Tuesday, October 20, 2015

លោក​​នាយក​រដ្ឋមន្ត្រី ​ហ៊ុន ​សែន​ ថ្វាយ​សា​រលិខិត​ថ្លែងអំណ​រ​ព្រះគុណ​ស​ម្តេចម៉ែ​

លោកនា​យករដ្ឋមន្ត្រី ហ៊ុន សែ​ន នៅរសៀលថ្ងៃ​ទី២០ ខែតុលា ឆ្នាំ២​០១៥នេះ បាន​ក្រាបបង្គំទួលថ្វាយ​លិខិតមួយច្បា​ប់ចំពោះសម្តេច​ព្រះមហា​ក្សត្រីយ៍ នរោត្តម មុនិ​នាថ សីហនុ​ ព្រះវររាជមា​តាជាតិខ្មែរ ក្នុង​សេរីភាព សេ​ចក្តីថ្លៃថ្នូរ និ​ងសុភមង្គល បន្ទាប់ពី​អង្គសម្តេចម៉ែ​ទ្រង់សព្វព្រះរាជ​ហរទ័យប្រោ​សព្រះរាជទាន​នូវការអបអរសា​ទរ និងប្រទានព្រះ​សព្ទសាធុការ​ពរបវរសួស្តីមង្គលវិបុលសុខ មហា​ប្រសើរចំពោះ​លោក ហ៊ុន សែន​ ក្នុងឱកាសដែ​លលោក ហ៊ុ​ន សែន បានទទួលសញ្ញា​បត្រកិត្តិយស ផ្នែកអក្សរ​សាស្ត្រ ពីសាកលវិទ្យា​ល័យក្វាងស៊ី នៃសា​ធារណរដ្ឋប្រជា​មានិតចិន នាថ្ងៃទី១៥ ខែតុ​លា ឆ្នាំ២០១៥ថ្មីៗនេះ។​
លោក ហ៊ុ​ន សែន បានទូលថ្វា​យសម្តេច​ម៉ែនៅក្នុងសារលិខិតថា « តបចំពោះ​ព្រះរាជហរទ័យទុកដាក់ដ៏ខ្ពង់ខ្ពស់​បំផុត និងព្រះថោ​មវាទកថា ( ពាក្យ​សរសើរ) ដ៏មានអត្ថរ​សក្បោះក្បាយ ព្រមទាំងពាក្យ​ពេចន៍ព្រះពរជ័យប្រ​កបដោយអត្ថ​ន័យជ្រាលជ្រៅ​ឧត្តុង្គឧត្តម ខណៈនេះទូលព្រះបង្គំជាខ្ញុំនិង​ភរិយា សូមលំ​ឱនកាយ​វាចាថ្លែងនូវកា​រគោរពកោ​តស្ញប់ស្ញែងដោ​យសុទ្ធចិត្តបំផុត ថ្វា​យអង្គសម្តេចម៉ែ​ ជាអម្ចាស់ » ព្រមទាំងចាត់​ទុកថា កិត្តិយស​ដែលលោក បានទទួលក្នុងឱ​កាសនេះ ក៏ដូ​ចមុនៗ គឺជាកិត្តិយ​ស កិត្យានុភាព នៃព្រះ​រាជាណា​ចក្រកម្ពុជា ព្រមទាំងប្រជានុ​រាស្ត្រ ជាកូន ជាចៅ ចៅទួត ចៅលួតរបស់​អង្គសម្តេចម៉ែទូទាំង​ប្រទេសផងដែរ៕

No comments:

Post a Comment