Monday, November 27, 2017

ចិនគាំទ្រកម្ពុជា ចំពោះកិច្ចការអភិវឌ្ឍន៍ និងតម្លៃនៃសន្តិភាព សេរីភាព

នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧ នាទីស្តីការក្រសួង លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអនុញ្ញាតឲ្យលោក ប៉េង យ៉ុង អគ្គនាយកមជ្ឈមណ្ឌលធនធានមនុស្ស ពលករចិនដើម្បីកិច្ចសហប្រតិបត្តិការអន្តរជាតិ ដឹកនាំគណៈប្រតិភូចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ លើការបណ្តុះបណ្តាល និងការកសាងសមត្ថភាពសហជីព។

នាឱកាសនោះ លោក អ៊ិត សំហេង បានអរគុណចំពោះភាគីចិន ដែលបកន្លងមកបានគាំទ្រកម្ពុជា ចំពោះកិច្ចការអភិវឌ្ឍន៍ ពិសេសផ្តល់ការគាំទ្រចំពោះតម្លៃនៃសន្តិភាព សេរីភាព ហើយវត្តមានរបស់ លោក ប៉េង យ៉ុង នៅកម្ពុជានាពេលនេះ គឺជាកិច្ចសហប្រតិបត្តិការមួយថ្មីទៀត ក្នុងការជួយរួមចំណែកដល់វិស័យអភិវឌ្ឍន៍ ចំពោះវិស័យការងារនៅម្ពុជា ឲ្យកាន់តែប្រសើរឡើងពិសេស ទាក់ទង និងការបណ្តុះបណ្តាលធនធានមនុស្ស និងកសាងសមត្ថភាពដល់សហជីពកម្ពុជា។ លោក អ៊ិត សំហេង មានប្រសាសន៍បន្ថែមថា កន្លងមករាជរដ្ឋាភិបាលកម្ពុជា តែងតែគាំទ្រចំពោះគោលនយោបាយ របស់រដ្ឋាភិបាលចិនទោះក្នុងលក្ខខណ្ឌណាក៏ដោយ។

លោក ប៉េង យ៉ុង មានប្រសាន៍ថា កិច្ចសហប្រតិបត្តិការកម្ពុជា-ចិន នេះ បានដក់ជាប់បេះដូងប្រជាជនចិនគ្រប់ៗគ្នា។ លោកបន្តថា លោកដឹកនាំគណៈប្រតិភូមកទស្សនកិច្ចនៅកម្ពុជា តបតាមការអញ្ជើញរបស់សម្ព័ន្ធសហជីពជាតិកម្ពុជា ហើយក៏និងមានកិច្ចសហប្រតិបត្តិការលើ ការពង្រឹងធនធានមនុស្ស និងសមត្ថភាពដល់សហជីពកម្ពុជា ហើយគម្រោងនេះ នឹងចាប់ផ្តើមនៅឆ្នាំក្រោយ ដែលវានិងជាផ្នែកមួយ ក្នុងការគាំទ្រចំពោះវិស័យការងារនៅកម្ពុជា។

លោក ប៉េង យ៉ុង បន្ថែមថា មិនត្រឹមតែប៉ុណ្ណោះ កិច្ចសហប្រតិបត្តិការនេះ និងជាផ្លូវមួយជម្រុញដល់អ្នកវិនិយោគចិនឲ្យមកកម្ពុជាកាន់តែច្រើនឡើងបន្ថែមទៀតផងដែរ។ បច្ចុប្បន្នមានអ្នកវិនិយោគចិន និងនិយោជិត ជាច្រើនបានមកវិនិយោគ និងធ្វើការនៅកម្ពុជា ដូច្នេះកិច្ចសហប្រតិបត្តិការនេះ និងជម្រុញផងដែរឲ្យអ្នកវិនិយោគ និងនិយោជិតទាំងនោះគោរពទៅតាមលក្ខខណ្ឌ និងច្បាប់ការងាររបស់កម្ពុជា។ ជាមួយគ្នានោះដែរ លោកក៏សូមឲ្យមានការគាំទ្របន្ថែមទៀតពីលោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បន្តការគាំទ្រចំពោះផែនការបណ្តុះបណ្តាលសមត្ថភាព ធនធានមនុស្ស ដល់សហជីពរបស់ប្រទេសកម្ពុជា។

លោក អ៊ិត សំហេង បានលើកឡើងថាលោកពិតជាសាទរចំពោះ ភាគីចិនដែលមានបំណងចង់បណ្តុះបណ្តាល សមត្ថភាពដល់សហជីពកម្ពុជា ហើយលោកគាំទ្រចំពោះ ផែនការនេះ ព្រោះវាមិនត្រឹមតែបានពង្រឹងបន្ថែមនូវកិច្ចទំនាក់ទំនងរវាងប្រទេសទាំងពីរ ឲ្យកាន់តែល្អជាងនោះប៉ុណ្ណោះទេ តែវាបានជួយពង្រឹងដល់វិស័យការងារនៅកម្ពុជា ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចឲ្យកាន់តែរីកចម្រើនជាងនេះបន្ថែមទៀត៕






No comments:

Post a Comment