Friday, April 19, 2019

អាជ្ញាធរជាតិអប្សរាបានប្រកាន់ខ្ជាប់នូវគោលការណ៍ពីរសំខាន់គឺការអភិរក្ស និងការអភិវឌ្ឍ

សៀមរាប៖ ក្នុងការគ្រប់គ្រងរមណីយដ្ឋានអង្គរ ដែលជាបេតិកភណ្ឌពិភពលោក និងជាដួងព្រលឹងជាតិខ្មែរ អាជ្ញាធរជាតិអប្សរាបានប្រកាន់ខ្ជាប់នូវគោលការណ៍ពីរសំខាន់ គឺការអភិរក្សនិងការអភិវឌ្ឍប្រកបដោយចីរភាព ដែលចាំបាច់ត្រូវដើរទន្ទឹមគ្នា និងបម្រើផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។

ផ្តោតលើគោលការណ៍ខាងលើ សមិទ្ធផលជាប្រវត្តិសាស្ត្រជាច្រើនបានរំលេចចេញតាមរយៈការជួសជុល និងអភិរក្សប្រាង្គប្រាសាទ ការអភិវឌ្ឍវិស័យទេសចរណ៍ការលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ និងការបណ្តុះបណ្តាលធនធានមនុស្ស។

ដូចគ្នាដែរ ការកសាងហេដ្ឋារចនាសម្ពន្ធរូបវន្តដូចជា ផ្លូវថ្នល់ ស្ពាន ប្រឡាយទឹកជាដើម ក៏បានបំពេញតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមចំណែកលើកតម្លៃរមណីយដ្ឋានអង្គរ និងសម្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរ និងប្រជាពលរដ្ឋម្ចាស់ស្រុក។

ជាក់ស្តែង នាដើមឆ្នាំ២០១៩នេះ អាជ្ញាធរជាតិអប្សរាបានកែលម្អររួចរាល់ផ្លូវវង់ធំបាន១០គីឡូម៉ែត្រ និងផ្លូវផ្សេងទៀតជាច្រើន ហើយក៏កំពុងបន្តការជួសជុលផ្លូវមិត្តភាពកម្ពុជា-កូរ៉េ ចេញពីផ្លូវជាតិលេខ៦ ទៅភូមិព្រះដាក់ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី និងផ្លូវពីព្រលានយន្តហោះមកអង្គរវត្តជាដើម។  ជាមួយគ្នានេះ អាជ្ញាធរជាតិអប្សរាមានផែនការកែលម្អផ្លូវទាំងអស់ក្នុងរមណីយដ្ឋានអង្គរ ឱ្យរួចរាល់ជាស្ថាពរក្នុងឆ្នាំ២០២០។

លោក យិត ចាន់ដារដ្ឋ អគ្គនាយករងអាជ្ញាធរជាតិអប្សរាបានឱ្យដឹងថា ការកសាងផ្លូវថ្នល់នានាក្នុងតំបន់អង្គរ មានលក្ខណៈពិសេសខុសប្លែកពីកន្លែងដទៃទៀត ដោយត្រូវគោរពតាមបទដ្ឋានបេតិកភណ្ឌអន្តរជាតិ និងយកចិត្តទុកដាក់ថែរក្សាទេសភាពវប្បធម៌និងលក្ខណៈដើមនៃរមណីយដ្ឋាន។

ជាពិសេសគិតគូរដល់ផលប៉ះពាល់ផ្នែកបុរាណវិទ្យា បរិស្ថាន និងធម្មជាតិ។ ការកសាងផ្លូវនីមួយៗតែងតែមានការធ្វើកំណាយបង្ការបុរាណវិទ្យាជាមុន ហើយទំហំផ្លូវក្រាលកៅស៊ូជាទូទៅមិនឱ្យលើសពី៦ម៉ែត្រឡើយ។

ម្យ៉ាងទៀត អាជ្ញាធរជាតិអប្សរាក៏ត្រូវគិតគូរខ្ពស់ ដើម្បីបញ្ជៀសការរំញ័រដល់ប្រាង្គប្រាសាទបណ្តាលមកពីការចរាចរយានយន្ត ការបំពុលបរិស្ថានដោយផ្សែងរថយន្ត សុវត្ថិភាពរបស់អ្នកធ្វើដំណើរដោយបែងចែកផ្លូវកង់/ម៉ូតូ/រថយន្ត និងរក្សាភាពបៃតងក្នុងរមណីយដ្ឋានអង្គរផងដែរ៕












No comments:

Post a Comment