លោក នេត្រ ភក្ត្រា មន្ត្រីនាំពាក្យនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា
បានមានប្រសាសន៍ឲ្យដឹងនៅថ្ងៃទី ១៩ ខែឧសភា ឆ្នាំ២០១៥ ថា អង្គជំនុំជម្រះសាលាដំបូងនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា
បានចាប់ផ្តើមសវនាការវគ្គទី២ហើយ ដោយផ្តោតសំខាន់លើមូលដ្ឋានការងារ
។
លោក នេត្រ ភក្ត្រា បានបន្តឲ្យដឹងថា អង្គជំនុំជម្រះសាលាដំបូងនឹងធ្វើសវនាការលើ
ការដ្ឋានការងារចំនួនបី តាមលំដាប់លំដោយដូចតទៅ៖ ទំនប់ ១ មករា, ការដ្ឋានព្រលានយន្តហោះខេត្តកំពង់ឆ្នាំង
និងទំនប់ត្រពាំងថ្ម។ អង្គជំនុំជម្រះនឹងរៀបចំស្តាប់ការផ្តល់សក្ខីកម្មពីដើមបណ្តឹងរដ្ឋប្បវេណី
និងសាក្សីចំនួន ១០ រូប សម្រាប់អង្គហេតុទាក់ទងនឹងការដ្ឋានការងារទំនប់ ១ មករា
នៅក្នុងខេត្តកំពង់ធំ។ សាក្សីទី១ ដែលត្រូវបានកោះ ហៅ មកផ្តល់សាក្សីកម្មនៅចំពោះមុខអង្គជំនុំជម្រះសាលាដំបូង
គឺលោក ឱ ហូ អតីតកម្មាភិបាលខ្មែរក្រហមដែលបានធ្វើការនៅនៅតំបន់នោះ។
គួរបញ្ជាក់ថា សវនាការលើអង្គហេតុថ្មីក្នុងវគ្គទី២នៃសំណុំរឿង
០០២ វគ្គ០២ នេះធ្វើឡើងបន្ទាប់ពីអង្គជំនុំជម្រះសាលាដំបូងបាន បញ្ចប់សវនាការវគ្គទី១
លើអង្គហេតុសហករណ៍ត្រាំកក់ និងមន្ទីរសន្តិសុខក្រាំងតាចាន់។ ចាប់តាំងពីបើកសវនាការ
ស្តាប់សក្ខីកម្មនៅថ្ងៃទី៨ ខែមករា ឆ្នាំ ២០១៥ រហូតមកដល់ថ្ងៃទី១៨ ខែឧសភា អង្គជំនុំជម្រះសាលាដំបូង បានបើកសវនាការរយៈពេល ៥៩០ ថ្ងៃ និងបានស្តាប់ការផ្តល់សក្ខីកម្មរបស់សាក្សី
អ្នកជំនាញ និងដើម បណ្តឹងរដ្ឋប្បវេណីចំនួន ៣៧ រូប ក្នុងនោះសាក្សី ១៨ រូប ដើមបណ្តឹងរដ្ឋប្បវេណីចំនួន
១៨ រូប និងអ្នកជំនាញ ១ រូប៕
អត្ថបទ៖ ច័ន្ទ ទេវី

No comments:
Post a Comment