Tuesday, April 11, 2017

លោករដ្ឋមន្រ្តី ថោង ខុន ចុះសួរសុខទុក្ខ​ ពលទាហាន​នៃយោធភូមិ​ភាគទី៤​ ខេត្តសៀមរាប​ ក្នុងឱកាស​បុណ្យចូលឆ្នាំថ្មី​

នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៧នេះ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានចុះសួរសុខទុក្ខ និងជូនពរដល់នាយទាហាន ពលទាហាន នៃយោធភូមិភាគទី៤ ក្នុងឱកាសអបអរសាទរបុណ្យ​ចូលឆ្នាំប្រពៃណីជាតិ នៅបញ្ជាការដ្ឋានយោធភូមិភាគទី៤ ខេត្តសៀមរាប ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្រ្តីរាជការក្រសួង​ទេសចរណ៍ និងមន្ទីរទេសចរណ៍រាជធានីខេត្ត រួមជាមួយអាជ្ញាធរអប្សរា គ្រឹះស្ថានអង្គរ សមាគមទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា ក្រុមហ៊ុន និងផ្នែកឯកជននានា ដែលជាសម្ព័ន្ធមេត្រីភាពជាមួយយោធភូមិ​ភាគ៤។
លោករដ្ឋមន្ត្រី ថោង ខុន ក៏បានជម្រាបជូនអង្គពិធីអំពីសភាពការណ៍ទេសចរណ៍កម្ពុជា និងទេសចរណ៍ខេត្ត​សៀមរាប ដែលមានការអភិវឌ្ឍរីកចម្រើនគួរជាទីមោទនៈ។ លោកក៏បានថ្លែងអំណរគុណ​និងកោតសរសើរ​ចំពោះយោធភូមិភាគ៤ ដែលបានចូលរួមចំណែកដ៏ខ្លាំងក្លាក្នុងការរក្សាការពារតំបន់ទេសចរណ៍អង្គរ និងបូរណភាពទឹកដី។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឲ្យដឹងទៀតថា កងយោធពលខេមរភូមិន្ទជាឆ្អឹងខ្នងដ៏រឹងមាំរបស់ប្រទេសជាតិ ហើយទោះបីស្ថិតក្នុងតំលៃណាក៏ដោយ គឺត្រូវការពារឲ្យបានរឹងមាំនូវសន្តិភាព ប្រឆាំងដាច់ខាតចំពោះ ចលនាបដិវត្តន៍ពណ៌មិនឲ្យកើតមាននៅកម្ពុជា។

នាឱកាសនោះ លោករដ្ឋមន្ត្រីក៏បាននាំយកថវិកា និងគ្រឿងឧបភោគ បរិភោគមួយចំនួន ដែលបានមកពីសប្បុរសជនជាថ្នាក់ដឹកនាំ មន្រ្តីរាជការក្រសួង​ទេសចរណ៍ និងមន្ទីរទេសចរណ៍រាជធានីខេត្ត រួមជាមួយអាជ្ញាធរអប្សរា គ្រឹះស្ថានអង្គរ សមាគមទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា ក្រុមហ៊ុន និងផ្នែកឯកជននានា ជូនដល់នាយទាហាន ពលទាហានយោធភូមិភាគ៤ ដែលរួមមាន  ថវិកាសរុប ៥៧.៣៥៧.០០០ រៀល ទឹកសុទ្ធវីតាល់ ២២០កេស ស្រាបៀរកម្ពុជា ១០០កេស ទឹកបរិសុទ្ធ ១២០យួរ មីយើង ១៦៧កេស ថ្នាំពេទ្យទីហ្វី និងសារ៉ា ១កេសធំ ទឹកត្រី៨៣យួរ ទឹកស៊ីអ៊ីវ ៨០យួរ ត្រីខ ៥កេសធំ ប៊ីចេង ២៥គីឡូ និងអំបិល១២០គីឡូផងដែរ៕




No comments:

Post a Comment