មន្ត្រីអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បានលើកឡើងថា មីក្រូហិរញ្ញវត្ថុ ជាអង្គភាពហិរញ្ញវត្ថុឯកជន មានតួនាទីបំរើសេវាឥណទានឲ្យប្រជាជនខ្ចីប្រាក់តាមសេចក្តីត្រូវការសំរាប់យកទៅប្រើប្រាស់ប្រកបអាជីវកម្មផ្សេងៗ និងការងារបង្កបង្កើនផលផ្សេងៗសំរាប់ទ្រទ្រង់ជីវភាពរស់នៅ។
ទោះយ៉ាងនេះក្តីលោក សុខ ឥសាន បញ្ជាក់ថា ប៉ុន្តែកន្លងទៅ មានប្រជាជនតាមជនបទមួយចំនួនមានការភាន់ច្រទ្បំថា មីក្រូហិរញ្ញវត្ថុ ជាស្ថាប័ន និងជាអង្គភាពរបស់រដ្ឋ ដែលជាហេតុធ្វើឲ្យការទទួលខុសត្រូវសងបំណុលមានការធ្លាក់ចុះ ដោយសំអាងថា ជារបស់រដ្ឋ រដ្ឋមិនដែលធ្វើបាបរាស្ត្រទេ។ ជាពិសេស ក្នុងពេលដែលបក្សប្រឆាំងឃោសនាថា បើគេឈ្នះឆ្នោត គេនឹងលប់ចោលបំណុលរបស់ប្រជាជនដែលជំពាក់ធនាគារទាំងអស់ ដែលកាន់តែធ្វើឲ្យប្រជាជនភាន់ច្រទ្បំ និងមានបំណុលវណ្ឌកថែមទៀត ត្រូវគេរឹបអូសទ្រព្យសម្បត្តិ ផ្ទះសម្បែង ដីស្រែអស់ គ្មានអ្នកណាជួយសង។
អ្នកនាំពាក្យរូបនេះសង្កត់ធ្ងន់ថា ហេតុនេះហើយបានជាប្រមុខរាជរដ្ឋាភិបាល បានបញ្ជាឲ្យស្ថាប័នមីក្រូហិរញ្ញវត្ថុទាំងអស់ ដែលមានសញ្ញាសំគាល់ប្រហាក់ប្រហែល នឹងសញ្ញាសំគាល់របស់ធនាគារជាតិ ក្រសួងហិរញ្ញវត្ថុ ត្រូវកែ កុំឲ្យដូច ឬប្រហាក់ប្រហែល នឹងស្ថាប័នហិរញ្ញវត្ថុរបស់រដ្ឋ ព្រមទាំងសំណូមពរ ឲ្យប្រព័ន្ធផ្សព្វផ្សាយ ជួយផ្សាយជូនប្រជាជនទូទៅបានជ្រាបតទៅ។ នេះជាបំណងដ៏ល្អរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលជាអ្នកឈឺឆ្អាលចំពោះសុខទុក្ខរបស់ប្រជាជន៕
No comments:
Post a Comment