Wednesday, January 27, 2016

សមាគមរួមគ្នាដើម្បីអភិវឌ្ឍន៍កម្ពុជា ស្នើឱ្យលោក អាត់ ធន បញ្ឈប់ទង្វើប៉ះពាល់ដល់ប្រជាពលរដ្ឋ

នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៦ លោក ឯ សុភាស់ ប្រធានសមាគមរួមគ្នាដើម្បីអភិវឌ្ឍន៍កម្ពុជាបាន   សរសេរលិខិតមួយច្បាប់ជូនលោក អាត់ ធន ប្រធានសហភាពការងារកម្ពុជា ដោយបានស្នើសុំឱ្យបញ្ឈប់សកម្មភាពញុះញង់ផ្សេងៗ។

នៅក្នុងលិខិតនោះផងដែរ ក៏បានបញ្ជាក់ពីកម្មវត្ថុ ដោយបានលើកឡើងថា ស្នើបញ្ឈប់សកម្មភាពញុះញង់គ្រប់រូបភាពនៅពីក្រោយអតីតអ្នកបើកបររថយន្តក្រុមហ៊ុន កាពីតូល ចំនួន៤៥នាក់ ដោយបានបញ្ឈប់ស្របតាមច្បាប់រួចហើយ ដែលបានធ្វើឱ្យប៉ះពាល់ដល់ការប្រកបមុខរបររកស៊ីប្រចាំថ្ងៃរបស់បងប្អូនរឺម៉កម៉ូតូកង់បី-ម៉ូតូឌុបចំនួន១៥០នាក់ ដែលបង្កឡើងដោយសារតែអតីតអ្នកបើកបររថយន្តក្រុមហ៊ុនកាពីតូលមួយក្រុមតូចដឹកនាំដោយសហភាពការងារកម្ពុជាឈរទាមទារទាំងបំពានច្បាប់កន្លងមករហូតដល់បច្ចុប្បន្ន។

យោងតាមខ្លឹមសារនៃលិខិតនោះបានឱ្យដឹងថា សមាគមរួមគ្នាដើម្បីអភិវឌ្ឍន៍កម្ពុជា តំណាងឱ្យបងប្អូនរក ស៊ីដឹកជញ្ជូនភ្ញៀវតាមម៉ូតូ និងម៉ូតូកង់បី នៅក្រុមហ៊ុនកាពីតូលទាំងអស់ សើ្នឱ្យលោក អាត់ ធន បញ្ឈប់សកម្មភាពញុះញង់គ្រប់រូបភាពនៅពីក្រោយអតីតអ្នកបើកបររថយន្តក្រុមហ៊ុនកាពីតូល ចំនួន ៤៥នាក់ ដោយបានបញ្ឈប់ស្របតាមច្បាប់រួចហើយ បានធ្វើឱ្យប៉ះពាល់ទៅដល់បងប្អូនប្រជាពលរដ្ឋដែលប្រកបអាជីវកម្មជុំវិញបរិវេណដែលក្រុមរបស់លោក អាត់ ធន ឈរទាមទាររាល់ថ្ងៃ និងប៉ះពាល់ដល់អ្នកបម្រើការងារឱ្យក្រុមហ៊ុនរាប់រយនាក់ ព្រមទាំងអ្នកជិះរថយន្តទៅតាមបណ្តាខេត្តក្រុងនានាជាច្រើននាក់ទៀតផង។

នៅក្នុងលិខិតនោះក៏បានបញ្ជាក់ផងដែរថា ទង្វើឈរទាមទារនៅតាមដងផ្លូវទាំងអស់នេះ បានធ្វើឱ្យប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈ ការធ្វើដំណើររបស់ប្រជាពលរដ្ឋទូទៅឆ្លងកាត់តំបន់នេះ និងសេចក្តីថ្លៃថ្នូររបស់សង្គមជាតិទាំងមូល ដោយគិតតែពីផលប្រយោជន៍របស់បក្សពួកខ្លួនមួយក្រុមតូច។ លិខិតនោះក៏បានបន្ថែមថា ក្នុង នាមលោក អាត់ ធន ជាអ្នកការពារសិទ្ធិស្របច្បាប់ យុត្តិធម៌សង្គម និងការពារនីតិរដ្ឋដោយឥតលំអៀង ផ្ទុយទៅវិញ បែរជាលោកចេញមុខដឹកនាំការពារឱ្យបក្សពួករបស់លោកមករំខាន និងប្រព្រឹត្តអំពើល្មើសរហូតឈានដល់ការបង្ករបួសស្នាម ហើយលោក អាត់ ធន បានធ្វើសេចក្តីថ្លែងការណ៍មួលបង្កាច់ និងបានបង្គាប់បញ្ជាឱ្យក្រុមបក្សពួករបស់លោក ជេរប្រមាថមើលងាយដោយប្រើសម្តីអសុរោះដែលមិនអាចទទួលយកបានឡើយ។


នៅក្នុងលិខិតនេះផងដែរ ក៏បានសំណូមពរឱ្យលោក អាត់ ធន ពិនិត្យលើទង្វើទាំងឡាយរបស់ខ្លួន ដែល បានធ្វើសកម្មភាពកន្លងមករហូតដល់បច្ចុប្បន្នឡើងវិញ ថាតើជាទង្វើការពារផលប្រយោជន៍របស់ប្រជាពលរដ្ឋទូទៅ និងសង្គមជាតិទាំងមូល ឬជាសកម្មភាពដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួន និងបក្សពួកមួយក្រុមតូចក្រោមរូបភាពជាឈ្មួញសិទ្ធិមនុស្ស ឬុយ៉ាងណា?


No comments:

Post a Comment