Friday, July 19, 2019

លិខិតមិត្តអ្នកអាន៖ «នយោបាយវិលក្បុងរបស់សម រង្ស៊ី ចំពោះកម្ពុជា ចិន អាមេរិក និងវៀតណាម! »

សម រង្ស៊ី ដែលពេលនេះខំ និយាយកោកៗស្រែករិះគន់ រដ្ឋាភិបាលរបស់លោក ហ៊ុន សែន ថាបានគាំទ្រចិននិងថាបានបើកដៃឲ្យចិនចូលមករកស៊ីច្រើននៅស្រុកខ្មែរហើយ សម រង្ស៊ី ដែលពេលនេះកំពុងតែអួតអាងថា អាមេរិកជាចៅហ្វាយ របស់ខ្លួនទន្ទឹមនឹងការបន្តនូវនយោបាយលាបពណ៌ចោទខ្មែរថាជាយួន...កំពុងវិលក្បុង បាយបិណ្ឌជាបាយបាត្រជុំវិញនយោបាយការបរទេសរបស់ខ្លួននៅក្នុងទំនាក់ទំនងរវាងកម្ពុជា ចិន សហ​រដ្ឋអាមេរិក និងវៀតណាម។ ខ្ញុំស្តាប់យូរៗទៅទើបដឹងថា អ្នកនយោបាយជើងមិនជាប់ដី ក្បាលមិនជាប់មេឃរូបនេះ​ពិតជាគ្មានជំហរ គ្មានយុទ្ធសាស្ត្រ គ្មានទស្សនៈវិស័យនយោបាយ ការបរទេសអ្វីទាំងអស់ហើយនិយាយចុះនិយាយឡើង មកជាន់តែកែងខ្លួនឯង។
ដើម្បីយល់ពីអ្វីដែលខ្ញុំបានលើកឡើងនេះ យើងបែរទៅស្តាប់កិច្ចសម្ភាសន៍របស់ សម រង្ស៊ី ជាមួយទូរទស្សន៍​ចិន។ សម រង្ស៊ី បាន និយាយជាមហោឡារឹកអះអាងប្រាប់ទូរទស្សន៍ចិនថា៖«បច្ចុប្បន្ន Cnrp គឺជាសម្ព័ន្ធមិត្តរបស់ចិន។ យើងយកបញ្ហាតែមួយមក និយាយគឺ Cnrpគាំទ្រចិនទាំងស្រុងក្នុងការទាមទារនូវអធិប្បតេយ្យភាពទៅលើកោះ ស៊ីសាង និងណាន់ចាងនៅក្នុងសមុទ្រចិនខាងត្បូង» ! «យើងខ្ញុំមិនស្របតាមអាមេរិកនោះទេព្រោះអាមេរិកគាំទ្រវៀតណាម។ ផ្ទុយទៅវិញ គណបក្ស CPP របស់លោកហ៊ុន សែន គេកំពុងស្តាប់និងធ្វើតាមមាគ៌ារបស់វៀតណាម។ ហេតុដូច្នេះហើយ CPP របស់លោក ហ៊ុន សែន នឹងមិនអាចគាំទ្រចិនទាំងស្រុងបាន ដូច Cnrp នោះទេ»។

សម រង្ស៊ី ក៍បានបញ្ជាក់ប្រាប់ ទូរទស្សន៍ចិនទៀតថា៖ «វត្តមានរបស់ចិនគឺជាការចាំបាច់ណាស់ដើម្បីធ្វើអោយមានតុល្យភាព និងទប់ឥទ្ធិពលរបស់វៀតណាម។ បច្ចុប្បន្ននេះ វៀតណាមមានសម្ព័ន្ធមិត្តច្រើនដូចជា ជប៉ុន និង​អាមេរិកជាដើម។ ពួកគេជា សម្ព័ន្ធមិត្ត, ពួកគេនឹងរួមគ្នាដើម្បីទប់ទលនឹងចិន ប៉ុន្តែ Cnrp ឈរនៅខាង​ចិន»​។

តើលោកអ្នកជឿទេថា ទាំងនេះ ពិតជាសម្តីរបស់ សម រង្ស៊ី ? បើមិនជឿ សូមទស្សនាវីដេអូ នៃកិច្ចសម្ភាសន៍​រយៈ​​ពេល២នាទី នេះដែលមានភ្ជាប់មកជាមួយ។ ក្រោយពីបាន​ទស្សនាស្តាប់វីដេអូនេះរួចហើយ លោកអ្នកពិតជា ហួសចិត្តនឹងជំហរឃ្លីងឃ្លោង វិលក្បុង មិនប្រាកដប្រជានៃ នយោបាយការទូតរបស់ សម រង្ស៊ី ជាក់ជាមិនខានឡើយ។ ប៉ុន្តែ សម្រាប់អ្នកស្គាល់សម រង្ស៊ី ច្បាស់ប្រាកដជាមិនចម្លែកក្នុងចិត្តសូម្បីបន្តិចពីព្រោះពួកគេបាន យល់ច្បាស់ណាស់ថា សម រង្ស៊ី ជាមនុស្សដែលនិយាយឲ្យតែរួចពីមាត់ ឆ្អិនក្បាលស៊ីក្បាល ឆ្អិនកន្ទុយស៊ីកន្ទុយ និយាយអ្វីឲ្យតែ បានប្រឆាំងជាមួយរដ្ឋាភិបាលខ្លួនឯង ទោះជាជាតិត្រូវខាតបង់អ្វីក៏មិនដែលខ្វល់ដែរ។
បើនិយាយពីនយោបាយការបរទេសរឹតតែយ៉ាប់គឺធ្វើយ៉ាងណាចាក់ខ្សែ ដោះទ័លដើម្បីយករួចខ្លួនមួយគ្រាៗប៉ុណ្ណោះ។ ពេលជួបចិន និយាយគាំទ្រចិន និងបង្អាប់សហរដ្ឋអាមេរិក ពេលជួបអាមេរិកនិយាយអែបអបអាមេរិក ហើយបង្អាប់វ៉ៃចិន។ ជាមួយពលរដ្ឋខ្មែរវិញ ខំតាំងខ្លួនជាអ្នកប្រជាធិបតេយ្យដោយយកអាមេរិកនិងអឺរ៉ុបជាខ្នងបង្អែក ហើយនិយាយបរិហាររិះគន់ចិន និងវៀតណាម។ តែដល់ពេល ទូរទស្សន៍ចិនសួរក៏អះអាងថា ខ្លួនជាសម្ព័ន្ធមិត្តចិនជាងរដ្ឋាភិបាល លោក ហ៊ុន សែន ទៅទៀត។ អ្វីដែលធ្ងន់ធ្ងរទៅទៀតនោះគឺសម រង្ស៊ី អះអាងថា ចង់ឲ្យមាន វត្តមានចិនច្រើននៅកម្ពុជាដើម្បីទប់ជាមួយឥទ្ធិពលវៀតណាម។ តែនៅពេលរដ្ឋាភិបាលភ្នំពេញបើកឲ្យមានការធ្វើវិនិយោគទុនចិនចូលមកច្រើន សម រង្ស៊ី បែរជាស្រែកថា ហ៊ុន សែន លក់ទឹកដីឲ្យចិន។ ហើយអ្វីដែលគេរឹតតែមិនយល់ទៀតនោះគឺ សម រង្ស៊ី ចោទរដ្ឋាភិបាលភ្នំពេញថា ជាអាយ៉ងយួនផង អាយ៉ងចិនផង ខណៈដែលចិន និងវៀតណាមជាគូបដិបក្ខយ៉ាងស្រួចស្រាល់? តើនេះមិនមែនជា យោបាយ វិលក្បុងរបស់សម រង្ស៊ី ទេឬ?

សរុបទៅ សម រង្ស៊ី ជាអ្នក នយោបាយប្រឆាំងដើម្បីតែប្រឆាំង ប្រឆាំងគ្មានទិសដៅ ប្រឆាំងលុះក្ស័យ ទីបំផុតជីវិតនយោបាយគាត់ក៏ក្ស័យមែន។ ជាការពិត អ្នកនយោបាយត្រូវចេះបត់បែន ប៉ុន្តែរបៀបដែលសម រង្ស៊ីធ្វើ មិនមែនជាការ  បត់បែនតាមបែបអ្នកនយោបាយវ័យឆ្លាតដើម្បីប្រយោជន៍ជាតិនោះឡើយ។ តែអ្វីដែលស្តែងចេញពីមាត់សម រង្ស៊ី គឺជាការបង្ហាញ ពីបញ្ញាគាត់ខ្លី តែមាត់គាត់វែងជាងផ្លូវ។ បើនិយាយអ្វីច្រើនៗតែជាន់កែងខ្លួនឯង។ ជាក់ស្តែង រឿងចិន កម្ពុជា និង វៀតណាមគឺជាឧទាហរណ៍ស្រាប់ដែលបញ្ជាក់ថា សម រង្ស៊ី ពិបាកស្រាយចំណោទបែបសាមីការ។ ហេតុដូច្នេះហើយបានជា ពេលឡើងសម្ភាសន៍ប៉ុស្តិ៍ ទូរទស្សន៍​បារាំងម្តងៗ សម រង្ស៊ី ឆ្លើយវិលក្បុងដោយសារតែអ្នកកាសែតចោទសួររឿងគាត់ និយាយជាន់កែងខ្លួនឯង។ នេះគឺជាមូលហេតុដែល សម រង្ស៊ី ខ្លាចប៉ុស្តិ៍ទូរទស្សន៍អន្តរជាតិណាស់ពីព្រោះសំណួររបស់ពួកគេធ្វើឲ្យ សម រង្ស៊ី បែកញើសថ្ងាសរាល់លើក។ នយោបាយវិលក្បុងទាំងនយោបាយក្នុងស្រុកនិងការបរទេសរបស់ សម រង្ស៊ី គឺជា ភស្តុតាងបញ្ជាក់ថា សម រង្ស៊ី គ្មានជំហរ គ្មានគោលនយោបាយច្បាស់លាស់ឡើយទាំងសម្រាប់បញ្ហាចំពោះមុខ ទាំងសម្រាប់រយៈពេលមធ្យម និងរយៈពេលវែង។ អ្វីដែលច្បាស់លាស់បំផុត ម្រាប់សម រង្ស៊ី គឺ បើបក្សកាន់អំណាចទៅស្តាំ សម រង្ស៊ី ទៅឆ្វេង បើគេទៅឆ្វេង គាត់ ទៅស្តាំ បើគេថាស គាត់ថាខ្មៅ... ត្រង់ថាលទ្ធផលទៅជាយ៉ាងណាគឺមិនដឹងអ្វីទាំងអស់។ នេះបានចំជាអ្នកនយោបាយវិលក្បុងមែន៕

ដោយ៖ អ្នកតាមដាន នយោបាយតុកាហ្វេ

No comments:

Post a Comment