Tuesday, October 20, 2015

កម្ពុជាទទួលស្គាល់ពីអត្ថប្រយោជន៍នៃគម្រោង RIA របស់ADBថាបានដើរតួនាទីសំខាន់នៅក្នុងការជួយពង្រឹងការអនុវត្តច្បាប់នៅកម្ពុជា

រាជរដ្ឋាភិបាល​កម្ពុជាគាំទ្រគម្រោងស្តី​ពីការវិភាគផលប៉ះពាល់ នៃលិខិតបទដ្ឋាន​គតិយុត្ត ដោយទទួលស្គាល់​ថាគម្រោងនេះបានជួយគាំទ្រ​ធ្វើឲ្យការអនុវត្តន៍ច្បាប់ របស់កម្ពុជាកាន់តែមានភាព​ប្រសើរឡើង មានតម្លាភាព និងបានរួម​ចំណែកដល់ការកាត់បន្ថយ​អំពើពុករលួយ។

ជំនួបរវាង​ឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី ជាមួយលោក Kelly Bird នាយកផ្នែកគ្រប់​គ្រងសាធារណផ្នែកហិរញ្ញវត្ថុ និងពាណិជ្ជកម្ម​របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)ប្រចាំតំបន់អាស៊ីអាគ្នេយ៍ ដែលធ្វើ​ឡើងនៅវិមានមិត្តភាព​ទីស្តីការគណរដ្ឋមន្ត្រី កាលពីល្ងាចថ្ងៃទី១៩ តុលា ភាគីទាំងពីរបាន​ពិភាក្សាគ្នាលើការងារសំខាន់​ទាក់ទងនឹងគម្រោង RIA គឺគម្រោងសម្រាប់​ធ្វើការវិភាគលើផល​ប៉ះពាល់នៃលិខិតបទ​ដ្ឋានគតិយុត្ត។

គម្រោងវិភាគ​ផលប៉ះពាល់លើផ្នែក​លិខិតបទដ្ឋាន​គតិយុត្តនេះ គឺជាគម្រោង​របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ជួយដល់ក្រុម​ប្រឹក្សាសេដ្ឋកិច្ច សង្គម និងវប្បធម៌នៃ​រាជរដ្ឋាភិបាល​កម្ពុជា ដែលផ្តោត​ពិសេសលើការធ្វើការងារ​មកលើផ្នែកច្បាប់ ដើម្បីធ្វើឲ្យ​ប្រាកដថាលិខិតបទ​ដ្ឋានគតិយុត្ត ដែលបានដាក់​ចេញទៅនោះ គឺទទួលបាននូ​វផលប្រយោជន៍ក្នុងការ​បម្រើឲ្យរាជរដ្ឋាភិបាល ដើម្បីកុំឲ្យ​មានកុំហុសឆ្គងណា​មួយកើតឡើង។

គួរបញ្ជាក់​ដែរថា ក្នុងពេល​កន្លងមក ក្រុមអ្នកជំនាញ​របស់ធនាគារអភិវឌ្ឍន៏​អាស៊ី បានធ្វើការជាមួយ ក្រុមប្រឹក្សា​សេដ្ឋកិច្ច សង្គមនិងវប្ប​ធម៌កម្ពុជា ដោយបាន​វាយតម្លៃមក​លើការអនុវត្តន៍លិខិតបទ​ដ្ឋានគតិយុត្ត នៅកម្ពុជា​កន្លងមកនោះគឺ​បានប្រព្រឹត្តទៅ​យ៉ាងល្អ។ កម្មវិធីវាយតម្លៃលើផល​ប៉ះពាល់ នៃលិខិតបទ​ដ្ឋានគតិយុត្ត​របស់ADB នេះបានចាប់ផ្តើម​អនុវត្តន៏ចាប់​តាំងពីឆ្នាំ២០១០ ដោយបានអនុវត្តន៏​លើក្រសួងស្ថាប័ន​រដ្ឋចំនួន៧។ នៅក្នុងជំហាន​ដំបូងនោះ គម្រោងកម្មវិធី RIA នេះ មានទឹកប្រាក់​ប្រមាណជាង១០ម៉ឺន​ដុល្លារសហរដ្ឋ​អាមេរិក ហើយសម្រាប់ដំណាក់​កាលទី២ មានទឹកប្រាក់​ប្រមាណជាង២លាន​ដុល្លារសម្រាប់​ជួយកម្មវិធី​គម្រោងនេះ។

ឯកឧត្តម​បណ្ឌិតសភាចារ្យ សុខ អាន មានប្រសាសន៏ថា មកដល់ពេលនេះយើង​ពង្រីកបាន១៩ ក្រសួងស្ថាប័ន​ហើយសម្រាប់ការអនុវត្ត​គម្រោងនេះ ហើយរាជរដ្ឋាភិបាល​នឹងប្តេជ្ញាចិត្តខិតខំធ្វើយ៉ាងណា ឲ្យការអនុវត្តន៏លិខិត​បទដ្ឋានគតិយុត្តទាំង​ឡាយបំរើឲ្យផល​ប្រយោជន៏ដល់រាជរដ្ឋាភិបាលកម្ពុជា ពិសេសគឺធ្វើ​ឲ្យច្បាប់ទាំងឡាយ​បានកាន់តែប្រសើរឡើង កាន់តែមាន​សុក្រឹត្យភាព កាត់បន្ថយ​អំពើរពុករលួយ និងធ្វើឲ្យ​មានតម្លាភាព។

ឯកឧត្តម​បណ្ឌិតសភាចារ្យ សុខ អាន បានបង្ហាញ​ពីការរីករាយជាមួយការ​អនុវត្តន៍គម្រោងវាយតម្លៃលើផល​ប៉ះពាល់លិខិតបទដ្ឋានកតិ​យុត្តរបស់ក្រុមប្រឹក្សា សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ដែលសម្រេច​បាននូវលទ្ធផល ដ៏ជោគជ័យ​យ៉ាងត្រចះ​ត្រចង់ជាមួយនិងការ ពេញចិត្តពីធនាគារ​អភិវឌ្ឍន៍​អាស៊ីផងដែរ ។

លោក Kelly Bird លើកឡើងថាធនា​គារអភិវឌ្ឍន៍អាស៊ី​នៅតែគាំទ្រ​យ៉ាងពេញលេញ​ទៅលើគម្រោងស្តី​ពីការវិភាគ​លើផលប៉ះពាល់ នៃលិខិត​វទដ្ឋានគតិយុត្ត​នេះហើយលោក​សន្យាថានិងខិតខំក្នុង​ការជួយដល់​រាជរដ្ឋាភិបាល​កម្ពុជាបន្តទៀត៕



No comments:

Post a Comment