Tuesday, September 01, 2020

អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលក្រុងសៀមរាប ចុះរុះរើសំណង់ខុសច្បាប់នៅទីបុរាណដ្ឋានត្រពាំងហែផ្កាជាលើកទី២

 សៀមរាប÷ អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលក្រុងសៀមរាប ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តសៀមរាប បានចុះអនុវត្តន៍ការរុះរើសំណង់របស់លោក ឃន់ សុខន ដូចជារបង បន្ទប់ទឹក រោង ដែលធ្វើខុសច្បាប់ប៉ុនប៉ងយកទីបុរាណដ្ឋានត្រពាំងហែផ្កាធ្វើជាកម្មសិទ្ធិឯកជនជាថ្មីម្ដងទៀត នៅភូមិបុស្សក្រឡាញ់ សង្កាត់ជ្រាវ នាព្រឹកថ្ងៃអង្គារ ទី០១ ខែកញ្ញា ឆ្នាំ២០២០។

អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា លោក ឡុង កុសល មានប្រសាសន៍ថា ការចុះរុះរើសំណង់ខុសច្បាប់នៅថ្ងៃនេះ គឺដើម្បីការពារការប៉ុនប៉ងយកដីបុរាណដ្ឋានត្រពាំងហែផ្កាដោយខុសច្បាប់មកធ្វើជាកម្មសិទ្ធិឯកជនរបស់ខ្លួនជាថ្មីម្តងទៀត បន្ទាប់ពីក្រុមការងារចម្រុះបានរុះរើរាបដល់ដីនិងការយល់ព្រមបញ្ឈប់ការសាងសង់ទាំងអស់ពីម្ចាស់សំណង់កាលពីខែវិច្ឆិកា ឆ្នាំ២០១៩ រួចមកហើយ។

អាជ្ញាធរជាតិអប្សរា បង្ហាញជំហរថា បើទោះបីជាយ៉ាងណា អាជ្ញាធរត្រូវតែប្រឆាំងចំពោះអំពើរំលោភបំពានប៉ុនប៉ងយកទីបុរាណដ្ឋានដែលជាទ្រព្យសម្បតិ្តសាធារណៈរបស់រដ្ឋ ដែលត្រូវការពារជាដាច់ខាត ហើយអ្វីដែលឈ្មោះ ឃន់ សុខន បានធ្វើម្តងជាពីរដងនេះ គឺបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅដល់មរត៌កនៃបេតិកភណ្ឌ។

លោក សំរិទ្ធិ សុខុន ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តសៀមរាប លើកឡើងថា អំពើរំលោភបំពានបុរាណដ្ឋានធ្វើជាកម្មសិទ្ធិរបស់ខ្លួន គឺបុគ្គលនោះត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ទៅតាមស្ថានភាពនៃការបំផ្លាញដែលប៉ះពាល់ដល់សម្បត្តិវប្បធម៌ទាំងនោះ។

ជាមួយនឹងការរុះរើនូវរាល់សំណង់ខុសច្បាប់ទាំងនោះ តំណាងរដ្ឋបាលក្រុងសៀមរាប លោក ហៃ យ៉ុង ក៏បានបង្ហាញពីគម្រោងអភិវឌ្ឍន៍ត្រពាំងហែផ្កា និងការលើកតម្លៃទីបុរាណដ្ឋាននេះឡើងវិញ តាមរយៈការស្តារត្រពាំងហែផ្កានេះឱ្យស្អាត ដើម្បីធ្វើជាប្រភពទឹកសម្រាប់អ្នកភូមិបានប្រើប្រាស់នៅពេលឆាប់ៗ ដោយអាជ្ញាធរក្រុង បានទទួលបានច្បាប់អនុញ្ញាតជាគោលការណ៍ពីអាជ្ញាធរជាតិអប្សរារួចហើយដែរ។

ត្រពាំងហែផ្កា មានបណ្តោយ៣៥០ម៉ែត្រ ទទឹង១៧០ម៉ែត្រ មានខ្នងទំនប់ពី៤០ទៅ៦០ម៉ែត្រ។ ត្រពាំងនេះ មានតាំងពីសម័យអង្គរ ជាសហគមន៍មនុស្សរស់នៅ ព្រោះមានបំណែកកុលាភាជន៍បុរាណនៅរ៉ាយប៉ាយពេលបុរាណដ្ឋាននេះ ហើយនៅខាងត្បូងត្រពាំង ក៏មានប្រាសាទហែផ្កាមួយដែរដែលធ្វើពីឥដ្ឋ ជាទីគោរពបូជានាមនុស្សសម័យនោះ៕






No comments:

Post a Comment