Friday, May 04, 2018

រដ្ឋបាលខេត្តកំពតរៀបចំកិច្ចប្រជុំបូកសរុប និងផ្សព្វផ្សាយការងារគ្រប់គ្រង​គ្រោះ​មហន្ត​រាយ​ឆ្នាំ​២០១៧ លើក​ទិស​ដៅ​ឆ្នាំ​២០១៨

កំពត៖ រដ្ឋបាលខេត្តកំពត នាព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៨ បានរៀបចំកិច្ចប្រជុំបូកសរុប និងផ្សព្វផ្សាយការងារគ្រោះមហន្តរាយឆ្នាំ២០១៧ និងលើកទិសដៅឆ្នាំ២០១៨ ការផ្សព្វផ្សាយគោល​នយោ​បាយថ្មីៗរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមអធិបតីភាពលោកបណ្ឌិត ញឹម វណ្ណដា ទេសរដ្ឋ​មន្រ្តីទទួលបន្ទុកអនុប្រធានប្រចាំការ និងជាប្រធានគណៈកម្មាធិការប្រតិបត្តិ នៃគណៈកម្មាធិការជាតិ​គ្រប់គ្រងគ្រោះមហន្តរាយ តំណាងដ៏ខ្ពង់ខ្ពស់របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។ ក្នុងចំកិច្ចប្រជុំនេះក៏មានការចូលរួមពីលោក ស៊ុក សារ៉ាដ អភិបាលរងខេត្ត តំណាងលោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត លោក លោកស្រី ក្រុមការងារគណៈកម្មាធិការប្រតិបត្តិគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ជាតិ លោកមេបញ្ជាការរងកងកម្លាំងទាំង៣ លោក លោកស្រីប្រធានមន្ទីរ អង្គភាព ក្រុង ស្រុក មេឃុំ ចៅសង្កាត់ សរុបប្រមាណ២៥០នាក់។

លោកបណ្ឌិត ញឹម វណ្ណដា ទេសរដ្ឋមន្រ្តី បាននាំយកប្រសាសន៏ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងឱកាសចូលឆ្នាំច សំរិទ្ធិស័ក ព.ស ២៥៦២ សូមទេវតាឆ្នាំថ្មីជួយបីបាច់ថែរក្សា បងប្អូនជនរួមជាតិ ទទួលបានព្រះពុទ្ធពរទាំង៤ប្រការកុំបីឃ្លៀងឃ្លាតឡើយ។ លោកបានបញ្ជាក់ថា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានស្រោចស្រង់ជីវិតប្រជាជនកម្ពុជាពីការកាប់សម្លាប់ក្នុងរបប ប៉ុលពត យ៉ាងព្រៃផ្សៃ និងបន្តជួយស្តារ និងអភិវឌ្ឍខឿនសេដ្ឋកិច្ចជាតិ មានការលូតលាស់ពីមួយឆ្នាំទៅមួយឆ្នាំ តាមរយៈការរក្សាបាននូវស្ថេរភាពនយោបាយ សន្តិសុខជាតិ ការកសាងធនធានមនុស្ស កសាងផ្លូវ ស្ពាន មានបណ្តាញអគ្គិសនីប្រើប្រាស់ និងការអភិវឌ្ឍតាមវិស័យនានាគ្រប់ទីកន្លែង។ ទន្ទឹមនោះដែរ ដោយវិទ្យាសាស្រ្តពិភពលោកកាន់តែរីកចម្រើន បង្កនូវផលអវិជ្ជមានដល់ការប្រែប្រួលអាកាសធាតុ និងបាតុភូតធម្មជាតិផ្សេងៗកើតមានជាញឹកញាប់ ធ្វើឲ្យខូចខាតទ្រព្យសម្បត្តិ រហូតដល់បាត់បង់អាយុជីវិតមនុស្ស សត្វថែមទៀត។ កត្តានេះទាមទារឲ្យមានការពង្រឹងការងារបន្ថែមទៀត របស់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដើម្បីកសាងផែនការបង្ការ អប់រំ តាមដាន ទប់ស្កាត់ និងជួយអន្តរាគមន៏ឲ្យបានទាន់ពេលវេលា។

លោកបណ្ឌិត ក៏បានផ្តាំផ្ញើដល់មន្រ្តីដឹកនាំគ្រប់លំដាប់ថ្នាក់តាមវិស័យ សូមធ្វើកិច្ចសហការ កៀរគរធនធានថវិកា សម្ភារ សម្រាប់ ត្រៀមបម្រុងចុះមូលដ្ឋាន ដើម្បីដោះស្រាយបញ្ហានានាជូនប្រជាពរដ្ឋឲ្យបានទាន់ពេល ទទួលបានការមើលឃើញអំពើល្អ គោរពស្រលាញ់ និងទំនុកចិត្តពីប្រជាពលរដ្ឋ៕







No comments:

Post a Comment