Thursday, February 23, 2017

លោក សាយ ឈុំ ថ្លែងអំណរគុណដល់បក្សបដិវត្តន៍ឡាវរដ្ឋាភិបាល និងប្រជាជនឡាវ ដែលបានផ្តល់ការឧបត្ថម្ភគាំទ្រយ៉ាងធំធេងចំពោះបុព្វហេតុដ៏យុត្តិធម៌របស់ប្រជាជនកម្ពុជានៅគ្រប់ដំណាក់កាល

រសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧ វេលាម៉ោង ១៤:៤០នាទី ប្រធានព្រឹទ្ធសភាព លោក សាយ ឈុំ  បានប្រទានសវនការ ជូនលោក ប៊ុនញាំង វរជិត ប្រធានរដ្ឋ នៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ និងគណៈប្រតិភូ អញ្ជើញចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា។

ជាកិច្ចចាប់ផ្តើម លោក សាយ ឈុំ បានថ្លែងស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ របស់គណៈប្រតិភូជាន់ខ្ពស់ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅព្រះរាជាណាចក្រកម្ពុជា។

បន្ទាប់ពីបានស្តាប់ប្រសាសន៍ របស់លោកប្រធានរដ្ឋ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដែលថ្លែងសរសើរអំពីទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ ដ៏រឹងមាំរវាងប្រជាជន និងប្រទេសយើងទាំង២ និងការថ្លែងសរសើរចំពោះការរីកចម្រើនរបស់កម្ពុជាបច្ចុប្បន្ន។ លោក សាយ ឈុំ បានថ្លែងអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលជាផ្លែផ្កា នៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យដែលរដ្ឋាភិបាលនៃប្រទេសទាំង២សម្រេចកន្លងមក។ លោកក៏បានអបអរសាទរ និងវាយតម្លៃប្រកបដោយមោទនភាពខ្ពស់ ផងដែរ ចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការទ្វេភាគី ពហុភាគី ប្រកបដោយផ្លែផ្ការវាងព្រឹទ្ធសភាកម្ពុជា និងរដ្ឋសភាឡាវ។

ក្នុងនាមព្រឹទ្ធសភា ប្រជាជនកម្ពុជា និងរូបលោកផ្ទាល់ លោកសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះបក្សប្រជាជនបដិវត្តន៍ឡាវ រដ្ឋាភិបាល និងប្រជាជនឡាវជាបងប្អូន ដែលបានផ្តល់នូវការឧបត្ថម្ភគាំទ្រយ៉ាងធំធេងចំពោះបុព្វហេតុដ៏យុត្តិធម៌របស់ប្រជាជនកម្ពុជានៅគ្រប់ដំណាក់កាល។ កម្ពុជាប្រកាន់ខ្ជាប់នូវជំហរឥតងាករេក្នុងការបន្តពង្រឹងពង្រីកទំនាក់ទំនងសាមគ្គីភាព មិត្តភាពជាប្រពៃណី សហប្រតិបត្តិការជិតស្និទ្ធរវាងប្រជាជន និងប្រទេសយើងទាំងពីរកម្ពុជាឡាវទាំងក្នុងពេលបច្ចុប្បន្ន និងទៅអនាគត។




No comments:

Post a Comment