Friday, July 07, 2023

លោកបណ្ឌិត ថោង ខុន សម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកំពង់ផែទេសចរណ៍ខេត្តព្រះសីហនុ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរ

 (ព្រះសីហនុ)៖ លោកបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ នារសៀលថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៣នេះ បានអញ្ជើញសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកំពង់ផែទេសចរណ៍ខេត្តព្រះសីហនុ ដែលជាកំពង់ផែដ៏ធំមួយដែលអាចចេញចូលអូប័រទេសចរណ៍តូចធំ ២០គ្រឿងក្នុងពេលតែមួយ និងជាទីចំណតដ៏សុវត្ថិភាពតែមួយគត់ សក្កិសមជាកំពង់ផែទេសចរណ៍ដ៍មានសក្តានុពលប្រចាំខេត្តព្រះសីហនុ និងដើម្បីសម្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេចរទាំងជាតិ និងអន្តរជាតិ។

ពិធីនេះដែរបានធ្វើឡើងដោយមានការចូលរួមពីលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ, លោក លូ គឹមឈុន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកកំពង់ផែអន្តរជាតិខេត្តព្រះសីហនុ លោក លោកស្រី តំណាងក្រសួងស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាលកម្ពុជា, អ្នកឧកញ៉ា ទៀ វិចិត្រ អគ្គនាយកក្រុមហ៊ុន ជី.ធី.វី.អីមផតអិចផត ខូអិលធីឌី (G.T.V.C Import Export Co., Ltd.) និងជាប្រធានសមាគមភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយានខេត្តព្រះសីហនុ រួមទាំងមាន លោក លោកស្រី ប្រតិបត្តិករទេសចរណ៍ និងវិនិយោគិនជាច្រើនរូបទៀតផងដែរ។

បើតាមអ្នកឧកញ៉ា ទៀ វិចិត្រ បានឱ្យដឹងថា ដោយមានការជំរុញនិងលើកទឹកចិត្តពីរដ្ឋបាលខេត្ត លើវិស័យទេសចរណ៍ផ្លូវទឹក និងទទួលបានការអនុញ្ញាតពីប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក អគ្គនាយកកំពង់ផែអន្តរជាតិខេត្តព្រះសីហនុ ក្រុមហ៊ុន G.T.V.C IMPORT EXPORT CO.LTD បានទទួលសិទ្ធវិនិយោគពីកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ដែលស្ថិតនៅច្រកទី១ លើផ្ទៃដី ប្រមាណ ២២,០០០ម៉ែត្រការេ និងមានកំពង់ផែដែលអាចចេញចូល អូប័រទេសចរណ៍តូចធំ ២០គ្រឿងក្នុងពេលតែមួយ។ កំពង់ផែមួយនេះគឺជាទីចំណតដ៏សុវត្ថិភាពតែមួយគត់ ដែលមានលក្ខណៈសម្បត្តិពេញលេញ សក្កិសមជាកំពង់ផែទេសចរណ៍ដ៍មានសក្តានុពលប្រចាំខេត្តព្រះសីហនុ។

អ្នកឧកញ៉ា ទៀ វិចិត្រ បានឱ្យដឹងទៀតថា ការវិនិយោគដ៏មានតម្លៃមួយនេះ និងធ្វើឱ្យមានភាពល្អប្រសើរឡើងក្នុងការទទួល បដិសណ្ឋារកិច្ចភ្ញៀវទេសចរគ្រប់ជាតិសាសន៍ ដែលបានធ្វើដំណើរមកពីបណ្តាប្រទេស នានាទូទាំងសកលលោក។ កំពង់ផែទេសចរណ៍នេះគឺជាផ្នែកមួយដើតួយ៉ាងសំខាន់ក្នុងការលើកស្ទួយដល់វិស័យទេសចរណ៍តាមបណ្តាកោះក្នុងខេត្តព្រះសីហនុផងដែរ។

លើកឡើងនាឱកាសនោះដែរលោក គួច ចំរើន ក៏បានស្នើសុំការគាំទ្រពីលោករដ្ឋមន្ត្រីក្រសួងទេសចរណ៍ លើកការរៀបចំកំពង់ផែទេសចរណ៍ខេត្តព្រះសីហនុ ទៅជាកំពង់ផែទេសចរណ៍អន្តរជាតិ ដើម្បីធ្វើការផ្លាស់ប្តូរភ្ញៀវទេសចរមកពី ថៃ និងវៀមណាម និងលំហូរពីបណ្តាប្រទេសដ៏ទៃទៀតឱ្យមានការផ្លាស់ប្តូរទេសចរទៅមកផងដែរ។ ដោយលោកអះអាងថា នាពេលកន្លងមកខេត្តព្រះសីហនុ មិនទាន់មានកំពង់ផែទេសចរណ៍ខ្នាតអន្តរជាតិនៅឡើយទេ ដោយលោកគ្រោងស្នើសុំរាជរដ្ឋាភិបាល ដើម្បីរៀបចំកំពង់ផែនេះឱ្យក្លាយជាកំពង់ផែខ្នាតអន្តរជាតិនាទឹកដីក្រុងព្រះសីហនុនាពេលខាងមុខផងដែរ។

លើកឡើងនាឱកាសនោះលោកបណ្ឌិត ថោង ខុន បានឱ្យដឹងថា កំពង់ផែទេសចរណ៍នេះគឺជាសម្បទាទេសចរណ៍ដ៏សំខាន់មួយដែលនឹងផ្តល់នូវភាពងាយស្រួល សន្តិសុខសណ្តាប់ធ្នាប់ល្អជូនដល់ភ្ញៀវទេសចរ មកពីគ្រប់ទិសទី ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការបង្កើតឱកាសការងារ និងដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកស្ទួយដល់វិស័យទេសចរណ៍ តាមបណ្តាកោះក្នុងខេត្តព្រះសីហនុ និងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងកំសាន្តកាន់តែច្រើនថែមទៀត។ វិស័យទេសចរណ៍«ទេសចរណ៍វប្បធម៌ និងធម្មជាតិ» ជាវិស័យអាទិភាពមួយយ៉ាងសំខាន់ក្នុងការជំរុញកំណើនម៉ាក្រូសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គម សំដៅជំរុញការធ្វើពិពិធកម្ម សេដ្ឋកិច្ច និងធ្វើឱ្យមានការប្រែប្រួលផ្នែកហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធ ពិសេសជំរុញឱ្យមានការអភិវឌ្ឍវិស័យទេសចរណ៍នៅកម្ពុជា។

លោកបណ្ឌិត ថោង ខុន បានឱ្យដឹងទៀតថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា, កម្ពុជាទទួលបានសុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សង្គមយ៉ាងពេញលេញ និងមានការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេស វិស័យទេសចរណ៍កម្ពុជាបានរីកលូតលាស់គួរជាទីមោទនៈ ដោយត្រូវបានចាត់ទុកថាជា «មាសបៃតង» ដែលបានដើរតួនាទីជាចន្ទល់គន្លឹះមួយក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ តាមរយៈការបង្កើនចំណូលជូនជាតិ ព្រមទាំងការបង្កើតការងារ និងការលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ។

លោក ថោង ខុន ក៏បានបង្ហាញជំនឿយ៉ាងមុតមាំថា កំពង់ផែទេសចរណ៍ និងសម្បទាទ្រទ្រង់នៅទីនេះនឹងមិនត្រឹមតែជាសម្បទាទេសចរណ៍ដ៏សំខាន់មួយ ដែលនឹងផ្តល់នូវភាពងាយស្រួល សុវត្ថិភាព សន្តិសុខសណ្តាប់ធ្នាប់ល្អជូនដល់ភ្ញៀវទេសចរមកពីគ្រប់ទិសទី រួមចំណែកលើកស្ទួយដល់វិស័យទេសចរណ៍តភ្ជាប់ទៅតាមបណ្តាកោះនានាក្នុងខេត្តព្រះសីហនុប៉ុណ្ណោះទេ ប៉ុន្តែក៏នឹងរួមចំណែកជាមួយរដ្ឋាភិបាលក្នុងការបម្រើនិងផ្តល់សេវាកម្មទេសចរណ៍ប្រកបដោយគុណភាព និងសុវត្ថិភាព, បង្កើតឱកាសការងារជូនប្រជាពលរដ្ឋ, និងដើរតួនាទីយ៉ាងសំខាន់ក្នុងការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកកាន់កម្ពុជានិយាយជារួម និងមកកាន់ខេត្តព្រះសីហនុ និយាយដោយឡែកឱ្យមកលេងកំសាន្តកាន់តែច្រើន និងពន្យាការស្នាក់នៅកាន់តែយូរថ្ងៃថែមទៀតផងដែរ៕







No comments:

Post a Comment