Wednesday, September 30, 2015

ការដំាដុះនិងទីផ្សារកសិផលនៅខេត្តប៉ៃលិនល្អតែកសិករខ្វះបច្ចេកទេសនិងទឹក

 ឯកឧត្តម​ អៀង វុធ​ អភិបាលរងខេ​ត្តប៉ៃលិន ​បានជម្រាបជូន ​គណៈប្រតិភូនៃ​គណៈកម្មការផែនការ​ វិនិយោគ ​កសិកម្ម​ អភិវឌ្ឍន៍​ជនបទ ​បរិស្ថាន​ និងធនធានទឹក​ នៃរដ្ឋសភា ​ថាប្រជាកសិករ​នៅក្នុងខេត្ត​ត្បូងពេជ្រនេះ ​បាននិងកំពុង​ដំាដុះដំណាំកសិក​ម្មជាច្រើនមុខ​ ដែលធ្វើឲ្យជីវភាព​ពួកគាត់មាន​ការរីកចម្រើនជា​លំដាប់។​ ការងារដែល​កសិករនៅខេ​ត្តប៉ៃលិន​ធ្វើមានដូចជា ​ធ្វើស្រែ ដំា​ដំឡូងមី​ ពោតក្រហម ​ម្រេច កៅស៊ូ ​តាង៉ែន ​និងដំណាំ​ហូបផ្លែច្រើនមុខទៀត ​។

បើតាមប្រ​សាសន៍រប​ស់ ឯកឧត្តម​អភិបាលរងខេត្ត ​កសិផលរ​បស់ប្រជាក​សិករ​ នៅខេត្តប៉ៃលិន ​បាននាំទៅ​លក់នៅប្រទេស​ថៃ ក្នុងចំនួន​ប្រមាណ៧០% ​និង៣០%ទៀត ​បាននាំទៅលក់នៅ​ប្រទេសវៀតណាម។​
ការលើក​ឡើងពីវិស័យ​កសិកម្ម ​របស់ថ្នាក់ដឹ​កនាំខេត្តប៉ៃ​លិនបែបនេះ ​ធ្វើឡើងនៅក្នុ​ងជំនួបពិភាក្សា​ការងារ​ ជាមួយគណៈប្រតិ​ភូគណៈកម្មការ​ផែនការ​ វិនិយោគ ​កសិកម្ម​ អភិវឌ្ឍន៍ជនបទ​ បរិស្ថាន ​និងធនធាន​ទឹកនៃរដ្ឋសភា ​ដឹកនាំដោយ ​ឯកឧត្តម ​ប៉ុល ហំម​ ប្រធានគណៈកម្មការ​ កាលពីថ្ងៃទី២៩​ ខែកញ្ញា ​ឆ្នាំ២០១៥​ នៅក្នុងខណៈ ​ដែលគណៈកម្ម​ការជំនាញរដ្ឋសភានេះ ​ចុះបំពេញបេ​សកកម្ម​ សិក្សាស្វែងយ​ល់វិស័យការ​ងារទាក់ទងនឹ​ងការទទួលខុសត្រូ​វរបស់គណៈក​ម្មការ​ នៅក្នុងខេត្ត​ប៉ៃលិន។​

ក្នុងឱកាស​នោះ ឯកឧត្តម​ អៀង វុធ​ មានប្រសាសន៍​បន្តថា ​កសិផលរបស់​ប្រជាកសិក​រក្នុងខេត្តប៉ៃលិន ​ក្រៅពីធ្វើកា​រនាំចេញទៅលក់​នៅប្រទេសជិតខាង ​នៅមានទីផ្សារ​លក់ក្នុងខេត្តប៉ៃលិននេះ​តែម្តង ​ពិសេសពោតក្រហម​។
 “បច្ចុប្បន្ន​នៅក្នុងខេត្ត​ប៉ៃលិន ​មានក្រុមហ៊ុន​ឯកជនផលិ​តចំណីសត្វរបស់​ប្រទេសថៃ ​បានបើកដំណើរ​ការផលិត​ចំណីសត្វនៅក្នុងខេត្ត​ប៉ៃលិន ​ហើយរោងចក្រនេះ ត្រូ​វការទិញ​ពោតក្រហម ​ពីកសិករច្រើន​តោន ​ក្នុងមួយឆ្នាំៗ​ ប៉ុន្តែគេក៏ត្រូវ​ការពោតដែល​មានគុណភាព​ដែរ។ នេះជាកា​រគួសបញ្ជាក់​របស់ឯកឧត្តម​ អៀង វុធ​។

ជាមួយនឹង​ការលើកឡើ​ងពីការរី​កចម្រើនជីវភាព​ប្រជាកសិករ ​ឯកឧត្តម ​អៀង វុធ​ ក៏បានជម្រាប​ ជូនគណៈកម្មកា​ររដ្ឋសភា ​ពីផលលំបាក ​ក្នុងការប្រកប​របរកសិកម្មនៅក្នុ​ងខេត្តជាប់ព្រំដែន​ថៃនេះផងដែរ​។ បញ្ហាផលលំបាកសំ​ខាន់មានពីរគឺ​ ការខ្វះទឹក​ និងខ្វះបច្ចេកទេ​សដំាដុះ។

ឯ​កឧត្តមអភិបាល​រងខេត្ត ​បានគូស​បញ្ជាក់ថា ​ប្រជាពលរដ្ឋ​បានស្នើមកថ្នាក់​ដឹកនាំខេត្ត​ ឲ្យជួយបណ្តុះប​ណ្តាលពួកគាត់ប​ន្ថែមទៀត​នូវចំណេះដឹង ​បច្ចេកទេស​កសិកម្ម ​ដើម្បីបង្កើនគុណភាព​ និងបរិមាណ​កសិផល ​ឲ្យស្របទៅនឹ​ងតម្រូវការទីផ្សារ។ ​ចំណែកប្រព័ន្ធ​ធារាសាស្ត្រវិញ ​បច្ចុប្បន្នខេត្ត​មានប្រព័​ន្ធធារាសាស្ត្រធំៗ​តែពីរប៉ុណ្ណោះ។ ​ធារាសាស្រ្ត​ចំនួនពីរនេះ មិនអាច​ផ្គត់ផ្គង់ទឹក​បានគ្រប់គ្រាន់​ ដល់ការដាំ​ដំណាំកសិកម្ម​ ទូទាំង​ខេត្តឡើយ។​
ឯកឧត្តម​ អៀង វុធ​ បានបញ្ជាក់ថា ​បញ្ហានេះអាជ្ញាធ​រខេត្តនិងស្ថាប័ន​ពាក់ព័ន្ធកំពុង​ រិះរកមធ្យោបាយ​ដោះស្រាយជូ​នប្រជាពលរដ្ឋ​

អត្ថបទ​និងរូបភាព​ពីនាយកដ្ឋាន​ព័ត៌មាន​




No comments:

Post a Comment