមានទស្សនៈ​ស្របគ្នាថា វាពិតជា​មានសារៈសំខាន់ស​ម្រា​ប់​កម្ពុជា​ក្នុងការមានដៃគូពាណិជ្ជ​កម្មជាច្រើនហើយ​សហរដ្ឋអាមេរិកបាន​ក្លាយជាទីផ្សារនាំចេញធំជាង​គេរបស់កម្ពុជា ក្នុងពេលបច្ចុប្បន្ន។ អាមេរិកក៏កំពុង​ត្រៀមរៀបចំកិច្ចចរចារដោយផ្តោតទៅ​​លើបញ្ហាពាណិជ្ជកម្ម និងវិនិយោគទុនដែលនឹងធ្វើឡើងនៅខែកុម្ភៈខាងមុខ​​ ដោយស្វែងរកម​ធ្យោ​បាយដើម្បី​លុបបំបាត់អំពើពុករលួយ និងពង្រឹងការគោរ​ពច្បាប់ក្នុងប្រទេសកម្ពុជា ដែលវាក៏ជាផ្នែកមួយក្នុង​ការជម្រុញ វិស័យសេដ្ឋកិច្ចផងដែរ។
កន្លងមកសហរដ្ឋអា​មេរិក​បានធ្វើការយ៉ាងជិត​ស្និតជាមួយកម្ពុជា ដើម្បីអភិវឌ្ឍន៍ វិស័យ​សុខា​ភិបា​ល ​​និងស្បៀងអាហារ។​ សហរដ្ឋអាមេរិក បានបញ្ជូនក្រុមអ្នក​ស្ម័គ្រចិត្ត Peace Corps ​មកកាន់ប្រ​ទេ​ស​​ក​ម្ពុជា​ដើម្បីពង្រឹងទំនាក់ទំនងកាន់តែជិតស្និទ​រវាងប្រជាពលរដ្ឋនៃប្រ​ទេសទាំងពីរ និងចូលរួមអភិវឌ្ឍន៍ប្រកប​ដោយចេរភាពទៅលើបញ្ហាទន្លេមេគង្គ។
លោក John Kerry ក៏បានលើកឡើងផង​ដែរពីបញ្ហាសំណល់​ពីសង្គ្រាមដូចជា អាវុធយុទ្ធភ័ណ្ឌផ្សេង​ៗ ​បានបង្កក្តីបារម្ភជា​ខ្លាំងដល់ប្រជាពលរដ្ឋកម្ពុជា ដោយសារវានៅតែ​បន្តឆក់យកអាយុជីវិត​ឬធ្វើឲ្យ​ម​នុ​ស្សពិការអស់​ជាច្រើននាក់នាពេលកន្លង​មកដែល​បញ្ហានេះ បានក្លាយជាប្រ​ធាន​​បទដ៏សំ​ខាន់​​ក្នុង​របៀបវារៈរបស់សហរដ្ឋអាមេ​រិកសម្រាប់លើកយកមកពិភាក្សា ​ខណៈដែ​ល​​បេសកកម្មរប​ស់​ មិ​ន​​ទាន់រួចរាល់នៅឡើយ​និងបន្តប្តេជ្ញាដោះស្រាយ​បញ្ហានេះ ក្នុងពេលណាមួយជាក់​ជាមិន​ខា​ន់​។
ដោយហេតុនេះហើយ​ បានជាសហរដ្ឋអាមេរិក បន្តធ្វើការសហកា​រ​ណ៍ជាមួយកម្ពុជា ដើម្បីបញ្ឈប់បញ្ហាទាំងនេះ និងដើម្បីស្វែង​រកអនាគតដ៏ល្អប្រសើរ ខុសស្រឡះពី​សម័យសង្គ្រាម។ វាក៏ជាហេ​តុ​ផលដែលជម្រុញស​ហរដ្ឋអាមេរិក បន្តធ្វើទំនាក់ទំនងជាមួយក​ម្ពុជាអស់រយៈពេលជាច្រើនឆ្នាំកន្លង​មក ព្រមទាំង​បានជម្រុញឲ្យភាគីទាំ​ងពីរឲ្យប្រឹងប្រែងរួមគ្នាផងដែរ។

សហរដ្ឋអាមេរិក​ក៏បានប្តេជ្ញាយ៉ាង​មុតមាំ​ក្នុងការបន្តកិច្ចសហការក្នុងភាព​ដៃគូជាមួយប្រទេស​កម្ពុ​ជា​​​ក៏ដូចជាប្រទេសជាសមាជិក​អាស៊ានទាំងអស់ លើបញ្ហាជាមូល​ដ្ឋានទាំងក្នុងថ្នាក់តំបន់ និង​សក​ល៕

No comments:

Post a Comment