Wednesday, December 11, 2019

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ផ្តល់អនុសាសន៍៤ចំណុចដើម្បីឱ្យសហព័ន្ធនេះសម្រេចបាននូវសមិទ្ធផលថ្មីៗបន្ថែមទៀត

ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកមហាសន្និបាតសហព័ន្ធអតីតយុទ្ធជនអាស៊ានលើកទី១៩ដែលមហាសន្និបាតនេះ បានធ្វើឡើងនៅវិមានសន្តិភាព រាជធានីភ្នំពេញនៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ផ្តល់អនុសាសន៍៤ចំណុចដើម្បីឱ្យសហព័ន្ធនេះសម្រេចបាននូវសមិទ្ធផលថ្មីៗបន្ថែមទៀតក្នុងក្របខណ្ឌសកម្មភាពអាស៊ាន។
អនុសាសន៍៤ចំណុចនោះមានដូចខាងក្រោម៖
ទី១- សហព័ន្ធអតីតយុទ្ធជនអាស៊ានត្រូវរួមគ្នាបន្តជំរុញការលើកកម្ពស់ប្រណិតភាពជីវិតនិងការពារផលប៉ះពាល់នៃអាយុកាលដែលបញ្ហាលមកពីសង្គ្រាមទៅលើសុខភាពអតីតយុទ្ធជន តាមរយៈការការពារសិទ្ធិស្របច្បាប់ ដើម្បីអត្ថប្រយោជន៍រួមរបស់អតីតយុទ្ធជនដោយសារសង្គ្រាម និងក្រុមគ្រួសាររបស់ពួកគេជាមួយនឹងការទទួលស្គាល់ផ្លូវច្បាប់នៃសមាគមអតីតយុទ្ធជន នៃបញ្ហាប្រទេសជាសមាជិកសហ ព័ន្ធ ។
ទី២- សហព័ន្ធអតីតយុទ្ធជនអាស៊ាន ត្រូវរួមគ្នារៀបចំគោលនយោបាយ ផែនការសកម្មភាព និងយន្តការអនុវត្តនានា ដើម្បីពង្រីកវិស័យអតីតយុទ្ធជនឱ្យបានកាន់តែទូលំទូលាយ ជាពិសេសការបន្តលើកកម្ពស់តួនាទីរបស់អតីតយុទ្ធជនឱ្យស័ក្តិសមទៅនឹងគុណបំណាច់របស់ពួកគេ តាមរយៈការលើកទឹកចិត្តខាងផ្នែកស្មារតីការផ្តល់កិត្តិយស ការផ្គត់ផ្គង់ដល់ជីវភាពរស់នៅឱ្យបានសមរម្យស្របតាមស្ថានភាពនៃការរីកចម្រើនផ្នែកសេដ្ឋកិច្ច និងសង្គម។
ទី៣- ត្រូវបន្តលើកកម្ពស់សមត្ថភាពចំណេះ ដឹងឱ្យបានទូលំទូលាយដល់អតីតយុទ្ធជន និងជនរងគ្រោះដោយសារសង្គ្រាមនៅក្នុងតំបន់ តាមរយៈការរៀបចំជាកម្មវិធីអភិវឌ្ឍ សិក្ខាសាលា។
ទី៤- ថ្នាក់ដឹកនាំនៃបញ្ហាប្រទេសសមាជិកអាស៊ានទាំងអស់សូមបន្តចូលរួមឱ្យកាន់តែសកម្មឡើង ដើម្បីពង្រីកវិសាលភាពនៃការលើកទឹកចិត្តដល់អតីតយុទ្ធជនអាស៊ាន ការការពារសិទ្ធិរស់រានមានជីវិត សុវត្ថិភាពបុគ្គល ជាមួយនឹងការពង្រឹងចំណងមិត្តភាពនិងសាមគ្គីភាពឱ្យកាន់តែជិតស្និទ្ធ ដើម្បីបង្កើតនូវកិច្ចសហការគ្នាល្អ និងការផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក ដែលជាប្រយោជន៍រួមរបស់សហព័ន្ធអតីតយុទ្ធជនអាស៊ាន៕




No comments:

Post a Comment