Thursday, March 07, 2019

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន រំលឹករឿងធ្វើជារដ្ឋមន្រ្តីការបរទេសក្មេងជាងគេលើពិភពលោក ក្នុងវ័យ២៧ឆ្នាំ

ខណៈដែលអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០១៨ និងការដាក់ចេញនូវការងារឆ្នាំថ្មីឆ្នាំ២០១៩ របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៩នេះ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានឆ្លៀតរំលឹករឿងលោកធ្វើជារដ្ឋមន្រ្តីការបរទេសក្មេងជាងគេ នៅលើពិភពលោក ដែលកាលនោះ ក្នុងវ័យទើបតែ២៧ឆ្នាំ។
លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានលើកឡើងនៅលើ Facebook ផ្លូវការរបស់លោកយ៉ាងដូច្នេះថា៖ «នៅថ្ងៃទី៨ មករា ១៩៧៩ ក្រោយពីរំដោះប្រទេសកម្ពុជាចេញផុតពី របបប្រល័យពូជសាសន៍ប៉ុលពត រដ្ឋាភិបាលថ្មីដែលមានឈ្មោះថា “ក្រុមប្រឹក្សាប្រជាជនបដិវត្តន៍កម្ពុជា” ត្រូវបានបង្កើតឡើង ដែលពេលនោះ ខ្ញុំត្រូវបានតែងតាំងជា “រដ្ឋមន្រ្តីការបរទេស” ក្នុងវ័យមិនទាន់គ្រប់អាយុ២៧ឆ្នាំផង គឺជារដ្ឋមន្រ្តីវ័យក្មេងជាងគេនៅលើពិភពលោក»។
ឯកសារប្រវត្តិលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានបង្ហាញថា លោកនាយករដ្ឋមន្រ្ដី ជោ ហ៊ុន សែន បានចាកចេញពីគ្រួសារជាទីស្រឡាញ់ នៅឆ្នាំ១៩៧៧ ដើម្បីដឹកនាំចលនាតស៊ូមួយ ដែលមានគោលបំណងរំដោះប្រទេសកម្ពុជា និងប្រជាជនចេញពីរបបប្រល័យពូជសាសន៍។ នៅឆ្នាំ១៩៧៨ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានក្លាយជា សមាជិកស្ថាបនិកនៃរណៈសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា។ ដោយមានការសហការជាមួយចលនាស្នេហាជាតិនានា និងការគាំទ្រពីកងកម្លាំងស្ម័គ្រចិត្តវៀតណាម រណៈសិរ្សបានសង្គ្រោះប្រទេស និងប្រជាជនកម្ពុជាទាំងស្រុងនៅថ្ងៃ ០៧ មករា ១៩៧៩។

ចាប់ពីឆ្នាំ១៩៧៩ ដល់មុនឆ្នាំ ១៩៩៣ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានទទួលដឹកនាំមុខតំណែងជាច្រើន ក្នុងរដ្ឋបាលកម្ពុជា ទាំងក្នុងរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា និងក្រោយមករដ្ឋកម្ពុជា។ ជារដ្ឋមន្ត្រីការបរទេសនៅឆ្នាំ១៩៧៩ ជាអនុប្រធានក្រុមប្រឹក្សារដ្ឋមន្រ្តី និងរដ្ឋមន្ត្រីការបរទេសពីឆ្នាំ១៩៨១ ដល់ ១៩៨៥ និងជានាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការបរទេសពីឆ្នាំ ១៩៨៥ ដល់ ១៩៩១ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានធ្វើឱ្យមានមនុញ្ញផលគួរអោយកត់សំគាល់ជាច្រើន ដែលរៀបរៀងបានជាមូលដ្ឋានសម្រាប់ធ្វើឱ្យមានសន្តិភាព ការបង្រួបបង្រួមជាតិ និងការអភិវឌ្ឍន៍នៅកម្ពុជា ៕

No comments:

Post a Comment