Friday, May 04, 2018

មន្រ្តីជាន់ខ្ពស់អង្គការសហប្រជាជាតិនៅកម្ពុជា ទទួលស្គាល់ថា គ្រាប់មីនពិតជាបានធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ច និងសង្គមកម្ពុជា

លោកស្រី Pauline Tamesis តំណាងរបស់កម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ និងជាអ្នកសម្រប សម្រួលរបស់ អង្គការសហប្រជាជាតិប្រចាំកម្ពុជា បានទទួលស្គាល់ថា បញ្ហាគ្រាប់មីននៅកម្ពុជា ពិតជាបានធ្វើ ឲ្យប៉ះពាល់ដល់សេដ្ឋកិច្ច និងសង្គមកម្ពុជាយ៉ាងខ្លាំង ជាពិសេស ការអភិវឌ្ឍសេដ្ឋកិច្ច និងការកាត់បន្ថយភាព ក្រីក្ររបស់រាជរដ្ឋាភិបាល។

ក្នុងជំនួបជាមួយលោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៨នេះ លោកស្រី Pauline Tamesis បានប្តជ្ញាថា លោកស្រី នឹងខិតខំស្វែងរកជំនួយ ជាពិសេសជំរុញឲ្យរដ្ឋភាគី នៃអនុសញ្ញាអូតាវ៉ា ប្រទេសម្ចាស់ជំនួយ និងដៃគូអភិវឌ្ឍន៍ទាំងអស់ ជួយដល់វិស័យសកម្មភាពមីននៅកម្ពុជា ឲ្យបានកាន់តែខ្លាំងក្លាថែមទៀត។

ជាការឆ្លើយតបវិញ លោកទេសរដ្ឋមន្រ្តី លី ធុជ បានជម្រាបដល់លោកស្រី Pauline Tamesis អំពីការខិតខំ ប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ក្នុងការអនុវត្តអនុសញ្ញា ស្តីពីការហាម ការប្រើប្រាស់ ការរក្សាទុក ការផលិត និងការផ្ទេរគ្រាប់មីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា) ក្នុងនាមជារដ្ឋភាគីផង និងដើម្បីប្រជាពលរដ្ឋកម្ពុជាតែម្តង។

ជាមួយគ្នានេះផងដែរ លោកទេសរដ្ឋមន្រ្តី លី ធុជ បានស្នើឲ្យប្រតិបត្តិករទាំងអស់ ត្រូវយកចិត្តទុកដាក់ ផ្សព្វផ្សាយការយល់ដឹងអំពីគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ឲ្យបានមានប្រសិទ្ធភាព ថែមទៀត នៅក្នុងតំបន់ដែលខ្លួនកំពុងធ្វើប្រតិបត្តិការ ដើម្បីកុំឲ្យមានប្រជាពលរដ្ឋកម្ពុជា រងគ្រោះដោយ សារគ្រាប់មីន ថែមទៀត ជាពិសេស ត្រូវផ្តោតការយកចិត្តទុកដាក់ លើតំបន់គោលដៅដែលមានគ្រោះថ្នាក់ខ្ពស់ និងក្មេងតូចៗដែលរស់នៅតំបន់ទាំងនោះផងដែរ ៕








No comments:

Post a Comment