Tuesday, April 11, 2017

ក្រសួងការបរទេសអះអាងថា កម្ពុជាជាប្រទេសដែលមានសេរីភាពយ៉ាងពេញលេញជាពិសេសខាងសារព័ត៌មាន

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានឲ្យដឹងថា បើយោងតាមសន្ទស្សន៍សេរីភាពសារព័ត៌មានពិភពលោកឆ្នាំ២០១៦ របស់អ្នករាយការណ៍គ្មានព្រំដែន (RSF) កម្ពុជាបាន ជាប់ចំណាត់ថ្នាក់ទី១ ក្នុងចំណោមបណ្តាប្រទេសអាស៊ានទាំង១០។ ការអះអាងនេះបានធ្វើឡើងនៅក្នុងឯកសារដ៏សំខាន់មួយកំរាស់ ១៧ទំព័រ ជាមួយចំណងជើងថា «ប្រាប់ពីការពិត» ដើម្បីបំភ្លឺ និងគូសបញ្ជាក់ការពិតលើបញ្ហារសើបទាំងឡាយ ដែលត្រូវបានផ្សព្វផ្សាយនៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៧នេះ។
ក្រសួងការបរទេសគូសបញ្ជាក់ថា គេតែងតែរាយការណ៍ថា
សេរីភាពនៃការបញ្ចេញមតិនៅកម្ពុជាកំពុងស្ថិតនៅក្រោមការគម្រាមកំហែង។ បច្ចុប្បន្ន នៅក្នុងប្រទេសកម្ពុជាមានរោងពុម្ពផ្សាយព័ត៌មានចំនួនជាង៨០០ សារព័ត៌មានតាមអ៊ីនធើណេតចំនួន៧០ ស្ថានីយ៍ទូរទស្សន៍២២ ស្ថានីយវិទ្យុ៣៣០ និងសមាគមអ្នកកាសែត៣៨ សមាគម។
ទន្ទឹមគ្នានេះ រាជរដ្ឋាភិបាលមានការប្តេជ្ញាចិត្តក្នុងការបង្កើនការប្រើប្រាស់អ៊ីនធើណេតនៅទូទាំងប្រទេស ហើយសព្វថ្ងៃនេះ ប្រជាជនប្រមាណជា ៥០% អាចប្រើអ៊ីនធើណេតបាន។ បើរាជរដ្ឋាភិបាលចង់ដាក់កម្រិតសេរីភាពនៃការបញ្ចេញមតិដូចគេថាមែននោះ ម្ល៉េះមិនចាំបាច់ខិតខំបង្កើនបណ្តាញដែលល្អបំផុតសម្រាប់ការចែករំលែកព័ត៌មាន និងមតិយោបល់ដោយដូចសេរីសព្វថ្ងៃនោះទេ។
ក្រសួងការបរទេសអះអាងទៀតថា ការបោះពុម្ពផ្សាយកាសែត គឺមានលក្ខណៈសេរីខ្លាំងណាស់ រហូតដល់កាសែត ខាំបូឌាដេលី និងកាសែតភ្នំពេញប៉ុស្តិ៍ដែលជាកាសែតភាសាអង់គ្លេសដ៏ធំ និងមានបកប្រែជាភាសាខ្មែរបានបោះពុម្ពផ្សាយជាប្រចាំថ្ងៃនូវការរិះគន់ខ្លាំងៗ ព្រមទាំងមានការចោទប្រកាន់ដោយគ្មានមូលដ្ឋានប្រឆាំងនឹងរាជរដ្ឋាភិបាលដោយផ្អែកលើការសង្ស័យសុទ្ធសាធ។ អត្ថបទរបស់ពួកគេពោរពេញទៅដោយការចោទប្រកាន់ ដោយផ្អែកលើការប៉ាន់ស្មាន ជាមួយនឹងការប្រើពាក្យពេចន៍ ដូចជា “គេមើលឃើញជាទូទៅថា…” “មានលទ្ធភាពខ្ពស់ដែលថា…” “វាអាចទៅរួចដែលថា…”។ល។
ក្នុងឯកសារដ៏សំខាន់កំរាស់ ១៨ទំព័រ ក្រសួងការបរទេសបញ្ជាក់ថា ខណៈដែលរាជរដ្ឋាភិបាលមានមូលដ្ឋានគ្រប់គ្រាន់ក្នុងការប្តឹងទៅតុលាការចំពោះការចុះផ្សាយអត្ថបទរបស់កាសែតទាំងពីរនេះ រាជរដ្ឋាភិបាលបានចៀសវាងមិនធ្វើចំណាត់ការផ្លូវច្បាប់ប្រឆាំងនឹងពួកគេ។ ជាការពិត នាយកកាសែតខាំបូឌាដេលី បានសារភាពដោយខ្លួនឯងថា កាសែតរបស់លោក គឺមានភាពសេរីជាងកាសែត ញូវយ៉កថាម នៅទីក្រុងញូវយ៉ក និងកាសែតវ៉ាស៊ីនតោនប៉ុស្តិ៍ នៅទីក្រុងវ៉ាស៊ីនតោនទៅទៀត។
វិទ្យុសំឡេងសហរដ្ឋអាមេរិក(VOA) និងវិទ្យុអាស៊ីសេរី ដែលជាស្ថានីយវិទ្យុគាំទ្រគណបក្សប្រឆាំងដោយផ្កាប់មុខ និងដែលមានកម្មវិធីជាភាសាខ្មែរយ៉ាងវែង ត្រូវបានចាក់ផ្សាយនៅទូទាំងប្រទេសដោយគ្មានការត្រួតពិនិត្យ ឬការដាក់កម្រិតណាមួយពីរាជរដ្ឋាភិបាលឡើយ។
ប្រព័ន្ធផ្សព្វផ្សាយដែលលម្អៀងទាំងនេះ  ត្រូវបានផ្តល់សេរីភាពក្នុងការធ្វើប្រតិបត្តិការរបស់ខ្លួន បើទោះបីមានរបៀបវារៈលាក់កំបាំងដើម្បីបំផ្លាញរូបភាព និងកេរ្តិ៍ឈ្មោះរបស់រាជរដ្ឋាភិបាលក៏ដោយ។
ក្រសួងការបរទេសបញ្ជាក់បន្ថែមថា កាសែតប្រឆាំងជាភាសាខ្មែរក៏មានដែរ។ ទាក់ទិននឹងបញ្ហាសារព័ត៌មាន រាជរដ្ឋាភិបាលបានបញ្ជាក់យ៉ាងច្បាស់ថា សេរីភាពនៃការបញ្ចេញមតិ គឺមិនមែនមានន័យថា ជាសេរីភាពពេញលេញក្នុងការជេរប្រមាថ ឬបញ្ចេញព័ត៌មានក្លែងក្លាយ ឬបង្ខូបកេរ្តិ៍ឈ្មោះបុគ្គលនោះឡើយ។ នៅក្នុងបស្ចឹមប្រទេសទាំងអស់ក៏មានច្បាប់ដាក់ទោសទៅលើការប្រព្រឹត្តបែបនេះដែរ។ ហេតុអ្វីបែរជាត្រូវមានករណីលើកលែងនៅប្រទេសកម្ពុជាទៅវិញ?



No comments:

Post a Comment