Wednesday, March 06, 2019

ប្រជាពលរដ្ឋ១១,៥៦៣ គ្រួសារ ដែលរងគ្រោះត្រូវបានសាខាកាកបាទក្រហមកម្ពុជាថ្នាក់កណ្តាល និងថ្នាក់ខេត្តផ្តល់ជូនអំណោយមនុស្សធម៌ភ្លាមៗ

ត្បូងឃ្មុំ៖ ថ្លែងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រ ចាំឆ្នាំ២០១៨ និងលើកទិសដៅការងារបន្តឆ្នាំ២០១៩ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ នាថ្ងៃ ទី៥ ខែមីនា ឆ្នាំ២០១៩ ដោយមានការចូលរួមពីសមាជិក សមាជិកាគណៈកម្មាធិការ អនុសាខាតាមក្រុង-ស្រុកទាំង៧ និងអ្នកពាក់ព័ន្ធនោះ លោកស្រី ឡេង សុខា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ បានលើកឡើងថា រយៈពេលពេញមួយ ឆ្នាំ២០១៨ កាកបាទក្រហមកម្ពុជាខេត្ត សម្រេចបានលទ្ធផលក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋ ដែលរងគ្រោះជួបនូវគ្រោះមហន្តរាយនានា ជាពិសេសទឹកជំនន់ ខ្យល់ ព្យុះ ខ្យល់កន្រ្តាក់ រលំផ្ទះរបើកដំបូល លង់ទឹក ភ្លើងឆេះផ្ទះ បាក់ច្រាំង សរុបចំនួន ១១,៥៦៣ គ្រួសារដោយទទួលបានការយកចិត្តទុកដាក់ ឧបត្ថម្ភជាថវិកា សម្ភារ ព្រមទាំងគ្រឿងឧបភោគ/បរិភោគ។
តាមគោលការណ៍របស់កាកបាទក្រហមកម្ពុជា ដោយរបស់របរចែកជូនពលរដ្ឋរងគ្រោះ ទទួលបានពីកាកបាទក្រហមកម្ពុជាថ្នាក់កណ្តាល ពីសាខាកាកបាទក្រហមខេត្ត បណ្តាអនុសាខាក្រុង/ស្រុក ក៏ដូចជាទទួលដោយផ្ទាល់ពីសប្បុរសជននានាផងដែរ។
លោកស្រី បានបញ្ជាក់ថា ក្នុងនោះនាពេលគ្រោះទឹក​ជំន​ន់នាកាលពីខែសីហា និងកញ្ញា ឆ្នាំ២០១៨កន្លងទៅលោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏បានអញ្ជើញចុះមកចែកអំណោយដោយផ្ទាល់ ដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់បាន២លើក នៅស្រុកត្បូងឃ្មុំ និងនៅស្រុកក្រូចឆ្មារ ព្រមទាំងថ្នាក់ ដឹកនាំកាកបាទក្រហមថ្នាក់កណ្តាលផ្សេងទៀតសរុប ៦,៥៧៤ គ្រួសារផងដែរ។
លោកស្រី បានបន្តឲ្យដឹងថា សាខាកាកបាទក្រហមកម្ពុជា បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងកិច្ចការងារសង្គម ជាពិសេសការងារជួយ​សង្គ្រោះ និងសម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋ ដូច​ជាជនចាស់ជរាគ្មានទីពឹង កុមារកំព្រា អ្នកផ្ទុកមេរោគអេដស៍ គ្រោះមហន្តរាយទឹកជំនន់ ខ្យល់កន្ត្រាក់និងភ្លើងឆេះផ្ទះជាដើម។

លោកស្រី ឡេង សុខា អនុប្រធានសាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ ក៏បានជំរុញឲ្យគណៈកម្មាធិការសាខា អនុសាខាទាំងអស់ បន្តយកចិត្តទុកដាក់ពង្រឹងលើវិស័យស្នូលទាំងបួន របស់កាកបាទក្រហមកម្ពុជារួមមាន ទី១៖ ការឆ្លើយតបគ្រោះមហន្តរាយ, ទី២៖ ការងារសុខភាព និងការថែទាំ សុខភាពសហគមន៍, ទី៣៖ ការងារលើក​កម្ពស់គោលការណ៍គ្រឹះ និងតំលៃមនុស្សធម៌ និងទី៤៖ ការងារអភិវឌ្ឍស្ថាប័ន និងធនធានមនុស្ស ដើម្បីសម្រេចបាននូវការងារជាអាទិភាពរបស់ខ្លួនក្នុងសកម្មភាពមនុស្សធម៌ឲ្យកាន់តែខ្លាំងក្លាថែមទៀត៕


No comments:

Post a Comment