Tuesday, January 22, 2019

ចិន បន្តគាំទ្រលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន សម្រាប់រយៈពេលវែង និងចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា

ប៉េងកាំង៖ នៅរសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានទទួលជួបសម្តែងការគួរសមជាមួយ លោក សុង តាវ រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងអន្តរជាតិ នៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយ នីស្តចិន។ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៍ថ្លែងនូវអំណរគុណជូនចំពោះលោក សុង តាវ ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអញ្ជើញមកជួបសួរសុខទុក្ខ ដោយផ្ទាល់ចំពោះរូបលោកនៅទីក្រុងប៉េកាំងនាពេលនេះ បន្ទាប់ពីការជួបនៅរាជធានីភ្នំពេញ កាលពីពេលថ្មីៗកន្លងទៅ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោក សុង តាវ ក៏បានធ្វើការពិភាក្សាគ្នាយ៉ាងស៊ីជម្រៅទៅលើការពង្រឹង និងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរកម្ពុជា ចិន ទាំងផ្នែករដ្ឋ គណបក្ស និងផ្នែកឯកជន ពិសេសការតភ្ជាប់រវាងប្រជាជននិងប្រជាជននៃប្រទេសទាំងពីរ។
លោក សុង តាវ បានមានប្រសាសន៍ថា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន គឺជាអ្នកដែលបានយកចិត្តទុកដាក់ពីទំនាក់ទំនងរវាងចិន និងកម្ពុជាតាមរយៈទស្សនកិច្ច និងការងារផ្សេងៗទៀតពិសេសទំនាក់ទំនងរវាងរដ្ឋ និងរដ្ឋ។ លោក បានមានប្រសាសន៍ថា ប្រធានាធិបតីចិន ស៊ី ជិនពីង បានចាត់ទុកលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន គឺជាមិត្តដែកថែមសម្រាប់ប្រទេសនិងប្រជាជនចិន។
តាមរយៈនេះ ចិននឹងបន្តគាំទ្រលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន សម្រាប់រយៈពេលវែង និងចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ពិសេសគាំទ្រដល់កម្ពុជាក្នុងការការពារអធិបេតយ្យភាព និងឯករាជ្យភាពរបស់ខ្លួនឱ្យកាន់តែរឹងមាំថែមទៀត។ លោក សុង តាវ ក៏បានគូសបញ្ជាក់ជូនលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ពីកម្មវិធីជាច្រើនទៀត ក្នុងការជួយដល់កម្ពុជាក្នុងនោះរួមទាំងវិស័យអាទិភាពរបស់កម្ពុជាគឺការបណ្តុះបណ្តាលធនធានមនុស្ស ពិសេសមន្រ្តីកម្ពុជា។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៍ថា លោកពិតជាមានមោទនភាពចំពោះទំនាក់ទំនងនៃប្រទេសទាំងពីរ ពិសេសបានថ្លែងអរគុណដល់ប្រទេសចិន ដែលបានជួយគាំទ្រដល់កម្ពុជាលើគ្រប់វិស័យ។ លោក បានបន្តថា នយោបាយខ្សែក្រវ៉ាត់មួយ ផ្លូវមួយ គឺផ្សាភ្ជាប់ទៅនឹងយុទ្ធសាស្រ្តចតុកោណរបស់កម្ពុជាដែលនោះគឺជាវិថីដ៏ល្អក្នុងការជំរុញទាក់ទំនងនៃប្រទេសទាំងពីរកាន់តែស៊ីជំរៅថែមទៀត៕



No comments:

Post a Comment