Wednesday, May 23, 2018

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ សមាជិកគណបក្សប្រជាជនកម្ពុជា មានជាង ៥លាននាក់ ក្នុង ៨លាននាក់ នៃអ្នកមានឈ្មោះក្នុងបញ្ជីរបោះឆ្នោតសាកលខាងមុខ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងអំពីទង្វើអាក្រក់ក្នុងការរារាំងដំណើរការបោះឆ្នោតតាមបែបប្រជាធិបតេយ្យសេរីពហុបក្សនៅកម្ពុជា ពីសំណាក់ជនមួយចំនួនតូចបានអំពាវនាវហើយ អំពាវនាវទៀត ឱ្យប្រជាពលរដ្ឋធ្វើពហិការមិនទៅចូលរួមបោះឆ្នោតថា ទង្វើនោះនឹងបរាជ័យ ដោយលោកនាយករដ្ឋមន្ត្រី មានជំនឿយ៉ាងមុតមាំថា ប្រជាពលរដ្ឋទៅចូលរួមបោះឆ្នោតនឹងមានចំនួនច្រើនលើសលុប នៃប្រជាពលរដ្ឋបោះឆ្នោតសរុប «ខ្ញុំមិនជឿថា អ្នកដែលអំពាវនាវឱ្យប្រជាជនធ្វើពហិការមិនចូលរួមបោះឆ្នោត វានឹងក្លាយទៅជាចំនួនភាគច្រើននោះទេ ព្រោះនេះជាការប្រើសិទ្ធិ ហើយបើនិយាយពីចំនួនអ្នកគាំទ្រជាសមាជិក-សមាជិកា គណបក្សប្រជាជន មានជាង ៥លាននាក់រួចទៅហើយ ក្នុងចំណោម ៨លាននាក់ដែលបានចុះឈ្មោះបោះឆ្នោត»។

លោកនាយករដ្ឋមន្ត្រី ថ្លែងដូចនេះក្នុងឱកាសជួបសំណេះសំណាលជាមួយកូនក្មួយ កម្មករ កម្មការិនី និងនិយោជិត សរុប ១៩,៩៤៩នាក់ មកពីរោងចក្រ សហគ្រាសចំនួន១៧ នៅក្នុងខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃពុធ ទី២៣ ខែឧសភា ឆ្នាំ២០១៨។

លោកនាយករដ្ឋមន្រ្តី បានហៅជនដែលអំពាវនាវកុំឱ្យប្រជាជនទៅបោះឆ្នោត ថាជាការបំពានទៅលើសិទ្ធិ ដោយលោកបានមានប្រសាសន៍បន្ថែមថា «នៅអូស្ត្រាលីពេលដែលខ្ញុំទៅ គេមានច្បាប់ដោយឡែកមួយរបស់អូស្ត្រាលី នៅអូស្ត្រាលីកាលណាមិនទៅបោះឆ្នោតគឺគេដាក់ទោស ផាកពិន័យតែម្តង ឯប្រទេសយើងការបោះឆ្នោតគឺជាការប្រើសិទ្ធិសម្រាប់ការទៅបោះ ឬមិនទៅបោះ ប៉ុន្តែខ្ញុំជឿជាក់ទៅលើប្រជាពលរដ្ឋរបស់យើង គឺមិនមើលរំលងទៅលើសិទ្ធិរបស់ខ្លួន ដែលខ្លួនមាននោះទេ»។

លោកនាយករដ្ឋមន្ត្រី បានបន្តថា «ក្មួយត្រូវចាំថា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខ នៅសល់តែជាង ២ខែជាងទៀតតែប៉ុណ្ណោះ ការបោះឆ្នោតមួយនឹងមកដល់ សង្ឃឹមថាក្មួយៗ រួមជាមួយនិងឪពុកម្តាយ និងក្រុមគ្រួសារ ទៅចូលរួមការបោះឆ្នោត ព្រោះនេះជាការប្រើប្រាស់សិទ្ធិ ក្នុងរយៈពេល ៥ឆ្នាំម្តង មិនគប្បីត្រូវបានបោះបង់សិទ្ធិមួយនេះដើម្បីជ្រើសរើស មេដឹកនាំដែលខ្លួនពេញចិត្តនោះទេ»៕




No comments:

Post a Comment