Monday, November 27, 2017

អភិបាលខេត្តកំពង់ឆ្នាំង ជំរុញអាជ្ញាធរគ្រប់លំដាប់ថ្នាក់​ត្រូវបន្តចុះជួយ​ដោះស្រាយ​បញ្ហាជូនប្រជាពលរដ្ឋ​ជួបការ​លំបាកឲ្យ​បានទាន់​ពេលវេលា​

កំពង់ឆ្នាំង៖ លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានជំរុញឲ្យអាជ្ញាធរគ្រប់លំដាប់ត្រូវចុះជួបបងប្អូនប្រជាពលរដ្ឋ និងដោះស្រាយសំណូមពរដែលជាតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា និងធានាបានសន្តិសុខសណ្តាប់ធ្នាប់ឲ្យបានល្អជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានទទួលខុសត្រូវរបស់ខ្លួន។

អភិបាលខេត្តកំពង់ឆ្នាំង បានជំរុញបែបនេះនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅសាលប្រជុំខេត្កកំពង់ឆ្នាំង ក្នុងកិច្ចប្រជុំផ្សព្វផ្សាយប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនដោយមានការចូលរួមពីលោក លោកស្រីក្រុមប្រឹក្សាខេត្តអភិបាលរងខេត្ត លោក លោកស្រីប្រធានអនុប្រធានការិយាល័យអង្គភាពជុំវិញខេត្ត អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់សរុបចំនួន៦០៣នាក់។

លោក ឈួរ ច័ន្ទឌឿន ក៏បានផ្តាំផ្ញើដល់អង្គភាព និងអាជ្ញាធរដែនដីទាំងអស់ត្រូវធ្វើការពង្រឹងស្មារតី ក្នុងការបំពេញការងារបម្រើប្រជាពលរដ្ឋនៅតាមឃុំ សង្កាត់ ឲ្យកាន់តែបានល្អប្រសើរជាងមុន និងត្រូវខិតខំបំពេញការងារស្នូលរបស់ខ្លួនក្នុងការបម្រើដល់ផលប្រយោជន៍របស់ប្រជាពលរដ្ឋ ដើមី្បធានានិរន្តរភាពការងាររដ្ឋបាល ការផ្តល់សេវានិងការអភិវឌ្ឍដើមី្បបម្រើនូវផលប្រយោជន៍របស់ប្រជាពលរដ្ឋនៅក្នុងអង្គភាព និងក្នុងមូលដ្ឋានរបស់ខ្លួន៕



No comments:

Post a Comment