Monday, March 06, 2017

លិខិតមិត្តអ្នកអាន៖ របើកវាំងនន បក្សព្រះអាទិត្យប្រែជាពណ៌លឿង !

ប្រភព៖ Fresh News
រយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ស្ថានភាពនយោបាយរបស់គណបក្សសង្រ្គោះជាតិហាក់មានបញ្ហាធ្ងន់ទៅៗ ក្រោ​យ​​ពីមានការបែកធ្លាយសារឆ្លងឆ្លើយ និងសារសម្លេងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និង​លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ, នៅរាត្រី ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៧នេះ បក្សីចាំក្រុង បាន​សរសេរ​លិខិតមួយច្បាប់មានចំណងជើងថា «របើកវាំងនន បក្សព្រះអាទិត្យប្រែជាពណ៌លឿង» ដោយ​បាន​​រៀប​រាប់ពីសេណារីយ៉ូ និងយុទ្ធសាស្រ្តជាច្រើនរបស់លោក កឹម សុខា ជាមួយនាយករដ្ឋមន្រ្តី ហ៊ុន សែន ដើម្បី​ដណ្តើមយកបក្សទាំងមូលពីលោក សម រង្ស៊ី។ ខាង​ក្រោម​នេះ​ជាខ្លឹម​សារ​ទាំងស្រុងរបស់​មិត្ត​អ្នក​អាន៖
១៖ វាំងននបានរបើកហើយ! នៅពេលសារតាមបណ្តាញ WhatsApp ចំនួន៣ផ្ទាំង ដែល​និយាយ​អំពី​ផែនការ​ក្តោប​​ក្តាប់យ​កបក្សព្រះអាទិត្យ រវាងមន្រ្តីខុទ្ទកាល័យមេបក្សទេវតា និងលោក ម៉ៅ មុនីវណ្ណ មនុស្ស​ជំនិត​របស់​លោក កឹម សុខា បែកធ្លាយជាសាធារណៈ មានអ្នកវិភាគលាក់មុខរបស់ កឹម សុខា ចេញមកវិភាគថា ជា​សា​រ​នេះ​​ក្លែង​ក្លាយ ដើម្បីបញ្ចៀសកុំឱ្យគេដឹងឧបាកលរបស់លោកមេបក្សថ្មី ហើយលោក ម៉ៅ មុនីវណ្ណ ខ្លួនឯង​ក៏​បាន ចេញមុខបដិសេធចោលផងដែរ។ ជារឿងពិត នរណាក៏អាចផលិតសារសារ​ក្លែងក្លាយ​របៀប​ឆ្លើយ​ឆ្លង​គ្នា​បែប​​នេះ​បានដែរ អាចថា ជឿក៏បាន មិនជឿក៏បាន! ប៉ុន្តែស្រាប់តែមាន​ការបែក​ធ្លាយ​សារ​ជាសំឡេង​តាម​ទូរ​ស័ព្ទ​​​រវាងមេបក្សទេវតា និងមេថ្មីនៃបក្សព្រះអាទិត្យ ដែលនិយាយអំពីផែនការ​នៃការ​ក្តោប​ក្តាប់​យក​បក្ស​ព្រះ​អាទិត្យ​​ទាំង​មូល។
អ្នកវិភាគមិនទាន់នឹងបានហើបមាត់វិភាគថា សំឡេងនេះក្លែងក្លាយ ឬកាត់តផងស្រាប់តែមេបក្សទេវតា​ចេញ​មុខ​​មកបញ្ជាក់ជូនថា សំឡេងដែលបែកធ្លាយនោះ គឺពិតជាសំឡេងរវាងរូបលោក និងមេបក្សថ្មី​នៃ​បក្ស​ព្រះ​អាទិត្យ​​មែន។ ទីបំផុតអាថ៌កំបាំងនៅតែមិនអាចលាក់ជិតបាន! ទីបំផុតអ្នក​ សម រង្ស៊ី និយម អាច​យល់​បាន​អំពី​សេណា​រីយ៉ូ​មួយនេះតាំងពីដើមមក ប៉ុន្តែមិនហ៊ាននិយាយ ព្រោះពុំមានភស្តុតាង ហើយខ្លាចបែកបាក់! តែបើ​មិន​និយាយ​មានន័យថា ទុកឱ្យបក្សពណ៌លឿងមួយនេះ ដែលបានដាក់ទុនត្រឹមតែ៣កៅអីសោះ អាចលេប​យក​បក្ស​ព្រះ​អាទិត្យ​ទាំងមូល និងលេបយកការខំប្រឹងតស៊ូនយោបាយ រយៈពេល២០ឆ្នាំ របស់លោក​មេ​បក្ស​ចាស់។ មានអ្នក​តាមដានស្ថានការណ៍នយោបាយកម្ពុជាក៏បានលើកយកព្រឹត្តិការណ៍នយោបាយថ្មីចុងក្រោយ ជាពិសេស​សកម្ម​ភាពនយោបាយរបស់លោក កឹម សុខា តាមកាលប្បវត្តិ ដែលបង្ហាញយ៉ាងច្បាស់ថា ការ​លេប​យកបក្ស​ព្រះអា​ទិត្យ​​បាននាពេលនេះ គឺស្ថិតក្នុងផែនការរបស់បុរសពីរនាក់នេះមែន ដែលបានឆ្លើយ​ឆ្លង​គ្នា​តាម​ទូរស័ព្ទ​តាំង​ពី​រដូវភ្ជុំបិណ្ឌឆ្នាំមុនម្ល៉េះ។
២៖ បក្សីចាំក្រុង សូមលើកយកព្រឹត្តិការណ៍ធំៗចំនួន៤ ដែលបានកើតឡើងនាពេលចុងក្រោយនេះ ដើម្បីធ្វើ​ជា​ទឡ្ហីករណ៍​ពន្យល់អំពីផែនការ នៃការលេបយកបក្សព្រះអាទិត្យទាំងមូលដោយលោក កឹម សុខា និងក្រុម​ពណ៌​លឿង​របស់គាត់។
ព្រឹត្តិការណ៍ធំទី១៖ គឺការចេញដីកាចាប់ខ្លួនលោក សម រង្ស៊ី ក្នុងពេលដែល សម រង្ស៊ី ចេញទៅប្រទេសកូរ៉េ ដើម្បី​កុំឱ្យ សម រង្ស៊ី ចូលស្រុកវិញ ព្រោះទាំងមេបក្សទេវតា ទាំងលោក កឹម សុខា ដឹងចរិតអ្នក​នយោបាយ​ចាញ់​ចាស់វស្សានេះច្បាស់ណាស់ គឺត្រចៀកស កំសាកញី មិនហ៊ានជាប់គុក ដូច អង់ សាន់ស៊ូជី នោះទេ! សម រង្ស៊ី ក៏ឆោតល្ងង់ទៅទៀត នៅពេលបានវិលត្រឡប់មកកម្ពុជាវិញ និងត្រូវរ៉ូវគ្នា ជាមួយមេបក្សទេវតា ក៏​មិន​ចាប់​អារម្មណ៍ និងមិនយកចិត្តទុកដាក់ថា តើទោសរបស់ខ្លួនដែលមានសាលក្រម ឬសាលដី​កា​ស្ថាពរ​មាន​អី​ខ្លះ ដើម្បីសុំលើកលែងទោសទាំងអស់កុំឱ្យសល់ បែរជាភ្លេចគិតដល់សន្លឹកបៀមេបក្សទេវតា តាមរយៈ​ការ​លើក​លែងទោសខ្លះ ទុកខ្លះធ្វើជាសន្លឹកបៀក្នុងដៃ។ ដឹងហើយថា របៀបធ្វើនយោបាយរបស់មេបក្សទេវតា គឺ​តែង​មានសន្លឹកបៀលេងក្នុងដៃជានិច្ច។ បើទោះបីមេបក្សទេវតាអាចបញ្ជាអ្វីៗបានគ្រប់យ៉ាង ប៉ុន្តែបើគ្មាន​មូល​ដ្ឋាន​ផ្លូវច្បាប់រឹងមាំដើម្បីធ្វើនោះទេ ក៏មិនចេះតែធ្វើដែរ ជាពិសេសជាមួយបក្សប្រឆាំងត្រូវតែច្បាស់លាស់ និង​មាន​ការប្រុងប្រយ័ត្នជានិច្ច។
បើមិនដូច្នេះទេ គឺតុលាការចេញដីកាចាប់ខ្លួនតំណាងរាស្រ្តទាំង ៧នាក់ ដែលជាប់ក្តីក្តាំរឿងកុបកម្ម​នៅក្បែរ​ស្ពាន​នាគឡើងវិញហើយ។ បើមិនចេញចាប់ គឺដោយសារមិនមានមូលដ្ឋានច្បាប់ដើម្បីចេញចាប់​តែ​ប៉ុណ្ណោះ។ ម្យ៉ាង​ទៀត ហេតុអ្វីបានត្រូវចេញដីកាចាប់នៅពេលដែល សម រង្ស៊ី ទៅក្រៅប្រទេស គឺដើម្បីទុកឱ្យ កឹម សុខា ស្រូប​យកប្រជាប្រិយភាពឱ្យបានគ្រប់គ្រាន់នៅក្នុងបក្សព្រះអាទិត្យក្នុងស្រុកសិន។
ព្រឹត្តិការណ៍ធំទី២៖ គឺការលើកលែងទោសឱ្យលោក កឹម សុខា។ តើព្រឹត្តិការណ៍នេះកើតឡើងដូចម្តេច? គឺ​កើត​ឡើងដោយភ្ញាក់ផ្អើលបំផុត ហើយដែលអាចមានមនុស្សតែពីរនាក់ទេដែលដឹង គឺមេបក្សទេវតា និង​លោក​​មេទ័ព​រងនៃបក្សព្រះអាទិត្យ។ សូម្បីតែមេទ័ពធំនៃបក្សព្រះអាទិត្យដែលរត់គេចខ្លួនយកសុខនៅឯ​ប្រទេស​​បារាំង ក៏មិនបានដឹងជាមុនដែរ ហើយក៏មិនដឹងថា តើអ្វីដែលជាថ្នូរនៃការលើកលែងទោសឱ្យ កឹម សុខា? ព្រោះលោក សម រង្ស៊ី ដឹងច្បាស់ណាស់ គឺការលើកលែងទោសនេះ មិនអាចធ្វើឡើង​ដោ​​យ​គ្មាន​ថ្នូរ​នោះ​ទេ ហើយថ្នូរនេះ គឺ​បានចាប់ផ្តើមនិយាយគ្នា តាំងពីរដូវភ្ជុំបិណ្ឌ ឆ្នាំមុនម្ល៉េះ។ គ្រប់គ្នានៅតែដាក់ជាសំណួរ​ដដែលៗ​ថា មូល​ហេតុ​អីបានជាត្រូវលើកលែងទោសឱ្យ កឹម សុខា បើថាមានសម្ពោធពីខាងក្រៅក៏មិនត្រូវ! បើថាមេបក្សទេវតាចិត្តល្អ ក៏មិនត្រូវ! ដល់ពេលគិតដល់ត្រង់នេះ បានគិតឃើញចំណោទ​មួយ​ដ៏ធំដែល​មិន​ទាន់​​រក​ចម្លើយឃើញ គឺហេតុ​អ្វី​បានជាមេបក្សទេវតា មិនចាប់ខ្លួនលោក កឹម សុខា ព្រោះជាបទ​ល្មើស​ជាក់​ស្តែង? ហេតុអ្វីបានជា កឹម សុខា មិនរត់គេចខ្លួនទៅក្រៅប្រទេស ហើយធ្វើទុក្ខខ្លួនឯងនៅក្នុង​បក្ស​ដើម្បី​ទាក់​ទាញ​ការអាណិតអាសូរ និង​ប្រជា​ប្រិយភាពដោយបង្ហាញថា មិនកំសាកញីរត់ចោលស្រុក រត់ចោលបក្ស សង្រ្គោះ​ជាតិជាដាច់ខាត។ តើអ្វីៗ​ជា​ឆាកល្ខោនដើម្បីអនុវត្តជាជំហានៗដើម្បីទៅសម្រេចផែនការរួមឬទេ?
ព្រឹត្តិការណ៍ធំទី៣៖ គឺការតែងតាំងប្រធានក្រុមភាគតិចនៅរដ្ឋសភាជំនួសលោក សម រង្ស៊ី និងការរំលាយ​ទៅ​វិញនូវប្រធានក្រុមមតិភាគតិចនេះទៅវិញ។ បើតែងតាំងហើយ ហេតុអ្វីត្រូវរំលាយទៅវិញ? ទី១-គឺត្រូវបង្ហាញ​ថា លោក កឹម សុខា មានទំនាស់នឹងមេបក្សទេវតា មិនព្រមធ្វើតាមមេបក្សទេវតា ដើម្បីការពារលោក សម រង្ស៊ី ហើយ​លួចខ្សឹបប្រាប់ សម រង្ស៊ី ថា ជារឿងសំងាត់ ហើយ កឹម សុខា ស្មោះស្ម័គ្រនឹង សម រង្ស៊ី ណាស់​ប្រាប់​រឿង​សំងាត់ ទំាងអស់ឱ្យ សម រង្ស៊ី បានដឹង! តើប្រាប់អស់ទេ ! ចុះបើរឿងនេះគ្រាន់​តែ​ជា​លេស​ស៊ី​យក​ខាង​​ក្នុង​នោះ​មិនវីវរហើយ សម្រាប់លោក សម រង្ស៊ី ! អ្វីដែលយើងត្រូវដឹងគឺថា ការធ្វើបក្សប្រហារ​ដោយ​កំលាំង គឺមិនអាច​ទៅ​រួចនោះទេ ហើយហួសសម័យទៅទៀត ហើយបើធ្វើមិនស្រួល គឺយកបានតែមួយ ចំហៀង​នោះទេ នៅមុន​ការបោះឆ្នោត។ ដូចនេះត្រូវប្តូរវិធីធ្វើវិញ គឺត្រូវធ្វើដូចម្តេចដើម្បីលេ​ប​យក​បក្ស​ព្រះ​អាទិត្យ​​ឱ្យបានទាំងមូល ហើយ​​ដោយមានហេតុផលសមរម្យទាំងផ្លូវនយោបាយ ទាំងផ្លូវច្បាប់។ ការលើក​ទង់​ប្រឆាំងនឹងមេបក្សទេវតា គឺមានន័យថា ខាបយកព្រលឹងរបស់បក្សព្រះអាទិត្យទាំងមូល ដោយរួមទាំងព្រលឹង​របស់​លោក សម រង្ស៊ី ដែល​មេបក្សទៅទៀត! ដូចនេះផែនការដើម្បីឱ្យក្រុម សម រង្ស៊ី ជឿស៊ុបមែនទែន ដោយ​រួមទាំង លោក សម រង្ស៊ី ខ្លួន​ឯង​ផងនោះ គឺត្រូវបំផ្លាញប្រធានក្រុមមតិភាគតិចនៅរដ្ឋសភាចោល ! នេះជា​ផ្នែក​មួយ​នៃផែនការ !
ព្រឹត្តិការណ៍ធំទី៤៖ គឺការធ្វើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ! ហេតុអ្វីមិនធ្វើពីមុនមក ហើយមក​ធ្វើ​​អីពេលនេះ? ពីមុនមេបក្សទេវតា បានប្រកាសថា នឹងវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ ដើម្បី​ហាម​ឃាត់​អ្នកមានសញ្ជាតិពីរមិនឱ្យធ្វើជាបក្សនយោបាយ ដូចករណី នៅគជប ដែរ ប៉ុន្តែក្រោយ​មក​ហេតុ​អី​ក៏​លុប​ចោលផែនការនោះទៅវិញ? ចម្លើយដែលទើបនឹងដឹង គឺដោយសារអ្វីៗមិនទាន់រួចរាល់ ហើយបើធ្វើ​ពេល​នោះ បើលេបយកបក្សព្រះអាទិត្យបានតែមួយចំហៀងនោះទេ។ ដូចនេះ អ្វីៗត្រូវរង់ចាំ​ឱ្យ​សភាព​ការណ៍​បាន​ទុំ​ជោរ​បន្តិចសិន ពិសេសគឺពង្រឹងប្រជាប្រិយភាព របស់មេបក្សអាវលឿង នៅក្នុងបក្សព្រះអាទិត្យ។ ការធ្វើ​វិសោធ​នកម្ម​ច្បាប់ស្តីពីគណបក្សនយោបាយ ដើម្បីហាមអ្នកមានទោសមិនឱ្យធ្វើមេបក្ស គឺវាច្បាស់ក្រឡែត​ពេក គឺរុញ សម រង្ស៊ី ចេញដាក់ កឹម សុខា ចូល ទោះបីអ្នកមិនស៊ីជម្រៅផ្នែកនយោបាយក៏អាចយល់បានដែរ ហើយ​នេះ ជាផ្នែកសំខាន់ជាងគេក្នុងផែនការរបស់បុរសពីរនាក់ ដែលបញ្ចេញឱ្យដឹងថា តាមរយៈសារ​ជា​សំឡេង​ដែល​បែកធ្លាយ។
៣៖ ឆាកល្ខោននេះល្អិតល្អន់ណាស់ មានគ្រប់រស់ជាតិ ហើយតួសំដែងទៀតសោត គឺសំដែងបានល្អ ប្រកប​ដោយទេពកោសល្យដ៏ប៉ិនប្រសប់។ ទស្សនិកជនបានទះដៃសរសើរទាំងតួមិនទាន់សំដែងចប់ សាច់រឿង​មិន​ទាន់​យល់​អស់ផង ព្រោះអ្វីទៅ ? ព្រោះមានមេខ្យល់ជួយជំរុញបន្ថែម។ សម រង្ស៊ី ដែលមិនទាន់នឹងបានដឹងថា ខ្លឹម​សារ​ច្បាប់ដែលបក្សទេវតារៀបចំកែសម្រួលមានន័យយ៉ាងដូចម្តេចផង ក៏បានប្រកាសលាលែងភ្លាមពី​មេ​បក្ស ដោយស្លន់ស្លោខ្លាចគេរំលាយបក្ស ហើយតាំងធ្វើជាវីរបុរស​មិនស្តាយ​តំណែង! ខ្មេះ! តាម​ដាន​នយោ​បាយ​នគរនេះរាប់ឆ្នាំ រហូតដល់សក់សព្រាត ទៅហើយ រឿងអីមិនស្គាល់​ចរិត​នយោ​បា​យរបស់ សម រង្ស៊ី ! សម រង្ស៊ី ខ្លាចបំផុត រឿងគេស៊ីបក្សរហូតចុងក្រោយដាក់ឈ្មោះបក្សរបស់ខ្លួនថា «គណបក្ស សម រង្ស៊ី»។ ពេលចេញ​ទៅ​រកស៊ីចូលហ៊ុនបង្កើតបក្សជាមួយ កឹម សុខា គឺ សម រង្ស៊ី មិន​ភ្លេច​ការ​ប្រុង​ប្រយ័ត្ននោះទេ ទោះបី គង់ គាំ ធ្វើ​ប្រធាន​បក្ស ក៏ដោយ គឺបានកែប្រែលក្ខន្តិកៈចែងបន្ថែមថា ពេល សម រង្ស៊ី ត្រឡប់មកវិញ គឺនឹងបាន​ជា​ប្រធាន​បក្សដោយស្វ័យប្រវត្តិ។ ពាក្យចាស់ពោលថា «ត្រូវគិតមុខ គិត​ក្រោយ! ត្រូវមើលមុខ មើលក្រោយ!»
៤៖ តាមពិត នៅពេលសម្រេចលាលែងពីប្រធានបក្ស សម រង្ស៊ី ក៏បានត្រៀមទុកដែរនូវសេណារីយ៉ូ សម្រាប់​បន្ត​ដឹកនាំបក្សក្នុងឋានៈជាប្រធានស្រមោល ហើយតំណែងប្រធានបក្សរបស់ខ្លួនត្រូវទុកឱ្យនៅទំនេរសិន ឬ​ដាក់​ប្រធានបក្សដែលជាមនុស្សជំនិតរបស់គាត់ ដើម្បីបង្កើតសេណារីយ៉ូ ថាក់ស៊ីន។ ប៉ុន្តែ ការលាលែង​របស់​លោក សម រង្ស៊ី គឺជាឱកាសមាសរបស់ កឹម សុខា ដែល១០០០ឆ្នាំមិនទាន់ជួបម្តងផង ! ដូចនេះអ្វីដែល កឹម សុខា ត្រូវធ្វើ គឺត្រូវខិតខំធ្វើដូចម្តេចឱ្យ សម រង្ស៊ី ក្រៅពីលាលែងគឺប្រគល់កៅអីមេបក្សព្រះអាទិត្យនេះ មក​ឱ្យ​ខ្លួន​ដោយ​ស្ម័គ្រចិត្ត ដោយដៃពីរ! ដូចនេះក្រៅពីបំភ័យ រឿងបក្សព្រះអាទិត្យអាចត្រូវបានរំលាយ បើ សម រង្ស៊ី នៅ​បន្តធ្វើជាប្រធានបក្ស ដោយសារ សម រង្ស៊ី មានស្ពាយទោសជាប់ខ្លួននោះ កឹម សុខា ត្រូវ​រៀបចំ​ផែន​ការ​បន្ត​ទៀត​ជាមួយមេបក្សទេវតា ដើម្បីបំផ្លាញសេណារីយ៉ូប្រធានស្រមោលរបស់ សម រង្ស៊ី។ ទីបំផុត សេណា​រីយ៉ូ​នេះ បានស្លាប់ទាំង មិនទាន់កើត! ច្បាប់ថ្មីក៏បានចែងថា គណបក្ស​ទាំងអស់ដាច់​ខាត​ត្រូវ​ជ្រើស​រើស​ឱ្យ​មាន​ប្រធាន​បក្ស បើពុំដូច្នោះ គឺខុសច្បាប់។ ចំពោះសេណារីយ៉ូ ថាក់ស៊ីន ក៏មិនអាចអនុវត្តបាន ព្រោះវា​នឹ​ង​ធ្វើ​ឲ្យ​បក្សបែក​ជា​ពីរ ដោយសារតែ កឹម សុខា មិនព្រមឲ្យមានអ្នកនៅពីលើ។ ម្យ៉ាងដែរ ដើម្បីកុំឲ្យបក្សបែក សុខ​ចិត្ត​ឱ្យ កឹម សុខា លេបយកបក្សទាំងមូល! គួរឱ្យសរសើរ គួរឱ្យសរសើរចំពោះពលីកម្មនេះ! ប៉ុន្តែសួរថា តើអ្នកតស៊ូ​នយោ​បាយ​ជាមួយ សម រង្ស៊ី ទាំងអស់ ទាំងថ្នាក់ក្រោម ទាំងថ្នាក់លើ យល់ព្រមឱ្យ សម រង្ស៊ី លក់​ឲ្យ កឹម សុខា ដោយ​គ្មាន​តំលៃបែបនេះដែរ ឬទេ?
៥៖ ផែនការជំហានទី១ ដើម្បីឡើងធ្វើប្រធានបក្សមិនអាចពន្យារបានទេ ទាន់ឱកាសមាសមកដល់! ដូចនេះ​សមាជ​វិសាមញ្ញត្រូវតែធ្វើ ហើយជំរុញធ្វើឱ្យ បានលឿនបំផុត ដើម្បីឡើងធ្វើប្រធានបក្សឱ្យបានឆាប់ មុន​ពេល​វាំង​នន​ត្រូវរបើក! ចឹងហើយបានជាអ្នកវិភាគខ្លះលើកឡើងថា ការលាលែងរបស់ សម រង្ស៊ី គឺធ្វើឡើ​ង​ដោយ​ឆោត​ល្ងង់! បើលោក សម រង្ស៊ី មិនទាន់លាលែង ហើយត្រូវនៅរង់ចាំមើល​ខ្លឹមសារច្បាប់​សិន​ដើម្បី​គេច​ច្បាប់​ឱ្យ​បាន​ល្អ និងរៀបចំ យុទ្ធសាស្រ្តឱ្យបានត្រឹមត្រូវ នោះអាចធានាដំណោះស្រាយគេ​ចផែនការ​លេបបក្ស​របស់​ក្រុម​ពណ៌លឿ​ងបាន។ បើ សម រង្ស៊ី មិនទាន់លាលែង គឺ សម រង្ស៊ី នៅសល់ពេលវេលាធ្វើ​ជាប្រធាន​បក្ស​ព្រះ​អាទិត្យ រហូតដល់ការបោះឆ្នោតឃុំសង្កាត់ចប់សព្វគ្រប់ ព្រោះច្បាប់ទុកពេលឱ្យគាត់៩០ថ្ងៃ ក្រោយច្បាប់ចូល​ជាធរ​មាន ដើម្បីលាលែង។
៦៖ អ្វីដែល កឹម សុខា គិតបារម្ភជាទីបំផុត គឺនៅពេលឡើងធ្វើជាប្រធានបក្សហើយនោះ បក្សព្រះអាទិត្យ​នឹងបែកជាពីរវិញហើយ កឹម សុខា នឹងនៅសល់ តែដៃទទេ ព្រោះកាបោះឆ្នោតមិនទាន់បានធ្វើនៅឡើយ។ វាសនា​បក្សព្រះអាទិត្យរបស់ កឹម សុខា ក៏នឹងមិនខុសគ្នានឹងវាសនា របស់បក្សហ្វុនស៊ិនប៉ិច ពីមុនដែរ។ ដូច​នេះ កឹម សុខា ត្រូវប្រមូលផ្តុំយុទ្ធសាស្រ្ត និងរៀបចំផែនការលួងលោម សម រង្ស៊ី និងក្រុមរបស់គាត់ ដើម្បី​ប្រើ​សិន និងដើម្បីកុំបែកចេញ នៅមុនការបោះឆ្នោតឃុំសង្កាត់ ការបោះឆ្នោតព្រឹទ្ធសភា និងការបោះ​ឆ្នោត​តំណាង​រាស្រ្ត។ ដូចនេះពីពេលនេះតទៅ សារនយោបាយរបស់ កឹម សុខា គឺការរួបរួមគ្នា សាមគ្គីភាពគ្នា ដើម្បី​សង្រ្គោះ​ជាតិ និងដើម្បីជ័យជំនះនាពេលបោះឆ្នោតខាងមុខ ដើម្បីកុំឱ្យមានការបែកបាក់ ហើយ​កុំឱ្យ​គិតពី​រឿង​ផែន​ការ កឹម សុខា លេបយកបក្ស! បើ សម រង្ស៊ី និងក្រុមរបស់គាត់ បែកចេញពីបក្ស​ព្រះ​អាទិត្យ​ក្រោយ​ការ​បោះ​ឆ្នោតឃុំសង្កាត់ ការបោះឆ្នោតព្រឹទ្ធសភា និងការបោះឆ្នោតតំណាងរាស្រ្តនោះគឺ សម រង្ស៊ី និង​ក្រុម​របស់​គាត់ ត្រូវដើរចេញដោយខ្លួនទទេ ដោយទុកកៅអី និងអាសនៈទាំងអស់ឱ្យនៅជាមួយ បក្ស​ព្រះអាទិត្យ​របស់​លោក កឹម សុខា និងក្រុមរបស់គាត់។ ក្នុងសេណរីយ៉ូនេះ បក្សព្រះអាទិត្យ នឹងប្រែក្លាយជាពណ៌លឿង ហើយ​មិនត្រឹមតែមិនមាន វាសនាដូចបក្សហ្វុនស៊ិនប៉ិច ប៉ុន្តែបែរជាកាន់តែរឹងមាំទៅវិញ ដោយសារ​មាន​កំលាំង​គាំទ្រ​នៅថ្នាក់ក្រោម និងថ្នាក់កណ្តាល កាន់តែច្រើន! ពីបក្សពណ៌ លឿងមួយដែលមានតែ៣កៅអី ក្លាយទៅ​ជា​បក្ស​ពណ៌​លឿងដែលគ្រប់គ្រងបានមួយចំហៀងប្រទេសទៅវិញ! «បើព្រះអាទិត្យដែលអាចបញ្ចេញកាំរស្មី មក​ជា​ព៌ណ​លឿងដូចនេះ នោះគឺជាព្រះអាទិត្យដែលមិនត្រូវការពន្លឺភ្លើងទៀតឡើយ!»
ដោយ៖ បក្សីចាំក្រុង

No comments:

Post a Comment