Tuesday, April 11, 2017

រាជ​​បណ្ឌិត្យ​សភា​កម្ពុ​​ជាពិភា​ក្សា​ការងារ​ជា​មួយរដ្ឋម​​ន្រ្តីក្រុម​​ប្រឹក្សា​រ​ដ្ឋទទួល​​បន្ទុក​​ព័ត៌មាន​​​នៃសា​ធារណរដ្ឋ​ប្រជាមា​និត​​ចិន

លោកស្រីបណ្ឌិតសភាចារ្យ ខ្លូត ធីតា ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានអនុញ្ញាតឱ្យលោក JIANG JIANGUO រដ្ឋមន្រ្តីក្រុមប្រឹក្សារដ្ឋទទួលបន្ទុកព័ត៌មាននៃសាធារណរដ្ឋប្រជាមានិតចិន ដឹកនាំគណៈប្រតិភូចូលជួបសម្តែងការគួរសមនិងសវនាការលើការងារផ្សព្វផ្សាយសៀវភៅជាខេមរភាសាស្តីពី ស៊ី ជីនភីង អភិបាលកិច្ចប្រទេសចិន នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៧ នៅរាជបណ្ឌិត្យសភាកម្ពុជា ។
លោកស្រី ខ្លូត ធីតា បានថ្លែងជម្រាបជូនមិត្តចិនពីសាវតារនៃការបង្កើតឡើងវិញនាឆ្នាំ១៩៩៩ នូវស្ថាប័នរាជបណ្ឌិត្យសភាកម្ពុជាដែលជាសេនាធិការ សំខាន់របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការសិក្សាស្រាវជ្រាវ ហើយស្ថាប័ននេះបានបំពេញបេសកកម្មការងារសំខាន់ៗរបស់ខ្លួនចំនួន៤៖ គឺ ១-ការសិក្សានិងផ្សព្វផ្សាយពីសមិទ្ធផលស្រាវជ្រាវ ២-សហប្រតិបត្តិការជាមួយគ្រប់ស្ថាប័ន អង្គភាពស្រាវជ្រាវបរទេសដើម្បីចែករំលែកបទពិសោធន៍ពីការស្រាវជ្រាវវិទ្យាសាស្រ្ត ៣-បង្កើនកិច្ចសហការក្នុងការបង្កើនបរិមាណនិងលើកកម្ពស់សមត្ថភាពអ្នកស្រាវជ្រាវ និង៤-ផ្តល់អនុសាសន៍ដែលបានមកពីការសិក្សាស្រាវជ្រាវជូនដល់រាជរដ្ឋាភិបាលក្នុងការរៀបចំនូវគោលនយោបាយយុទ្ធសាស្រ្តអភិវឌ្ឍជាតិ។ លោកជំទាវបានថ្លែងនូវអំណរគុណចំពោះស្ថានទូតចិនប្រចាំកម្ពុជាដែលបានគាំទ្រដល់បេសកកម្មការងាររបស់រាជបណ្ឌិត្យសភាកម្ពុជា ហើយបានជួយជ្រោមជ្រែងដល់ដំណើរការបកប្រែសៀវភៅ ស៊ី ជីនភីង ៖ អភិបាលកិច្ចប្រទេសចិន នេះឱ្យទៅជាខេមរភាសា។
លោក JIANG JIANGUO បានបញ្ជាក់ថា ប្រទេសចិនអាចទទួលបានសមិទ្ធផលបែបនេះ គឺដោយសារមានការដឹកនាំរបស់បក្សកុម្មុយនិស្តចិន និងមានការណែនាំពីទស្សនៈស្តីពីអភិបាលកិច្ចរដ្ឋនិងការគ្រប់គ្រងនយោបាយរបស់លោកប្រធានរដ្ឋចិន ស៊ី ជីនភីង។ នៅឆមាសទី២ ឆ្នាំ២០១៧នេះ គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តចិននឹងបើកធ្វើសមាជបក្សកុម្មុយនិស្តលើកទី ១៩ ដែលនឹងធ្វើការបូកសរុបនិងសម្រិតសម្រាំងបន្ថែមទៀតចំពោះទស្សនៈស្តីអំពីអភិបាលកិច្ចរដ្ឋនិងការគ្រប់គ្រងនយោបាយរបស់លោកប្រធានរដ្ឋចិន ស៊ីជីនភីង ។

លោកមានជំនឿជាក់ថា ការបោះពុម្ពផ្សាយសៀវភៅ « ស៊ីជីនភីង៖អភិបាលកិច្ចប្រទេសចិន » ជាខេមរភាសា នឹងក្លាយជាបង្អួចដ៏សំខាន់មួយសម្រាប់ប្រជាជនកម្ពុជាយល់ដឹងកាន់តែច្បាស់ពីប្រទេសចិន ហើយប្រជាជននៃប្រទេសយើងទាំងពីរចិននិងកម្ពុជាអាចចាត់ទុកសៀវភៅនេះជាស្ពានសម្រាប់ធ្វើការផ្លាស់ប្តូរនិងការរៀនសូត្រពីគ្នាទៅវិញទៅមក ពង្រឹងនិងពង្រីកទំនាក់ទំនងឱ្យមានភាពកាន់តែជិតស្និទ្ធ ដើម្បីធ្វើជាអ្នកជិតខាងល្អនិងមិត្តភ័ក្តិដ៏ពិតប្រាកដដែលមានភាពស្មោះត្រង់នឹងគ្នាជារៀងរហូត។ ក្រោយបិទបញ្ចប់ជំនួប គណប្រតិភូបានមកបំពេញទស្សនកិច្ចនៅវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា៕



No comments:

Post a Comment