Friday, August 31, 2018

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ឯកភាពឲ្យសិក្សាបង្កើតខេត្តថ្មីចំនួន២ទៀត ដោយកាត់ចេញពីខេត្តកណ្តាល រតនគីរី និងមណ្ឌលគីរី

លោក ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានដាក់លិខិតជូនលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ស្នើបង្កើតខេត្តថ្មីចំនួន២ទៀត ដោយខេត្តមួយ កាត់ចេញពីខេត្តកណ្ដាល និងខេត្តមួយទៀត កាត់ចេញពីស្រុកកោះញែក ខេត្តមណ្ឌលគិរី និងស្រុកលំផាត់ ខេត្ដរតនគិរី។
សំណើររបស់លោក ស ខេង ជូនប្រមុខរាជរដ្ឋាភិបាលកម្ពុជា ត្រូវបានលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ឯកភាពនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨។
យោងតាមលិខិតសំណើររបស់លោក ស ខេង ផ្ញើជូនលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ទទួលបាននៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨នេះ ការសម្រេចស្នើបង្កើតខេត្តពីរថ្មីនេះ ដើម្បីជួយលើកកម្ពស់ប្រសិទ្ធភាពនៃការគ្រប់គ្រងរដ្ឋបាល ការថែរក្សាសន្ដិសុខសណ្ដាប់ធ្នាប់សាធារណៈ ការជំរុញអភិវឌ្ឍន៍នៅមូលដ្ឋាន និងការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។
បើតាមលិខិតរបស់លោក ស ខេង ខេត្តថ្មីទាំងពីរនេះ ខេត្តមួយត្រូវកាត់ចេញពីខេត្ដកណ្ដាល និងខេត្តមួយទៀត ត្រូវកាត់ចេញពីស្រុកកោះញែក នៃខេត្តមណ្ឌលគិរី និងស្រុកលំផាត់ នៃខេត្តរតនគិរី។
លោក ស ខេង ក៏បានបញ្ជាក់ផងដែរថា បន្ទាប់ពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ឯកភាពរួចហើយ ក្រសួងមហាផ្ទៃនឹងចាត់មន្ដ្រីបច្ចេកទេស ដើម្បីសហការជាមួយក្រសួង និងខេត្តពាក់ព័ន្ធ ចុះធ្វើការសិក្សាស្រាវជ្រាវជាក់ស្ដែង ដើម្បីរាយការណ៍សុំយោបល់ដឹកនាំជាបន្ដបន្ទាប់ ពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ។
សូមជម្រាបថា បច្ចុប្បន្ននេះកម្ពុជា មានខេត្តចំនួន២៤ និងរាជធានីមួយ គឺរាជធានីភ្នំពេញ៕

No comments:

Post a Comment