Monday, November 27, 2017

លោកស្រី ម៉ែន សំអន ថ្លែងថាសុខដុមនីយកម្មសាសនាគឺជាមូលដ្ឋានគ្រឹះនៃសុខសន្តិភាព

លោកស្រីឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច តំណាងដ៏ខ្ពង់ខ្ពស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយតំណាងអាចារ្យ អាចារិនីមកពីបណ្តាខេត្តទូទាំងប្រទេសចំនួន១០០០នាក់ នៅវិទ្យាស្ថានជាតិអប់រំ នាថ្ងៃទី២៧ខែ វិច្ឆិកា ឆ្នាំ២០១៧។ ថ្លែងក្នុងឱកាសនោះដែរ លោកស្រី ម៉ែន សំអន បានបញ្ជាក់ថា ការលើកស្ទួយវប្បធម៌តាមរយៈការបណ្តុះបណ្តាលអាចារ្យ អាចារិនី ដើម្បីពង្រឹងវប្បធម៌ប្រពៃណីខ្មែរឱ្យមានគោលដៅតែមួយទូទាំងប្រទេស។ កន្លងមកលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន តែងតែឱ្យតម្លៃខ្លាំងណាស់ក្នុងពង្រឹងសមត្ថភាពដល់អាចារ្យ អាចារិនី ដើម្បីពង្រឹងទំនៀបទំលាប់ប្រពៃណីខ្មែរឱ្យបានគង់វង្ស និងបណ្តុះបណ្តាលក្រមសីលធម៌អាចារ្យ អាចារិនី។

លោកស្រីឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន បានបន្ថែមទៀតថា រាជរដ្ឋាភិបាលបានធានានូវការ អភិរក្សប្រពៃណី វប្បធម៌ខ្មែរ ដែលបុព្វបុរសបានបន្សស់ទុកឱ្យដែលមានបង្កប់នូវមេត្តា ករុណា បុតិតា ដែលបានធ្វើឱ្យកម្ពុជា មានវប្បធម៌រុងរឿងរហូតមកលើកលែងតែសម័យប៉ុលពត ដែលមានតែការកាប់សម្លាប់យ៉ាងរង្គាលទៅវិញ។ ចំណែកឯតួនាទីអាចារ្យ អាចារិនី ក៏មានសារៈសំខាន់ណាស់ នៅសម័យតេជោសែន ដែលបានចូលរួមថែរក្សាសន្តិភាព ស្ថេរភាព និងមានការរូកចំរើនគ្រប់វិស័យ ក្នុងនោះវិស័យព្រះពុទ្ធសាសនាដែលជាសាសនារបស់ជាតិមានក៏មានការរីកចំរើនយ៉ាងខ្លាំងជាពិសេសប្រជាពលរដ្ឋមានសេរីភាពប្រតិបត្តិជំនឿសាសនាដែលខ្លួនពេញចិត្ត។

លោកស្រី ម៉ែន សំអន ក៏បានបញ្ជាក់ថា កម្ពុជា គឺជាប្រទេសមានវប្បធម៌អរិយធម៌សំបូរបែបក្នុងអាស៊ី ហើយបានបង្កប់នូវអត្ថន័យនិងការអប់រំយ៉ាងជ្រាលជ្រៅដូច្នេះចាំបាច់ត្រូវការអ្នកចេះដឹង គឺអាចារ្យជាអ្នកដឹកនាំពិធីសាសនានីមួយៗ ស្របតាមក្បួនច្បាប់បូរាណហើយស្របគ្នាពីតំបន់មួយទៅតំបន់មួយទៀត។ ជាមួយគ្នានោះលោកស្រីក៏បានស្នើដល់អាចារ្យ អាចារិនីទាំងអស់ត្រូវចូលរួមចំណែកថែរក្សាអត្តសញ្ញាណខ្មែរឱ្យបានគង់វង្ស នូវសាសនា ប្រពៃណី ទំនៀមទំលាប់ និងការអភិវឌ្ឍន៍គ្រប់វិស័យតាមរយៈការបណ្តុះបណ្តាលសមត្ថភាពអាចារ្យ អាចារិនី ទៅទូទាំងប្រទេសដែលអនុវត្តការងារដោយក្រសួងធម្មការនិងសាសនារួមចំណែកអប់រំសីលធម៌ដល់យុវជន កុមារ និងប្រជាជនទាំងអស់មានសីលធម៌ សុជីវធម៌ល្អ ប្រឆាំងការរើសអើងផ្នែកសាសនា។

ក្នុងឱកាសនោះ លោកស្រី ម៉ែន សំអន ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងក្នុងប្រទេស និងក្រៅប្រទេស ក៏ដូចជាអាចារ្យ អាចារិនីទាំងអស់អញ្ជើញចូលរួមបុណ្យចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជាដែលនឹងប្រព្រឹត្តទៅនៅមុខប្រាសាទអង្គរវត្ត ខេត្តសៀមរាប ថ្ងៃទី៣-៤ ខែធ្នូ ឆ្នាំ២០១៧ នាពេលខាងមុខនេះឱ្យបានច្រើនកុះករដើម្បីអានុមោទនាកុសលរៀងៗខ្លួនកុំបីខាន៕
















No comments:

Post a Comment