Saturday, May 16, 2020

ទស្សនៈមិត្តអ្នកអាន៖ ជឿជាក់ថា ខ្មែរអាចធ្វើបាន!

ថ្ងៃ​នេះ​ក្រុម​គ្រូពេទ្យ​កម្ពុជា ​បាន​ខិតខំ​ព្យាបាល​អ្នក​ជំងឺ​កូវីដ-19នៅកម្ពុជា​ បាន​ជាសះ​ស្បើយ​ដោយ​​ជោគ​ជ័យ​​​១០០%​ហើយ​​​​​ក្នុង​​​​ចំណោម​​​​អ្នក​​​ឆ្លង​​ជំងឺ​​កូវីដ​-19​សរុប​១២២នាក់ ដែល​បាន​រក​ឃើញ​នៅ​កម្ពុជា​​។ ​ជោគជ័យ​នេះ​ ​គឺ​ជា​ដំណឹង​ដ៏ល្អ​បំផុតសម្រាប់​ប្រជាជន​កម្ពុជា​ទាំង​មូល​​ និង​ជា​​មោទនភាព​បំផុត​​សម្រាប់​​រាជ​​រដ្ឋាភិបាលកម្ពុជា​​ដែល​​ដឹក​​នាំ​​ដោយ​​លោក​​នាយ​ករដ្ឋ​មន្ត្រី​ ហ៊ុន សែន​​​។​ ទោះបី​ជា​រលក​នៃ​ការ​ឆ្លង​រាតត្បាត​នៃ​ជំងឺកូវីដ​-19នេះ​ នៅ​បន្ត​កើត​មានក្នុង​​ប្រទេស​​ជា​ច្រើន​​នៅ​​ជុំ​​វិញ​​ពិ​ភព​​លោក​ និង​​មិន​ទាន់​ព្យាបាល​ជា​​១០០%​ដូច​នៅកម្ពុជា​​ក្តី​​ ក៏​ប្រទេស​កម្ពុជា ​បាន​ឈាន​មុខ​គេ​ក្នុង​​ការ​​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​ប្រយុទ្ធ​​​​នឹង​ជំងឺ​ដ៏​កាច​សាហាវនេះ ​​ដោ​យ​ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ​​គួរជាទីមោទនៈ​បំផុត​​។​
លទ្ធ​​ផល​ដ៏គួរ​ជាទីមោទនៈនាពេល​នេះ​ វា​​មិន​មែន​​ជា​រឿង​​ទទួល​បាន​មក​ដោយ​ចៃ​​ដន្យ​​នោះ​​ទេ​​​ តែ​គឺ​ពិត​ជា​លទ្ធ​ផល​ដែល​បាន​មក​ដោយ​ការគិត​គូរ​ហ្មត់ចត់​ ម៉ឺង​ម៉ាត់​ និង​ឈ្លាសវៃ​របស់​ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា គឺ​លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន​ យ៉ាងពិត​ប្រាកដ​ តាម​រយៈការ​ដាក់​ចេញនូវ​​ការអនុវត្ត​នូវ​​វិធាន​​ការបន្ទាន់​នា​នា​ទៅតាម​ស្ថាន​ភាព​ចាំបាច់​ និង​ជាក់​ស្តែងនៅតាម​ដំណាក់នីមួយៗ​។
ក្នុង​នោះ​រួម​មាន​ដូចជា៖​ ដំណាក់កាល​ទី​១​ ការកំណត់​កម្រិត​ស្ថាន​ភាព​ភ័យ​ខ្លាច​នៅក្នុង​ដំណាក់​កាល​ដំបូង​របស់​ពលរដ្ឋ​ចំពោះ​មុខ​នៃ​ការ​រាតត្បាត​តាម​រយៈ​ការ​អប់​រំ​ខាង​ស្មារតី និង​ព័ត៌មាន​បំពុល​ ដែល​មិន​មែន​ជា​ការ​ភ័យ​​ខ្លាច​ដោយ​​សារ​​ជំងឺ​ ប៉ុន្តែ​វាជាជំងឺ​នៃ​ការ​ភ័យខ្លាច​ជ្រុល​​​​ហួស​ហេតុ​ទៅ​វិញ​​។ ក្នុង​ន័យ​នេះ​ ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល លោក​ ហ៊ុន​ សែន​​ បាន​សម្រេច​ចិត្ត​ហ៊ានអញ្ជើញទៅ​បំពេញ​ទស្សនៈ​កិច្ច​នៅ​ប្រទេស​ចិន​​ជាទី​កន្លែង​ផ្ទុះ​ឡើង​នៃ​ជំងឺ​កូវីដ​-19 និង​បន្ទាប់​មក​បាន​អនុញ្ញាត្តិ​ឱ្យ​នាវា​ទេស​ចរណ៍​​ខ្នាតយក្យ​​  Westerdam ដែល​មាន​ផ្ទុ​ក​អ្នក​ទេចរណ៍​ជាង​២ពាន់​នាក់​អាច​ចូល​ចត​នៅ​កំពង់​ផែ​កម្ពុជា​ ខណៈ​ដែលមាន​​ប្រទេស​ និង​ដែន​កោះ​ចំនួន៦​ មិន​អនុញ្ញាត​ឱ្យ​នាវានេះ​ចូល​ចត​នៅកំពង់​ផែ​ប្រទេស​ខ្លួន​ឡើយ​ដោយ​ភ័យ​ខ្លាច​ហួស​ហេតុ​ពី​ការ​ឆ្លង​នៃ​ជំងឺ​កូវីដ​-19នេះ​​។ ​​
ជាលទ្ធផល ​នៅ​ក្នុង​​ដំណាក់​​កាល​​ដំបូងនៃ​ការ​ពង្រឹង​ស្មារតី​​​នោះនិស្សិត​ខ្មែរ​ដែលកំពុង​សិក្សា និង​ជាប់​គាំ​ង​នៅ​តំបន់​ផ្ទុះ​ជំងឺដំបូង​​ត្រូវ​​បាន​ទទួល​ការ​យកចិត្ត​ទុក​ដាក់​ថែ​ទាំ​​ពី​មហាមិត្ត​​​ចិន ​ហើយពួកគេ​មាន​​ភាព​កក់ក្តៅ​នឹង​ន​រ​​ក្នុង​ចិត្ត និង​គ្មាន​និស្សិតខ្មែរ​​ណាម្នាក់ឆ្លង​ជំងឺ និង​ស្លាប់​ឡើយ​។​​​ ក្រុម​និស្សិត​ទាំង​អស់​នៅ​ប្រទេស​ចិន​បាន​​កោ​ត​​សរសើរ​នូវ​ភាព​ក្លាហាន​ និង​វីរៈភាព​របស់​លោក​នាយករដ្ឋ​មន្ត្រី​ ហ៊ុន សែន​ ​តាម​រយៈ​ដំណើរ​ទស្សនៈ​កិច្ច​​នា​ពេលនោះ​​។​ ចំណែក​​ឯលទ្ធផល​នៃ​ការ​អនុញ្ញាត្តិ​ឱ្យនាវា ​​វេសធ័រដាម​ (Westerdam)​ចូល​​ចត​​វិញ​​បាន​ធ្វើ​ឱ្យ​កិត្តិស័ព្ទ​របស់​ព្រះរាជាណាចក្រ​កម្ពុជា​ល្បី​រន្ទឺ​ពេញ​សកលលោក​ តាម​រយៈ​ការ​ថ្លែង​អំណរ​គុណ​​របស់​​អ្នក​​ទេស​ច​រណ៍​ជាង​២ពាន់​នាក់​ដែល​ជាប់​គាំ​ង​លើនាវា​ផង​ និង​លិខិត​ថ្លែង​អំណរគុណ​ពី​ថ្នាក់​ដឹកនាំ​ប្រទេស​ជាង​៥២​ ដែ​ល​មាន​ពលរដ្ឋ​គេ​ត្រូវ​បាន​សង្គ្រោះ​ចេញពីនាវា​ជូន​ចំពោះ​រាជ​រដ្ឋា​ភិ​បាល​​កម្ពុជា​ផង​។​
ដំណាក់កាលទី២ គឺ​ការ​ផ្ទុះឡើង​នៃ​ជំងឺកូវីដ​-19 ដែលជា​ករណី​នាំជំងឺចូល​ពី​ក្រៅប្រទេស​ត្រូវ​បាន​ប្រមុខដឹកនាំ​រាជរដ្ឋាភិបាល​ដាក់​ចេញ​នូវ​វិធាន​ការ​​ឆាប់​រហ័ស​បំផុត​តាម​រយៈ​ ​ការ​កំណត់​គោល​នយោ​បាយ​ និង​យុទ្ធសាស្ត្រជាតិ​ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺកូវីដ​-19 ការ​ដឹកនាំ​អនុវត្ត​នូវ​ផែន​ការ​យុទ្ធសាស្ត្រ​ក្នុង​​ការ​បង្ការ​ ការពារ​ ទប់​ស្កាត់​និង​គ្រប់​គ្រង​ការរីករាល​ដាលនៃ​ជំងឺ​​ ការ​គ្រប់​គ្រង​ផល​ប៉ះពាល់​ទាំង​ខាង​ទិដ្ឋភាព​នយោបាយ​ សេដ្ឋកិច្ច​ និង​សង្គម​ ទាំង​កម្រិតជាតិ និងអន្តរជាតិ​ជាដើម​ប្រកប​ដោយ​ប្រសិទ្ធិភាព​ខ្ពស់​បំផុត​​ដែល​ធ្វើ​ឱ្យ​ប្រទេស​ជាតិ​នៅ​តែ​បន្ត​មា​ន​​និរន្តរភាព​ និងមាន​លំនឹង​​ស្ថាន​ភាព​សេដ្ឋកិច្ច​​សង្គម​រហូត​​មក​​ដល់​​បច្ចុប្បន្ន​​។​​​
ដំណាក់កាលទី៣​ គឺ​អ្វី​ដែលត្រូវ​បាន​ចាត់​ទុក​ថា​ខ្មែរ​អាច​ធ្វើ​បាន​នោះ​​គឹ​​ បើ​ទោះ​បី​ជា​មាន​ការ​​វាយ​​​តម្លៃ​​រ​ប​ស់​ស្ថាប័ន​បរទេស​ និង​បុគ្គល​មួយចំនួនតូច​​ក្នុងគំនិត​បែប​ទុទិដ្ឋិនិយម​ថា​ប្រទេស​កម្ពុជា​អាច​នឹង​ត្រូវ​​ឆ្លង​ជំងឺកូវីដ​-19 នេះ​ក្នុង​ចំនួន​ច្រើន​ ដោយ​លើក​ឡើង​ថា​ដោយ​សារ​ប្រព័ន្ធ​សុខាភិបាល​កម្ពុជា​​​នៅ​មាន​ភាព​ទន់​ខ្សោយ​នោះ​ គឺ​ជារឿង​ដែល​ខុស​ស្រឡះ​។ ជាក់​ស្តែង​ មកដល់​ពេល​នេះ​ក្រុម​គ្រូពេទ្យ​ជួរ​មុខ​កម្ពុជា ​បាន​ធ្វើ​ការ​ខិត​ខំ​​ព្យាបាលអ្នក​ជំងឺ​កូវីដ​-19​ទាំង​១២២នាក់​​ ដោយ​យក​ចិត្ត​ទុក​ដាក់រហូត​បាន​ជាសះស្បើយ​ទាំង​អស់​ជា​ស្ថាពរ​។​ ក្នុង​ន័យ​នេះ​ យើង​អាច​វាយតម្លៃ​បាន​ថា​ ប្រទេស​តូច​ មាន​សេដ្ឋកិច្ច​មិន​ទាន់​រឹងមាំ​ និង​ប្រព័ន្ធ​សុខាភិបាល​មិន​ទាន់​ទំនើប​ មិន​ប្រាកដ​ថា​មិន​ទទួល​ជោគជ័យ​ក្នុង​ការ​ប្រយុទ្ធ​នឹង​​ជំងឺ​កូវីដ​-19នោះទេ​ ជាក់​ស្តែង​គឺ​ខ្មែរ​អាចធ្វើ​បាន​ ខ្មែរ​មាន​មគ្គុទេសន៍​ដឹកនាំប្រទេស​ដែល​គួរ​ឱ្យទុក​ចិត្តបាន​ ហើយ​ដែល​ធ្លាប់​បាន​សង្គ្រោះ​ប្រជាជន​កម្ពុជា​បាន​ជាច្រើន​ហេតុការណ៍​នាពេលកន្លង​មក​ និង​សុទ្ធតែទទួល​បាន​នូវ​ជោគ​ជ័យ​​គ្រប់​​កាលៈទេសៈ​ទៀត​ផង​។
ជារួម​ លទ្ធផល​​ដែល​​ក្រុម​គ្រូពេទ្យ​​ជួរមុខ​កម្ពុជា​​សម្រេចបាន​ក្នុង​ការ​ព្យាបាល​អ្នក​ជំងឺ​កូវីដ-19​នៅ​កម្ពុជា​​ បាន​ជា​សះ​​ស្បើយ​​ដោយ​​​ជោគ​​ជ័​យ​​​​១០០% ក្នុង​​​​​ចំ​ណោម​​​​​អ្នក​​​​ឆ្លង​​​ជំ​ងឺ​​​កូ​វីដ​​-19​​សរុប​​១២២នាក់​​​​នាពេលនេះ ​គឺ​ពិតជាដំ​ណឹងដ៏​​ល្អ​​សម្រាប់​​ប្រជា​ជន​​កម្ពុជា​ ជាពិសេស​សម្រាប់​រាជរដ្ឋាភិបាលកម្ពុជា​ ដើម្បី​ចាប់​ផ្តើម​ពង្រឹង​ខឿន​សេដ្ឋ​កិ​ច្ច​​ជាតិ​សារជាថ្មីឡើង​វិញ​។ ម្យ៉ាង​វិញទៀត​ មេរៀន​នៃ​ជំងឺកូវីដ​-19នេះ​ក៏ជាបទពិសោធន៍​ថ្មីមួយទៀត​សម្រាប់​ប្រ​ជាជន​កម្ពុជា​ ក្នុង​ការ​ផ្លាស់​ប្តូរ​ផ្នត់គំនិត​អំពី​អនាម័យ​ក្នុង​ការ​រស់​នៅ​​ប្រចាំ​ថ្ងៃ​ ដែល​ពី​មុន​ប្រជាជនកម្ពុជា​នៅមា​ន​​កា​រ​យល់​ដឹង​តិច​តួច​អំពី​​​បញ្ហាអនាម័យ​ខ្លួន​ប្រាណ​ជា​ប្រចាំ​ថ្ងៃ​នេះ​។
ទោះ​ជាយ៉ាង​ណា​​ ប្រជា​ពល​រដ្ឋ​​គ្រប់​រូប ​​​ត្រូវ​​ប្រកាន់​​ខ្ជាប់​​នូវ​​​​ការ​​ប្រុង​​ប្រយ័ត្ន​ខ្ពស់​ជាប់​ជានិច្ច​​​ និង​អនុវត្ត​ឱ្យ​បាន​នូវ​វិធាន​ការ​ការពារ​ការ​ចម្ល​ង​មេរោគ​ឱ្យ​បា​នជាប់​ជានិច្ច​ ដោយ​ត្រូវ​ចេះ​កែ​ប្រែ​ទម្លាប់​ និង​ឥរិយាបទ​នៃ​ការ​រស់​នៅ​របស់​ខ្លួន​ឱ្យ​ស្រប​ទៅ​តាម​ស​ភាព​ធម្មតា​នៃ​ជីវភាព​ប្រចាំថ្ងៃ​​​ តាម​បែប​គន្លងថ្មី(New Normale)​​ក្នុង​ស្ថានភាព​ដែល​ប្រទេស​យើង​ និងពិភព​លោក​កំពុង​​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ19នេះ​ ជា​ចាំបាច់ដោយ​ត្រូវ​​ប្រកាន់​យក​នូវ​ការ​អនុវត្ត​អនាម័​យក្នុង​ការ​លាង​​ដៃ​ស្អាត​ ពាក់ម៉ាស់​ក្នុង​ករណី​ចាំបាច់​ ប្រើ​ក្រមា​ កន្សែង​ ឬ​ក្រដាស​ជូត​មាត់​ ខ្ទប់​មាត់​ពេល​មាន​​ក្អក ឬ​កណ្ដាស់ និង​បន្ត​អនុវត្តន៍​គម្លាត​សុវត្ថិភាព​សង្គម​ និង​គម្លាត​សុវត្ថិភាព​បុគ្គល​ មិនត្រូវ​មាន​ការ​ជួប​ជុំ ឬ​រៀបចំ​ពិធីណា​មួយ​ដែល​មាន​គ្នា​ច្រើន​កុះ​ករ​ពេក​ ដូច​ជា​ការ​ជួប​ជុំ​ស៊ី​ផឹក​ដែល​មាន​គ្នា​ច្រើន​ ឬ​ការ​ជួប​ជុំ​តាម​បែប​សាស​នា​ជា​ដើម​។ល។​
សូម​ប្រជាពលរដ្ឋ​ទាំងអស់ ​បន្តអនុវត្ត​នូវ​វិធាន​អនាម័យ​ស្អាត​តាម​ការ​អំពាវនាវ​របស់​ប្រមុខ​រាជរដ្ឋាភិបាល លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និង​ការ​ណែនាំ​របស់​ក្រសួង​សុខាភិបាល​ និង​​ត្រូវ​ចងចាំថា​ យើង​​​មិន​​​ត្រូវ​​​ធ្វេស​​​ប្រហែស​​​ចំពោះ​​​ហា​និភ័​យ​​នៃ​កា​រ​ឆ្លង​​​នៃ​​ជំងឺ​​កូវីដ​-​19 ជាថ្មី​​នោះ​​​ទេ​​ ពី​​ព្រោះ​​ពិភ​ព​លោក​​ និង​​ប្រទេស​​ជិត​ខាង​​យើង​​នៅ​​មាន​​កា​រ​ឆ្លង​​នៃ​​ជំងឺ​​នេះ​នៅ​​​ឡើយ​​ ហើយ​​​​ដរាប​​​ណា​​​ពិភពលោក​នៅ​​​មិន​​ទាន់​​មាន​​ថ្នាំព្យាបាល​ និងវ៉ាក់​សាំ​ង​ការពារជំងឺនេះ​នៅឡើយ​​ ហើយ​ការចាប់​យក​វិធាន​ «ការពារ​ប្រសើរ​ជាង​ព្យាបាល​»​ គឺនៅតែ​​ជា​ជម្រើស​ដ៏ល្អ​​ប្រសើរបំផុតសម្រាប់​ខ្លួន​យើង​ គ្រួសារយើង​ និង​សង្គម​ជាតិ​យើង​​ដែល​ជា​មោទនៈភាព​របស់​ខ្មែរ​ ដូច​ពាក្យ​​ « ជឿជាក់​ថា ខ្មែរអាចធ្វើបាន!»​៕​
ដោយ៖ ពង្ស សុក្រឹត្យ

No comments:

Post a Comment