Friday, November 01, 2019

ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ៖ប្រទេសកម្ពុជា នាពេលបច្ចុប្បន្ន កំពុងមានសុខសន្តិភាព និងការអភិវឌ្ឍបានយ៉ាងឆាប់រហ័ស

លោក មីកាមី ម៉ាសាហ៊ីរ៉ូ (Mikami MASAHIRO) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសជប៉ុន ដែលទើបតែងតាំងថ្មី ប្រចាំកម្ពុជា បានអះអាងថា ប្រទេសកម្ពុជា នាពេលបច្ចុប្បន្ន កំពុងមានសុខសន្តិភាព និងការអភិវឌ្ឍបានយ៉ាងឆាប់រហ័ស ហើយក្នុងបេសកកម្មរបស់លោកនៅប្រទេសកម្ពុជា នឹងខិតខំជំរុញឱ្យទំនាក់ទំនងទ្វេភាគី រវាងប្រជាជន និងប្រទេសទាំងពីរ កាន់តែល្អប្រសើរបន្ថែមទៀត។ ការប្តេជ្ញាបែបនេះ របស់លោក មីកាមី ម៉ាសាហ៊ីរ៉ូ បានធ្វើឡើងនៅក្នុងឱកាសដែលឯកឧត្តម ត្រូវបាន លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា អនុញ្ញាតឱ្យចូលជួបសម្តែងការគួរសម កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩ នៅទីស្តីការគណៈរដ្ឋមន្ត្រី។
ឯកអគ្គរាជទូតជប៉ុនថ្មីរូបនេះ ក៏បានលើកឡើងថា បើប្រៀបធៀបពីកាលដែលលោកធ្លាប់ បានមកស្គាល់ប្រទេសកម្ពុជា ជាយូរមកហើយនោះ មកដល់ពេលបច្ចុប្បន្ននេះ លោក សងេ្កតឃើញថា ប្រទេសកម្ពុជា មានការរីកចម្រើន យ៉ាងឆាប់រហ័សលើគ្រប់វិស័យ។ ប្រទេសកម្ពុជាធ្លាប់ មានសង្គ្រាមដ៏រាំរ៉ៃជាច្រើនទសវត្សរ៍ ហើយបច្ចុប្បន្នប្រទេសកម្ពុជាមានសុខសន្តិភាព ស្ថិរភាព និងមានការ អភិវឌ្ឍ។
ជាការឆ្លើយតប លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ បានសម្តែងការអបអរសាទរ និងស្វាគមន៍ ចំពោះលោក មីកាមី ម៉ាសាហ៊ីរ៉ូ ដែលត្រូវព្រះចៅអធិរាជជប៉ុន តែងតាំងជាឯកអគ្គរាជទូតប្រចាំកម្ពុជា។ លោកឧបនាយករដ្ឋមន្ត្រី មានជំនឿជឿជាក់ថា តាមរយៈឯកឧត្តម ឯកអគ្គរាជទូតជប៉ុនតែងតាំងថ្មី ប្រចាំនៅកម្ពុជា នឹងបន្តរិតចំណងមិត្តភាព និងសហប្រតិបត្តិការ ដើម្បីជាគុណប្រយោជន៍ សម្រាប់ប្រទេស និងប្រជាជនទាំងពីរ ទាំងនៅពេលបច្ចុប្បន្ន និងទៅអនាគតទៀត ៕


No comments:

Post a Comment