Monday, June 01, 2020

លោក ផាន់ ចាន់ធុល ៖ រួមគ្នាបន្តការពារសន្តិភាព ទើបប្រទេសមានការអភិវឌ្ឍជឿនលឿន

ប៉ៃលិន៖ ដើម្បីឆ្លើយតបតាមតម្រូវការ និងសំណូមពររបស់ប្រជាពលរដ្ឋ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០ លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានអញ្ជើញបើកការដ្ឋានស្ថាបនាផ្លូវក្រាលកៅស៊ូចំនួន៣ខ្សែ និងផ្លូវបេតុង១ខ្សែ សរុបប្រវែង ១៩៩០ម៉ែត្រ ស្ថិតនៅក្នុងភូមិបរឌិននៀវ និងភូមិអូរតាពុកលើ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋ។

លោកអភិបាលខេត្តប៉ៃលិន បានលើកឡើងថា នយោបាយឈ្នះ ឈ្នះ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាននាំមកនូវសន្តិភាពទូទាំងប្រទេស ដែលបានផ្តល់ឱកាសដល់ប្រជាពលរដ្ឋរស់នៅដោយសុខសាន្ត និងបានចូលរួមអបអរសាទរ និងកំសាន្តសប្បាយនៅក្នុងពិធីបុណ្យតូចធំទាំងអស់ ជាពិសេសបានធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ។

នៅក្នុងឱកាសនោះផងដែរ លោក ផាន់ ចាន់ធុល ក៏បានជំរុញដល់អាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ ជាពិសេសមេឃុំ/ចៅសង្កាត់ និងមេភូមិ ដែលនៅកៀកផ្ទាល់នឹងមូលដ្ឋាន ត្រូវខិតខំបំពេញការងាររបស់ខ្លួនដោយការទទួលខុសត្រូវខ្ពស់ក្នុងការផ្តល់សេវាសាធារណៈនានាជូនប្រជាពលរដ្ឋ និងត្រូវខិតខំដោះស្រាយបញ្ហាប្រឈមនានាដែលកើតមានឡើងអោយបានឆាប់រហ័ស។

សូមបញ្ជាក់ថា ផ្លូវដែលអាជ្ញាធរខេត្ត បើកការដ្ឋាស្ថាបនានានេះ គឺមានប្រវែង ១៩៩០ម៉ែត្រ ក្នុងនោះផ្លូវក្រាលកៅស៊ូចំនួន៣ខ្សែ ប្រវែង១៦៩០ម៉ែត្រ និងផ្លូវបេតុង ០១ខ្សែ ប្រវែង ៣០០ម៉ែត្រ ស្ថិតក្នុងភូមិបរឌិននៀវ និងភូមិអូរតាពុកលើ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដោយប្រើប្រាស់កញ្ចប់ថវិកាអភិវឌ្ឍន៍ខេត្ត៕






No comments:

Post a Comment