លោក ជឹម យ៉េត បានចូលបំរើការងារនៅឆ្នាំ១៩៧៩ ដល់បច្ចុប្បន្ន ជាអភិបាលរងស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ នៅពេលលោកមានជំងឺ ក្រុមគ្រួសាររបស់លោក បានខិតខំប្រឹងប្រែងយកទៅព្យាបាលនៅមន្ទីរពេទ្យឯភ្នំពេញ និងក្រៅប្រទេស នៅតែមិនអាចជួយសង្រ្គោះជីវិតលោកបាន។ លុះមកដល់ ម៉ោង២ និង៤០នាទី ទាបភ្លឺថៃ្ងទី២ ខែឧសភា ឆ្នាំ២០១៨ លោកបាទទួលមរណៈភាពក្នុងជន្មាយុ ៥៦ឆ្នាំ ដោយទុក អោយក្រុមគ្រួសារ និងមន្រ្តីរួមការងារមានទុក្ខក្រៀមក្រំ និងសោកស្តាយជាទីបំផុត។
នៅក្នុងឱកាសនោះ លោកអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍ពាំនាំនូវការចូលរួមមរណៈទុក្ខ និងចូលរួមរំលែកទុក្ខ និងសោកស្តាយជាមួយក្រុមគ្រួសារសព ពីសំណាក់លោក ហេង សំរិន ប្រធានរដ្ឋសភា និង ជាប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងជាប្រធានគណបក្សប្រជាជនកម្ពុជា និងលោក គង់ សំអុល ឧបនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពង់ឆ្នាំង លោកបណ្ឌិត អ៊ុក រ៉ាប៊ុន ក្រុមការងារតែងតែគិតគូរពីសុខទុក្ខក្រុមគ្រួសាររបស់មន្រ្តីរាជការ និងគុណបំណាច់ដែលបានលះបង់កំលាំងកាយចិត្តបំរើជាតិមាតុភូមិ ដោយកន្លងមកថ្នាក់ដឹកនាំទាំងអស់មិនដែលបោះបង់ចោលម្តងឡើយ។
លោកអភិបាលខេត្ត បានបន្តទៀតថា ក្នុងនាមមន្រ្តីរាជការទូទាំងខេត្តកំពង់ឆ្នាំង សូមចូលរួមរំលែកទុក្ខជាមួយគ្រួសារសពលោក ជឹម យ៉េត និង សូមសំដែងនូវការសោកស្តាយបំផុតចំពោះការបាត់បង់ជីវិតរបស់លោក និងសូមឧទ្ទិសសុំអោយដួងវិញ្ញាណក្ខន្ធលោក បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
ក្នុងនោះដែរ លោកអភិបាលខេត្ត បាននាំយកថវិកាផ្ទាល់ខ្លួន ថវិកាលោកបណ្ឌិត អ៊ុក រ៉ាប៊ុន និងថវិការបស់មន្រ្តីរាជការអង្គភាពជុំវិញខេត្ត ចូលរួមបុណ្យជាមួយគ្រួសារសពលោក ជឹម យ៉េត សរុបចំនួន ២.៥០០.០០០រៀលផងដែរ។
ភរិយាសព លោកស្រី លន់ គឹមនី ព្រមទាំងក្រុមគ្រួសារ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ថ្នាក់ដឹកនាំ លោកអភិបាលខេត្ត លោក លោកស្រី អភិបាលរងខេត្ត សមាជិកក្រុមប្រឹក្សា លោក លោកស្រីប្រធាន អនុប្រធានអង្គភាពជុំវិញខេត្ត ដែលបានផ្តល់កិត្តិយសអញ្ជើញចូលរួមបុណ្យសពប្តីលោកស្រី។ លោកស្រីព្រមទាំងក្រុមគ្រួសារ បានបួងសួងដល់ទេវតាឆ្នាំថ្មីតាមជួយថែរក្សា លោក លោកស្រីប្រតិភូទាំងអស់សូមមានសុខភាពល្អ និងទទួលបានជ័យជំនៈគ្រប់ភារកិច្ច៕
No comments:
Post a Comment