Tuesday, April 11, 2017

លោកនាយករដ្ឋមន្រ្តី ​ហ៊ុន សែន៖​ កង្វះការកែច្នៃ​កសិផល​របស់ខ្មែរ​ គឺជាឧបសគ្គ​ដ៏ធំមួយ​នៅក្នុងវិស័យកសិកម្ម

ដើម្បីលើកកម្ពស់តម្លៃកសិផលរបស់ខ្មែរ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ទាមទារឲ្យមានការចូលរួមពីវិស័យឯកជនបន្ថែមទៀត បន្ទាប់ពីលោកបានមើលឃើញថា កង្វះការកែច្នៃកសិផលរបស់ខ្មែរ រួមទាំងស្រូវផងដែរ គឺជាឧបសគ្គដ៏ធំមួយនៅក្នុងវិស័យកសិកម្ម។
នារសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៧ ក្នុងពិធីបិទសន្និបូកសរុបការងាររបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅវិមានសន្តិភាព លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា វិស័យកសិកម្មនៅកម្ពុជានាពេលបច្ចុប្បន្នមានការរីកចម្រើនច្រើនហើយ ប៉ុន្តែកង្វះរោងចក្រកែច្នៃកសិផលនៅតែចោទជាបញ្ហា និងជាឧបសគ្គសម្រាប់កសិផលរបស់ខ្មែរ។
លោកនាយករដ្ឋមន្រ្តី បានបញ្ជាក់យ៉ាងដូច្នេះថា ឧស្សាហកម្ម-កសិកម្ម របស់យើង មានការជឿនលឿនទៅហើយ ក៏ប៉ុន្តែតម្រូវការ នៃការកែច្នៃពាក់ព័ន្ធទៅនឹងវិស័យឧស្សាហកម្មនៅមានកម្រិតនៅឡើយ។ ដូច្នេះបានជាផលិតផលកសិកម្មរបស់យើង រាប់ទាំងស្រូវផងដែរ ពុំមានការកែច្នៃគ្រប់គ្រាន់នោះទេ។
លោកនាយករដ្ឋមន្រ្តី បានបន្តឲ្យដឹងទៀតថា ឧស្សាហកម្ម ដែលយើងចង់បានបំផុត គឺឧស្សាហកម្មកែច្នៃ ដើម្បីបង្កើនតម្លៃបន្ថែមសម្រាប់វត្ថុធាតុដើម ដែលមាននៅកម្ពុជា។ នេះជាឧបសគ្គរបស់យើង ដែលយើងបាននិងកំពុងខិតខំធ្វើការងារនេះ តាមរយៈការអំពាវនាវឲ្យមានការវិនិយោគបន្ថែមពីវិស័យឯកជន ដើម្បីចូលរួមទៅលើកិច្ចការនេះ។
ដើម្បីដោះស្រាយបញ្ហានេះ លោកបានអំពាវនាវឲ្យកៀរគរអ្នកវិនិយោគ និងត្រូវរៀបចំបង្កើតតំបន់សេដ្ឋកិច្ចពិសេសសម្រាប់វិស័យកសិកម្ម ដើម្បីជំរុញឲ្យមានការបង្កើតឧស្សហកម្មកែច្នៃកសិផលឲ្យបានកាន់តែច្រើន និងបានដាក់ទិសដៅឲ្យធ្វើយ៉ាងណាជំរុញកសិផលរបស់ខ្មែរនាំចេញទៅក្រៅឲ្យបាន ១២% លើផលិតផលនាំចេញសរុបនៅឆ្នាំ២០២៥។

ដោយសារតែកង្វះរោងចក្រកែច្នៃកសិផលនេះហើយ ជាហេតុផលធ្វើឲ្យកសិផលរបស់កម្ពុជា ជាច្រើនក្នុងមួយឆ្នាំៗដូចជាកៅស៊ូ ដំឡូង និងកសិផលផ្សេងៗជាច្រើនទៀត ជួបបញ្ហាខ្វះខាតទីផ្សារ តម្លៃប្រែប្រួលមិនទៀងទាត់ ធ្វើឲ្យកសិករជួបការខាតបង់ស្ទើរតែរៀងរាល់ឆ្នាំនៅពេលពួកគាត់ប្រមូលផល៕


No comments:

Post a Comment