Tuesday, March 27, 2018

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសដាច់ខាតមិនចរចាជាមួយពួកក្បត់ជាតិ និងគ្មានការលើកលែងទោស ឬបន្ធូរបន្ថយទោសឱ្យក្រុមពួកក្បត់ជាតិនេះទេ!

«២មិន ១មាន ឬ ២អត់ ១មាន» គឺជាពាក្យខ្លី តែមានន័យជ្រៅ ដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើង សំដៅទៅលើ ការមិនចរចា និងមិនបន្ធូបន្ថយ ឬលើកលែងទោសឱ្យក្រុមក្បត់ជាតិ ប៉ុន្តែមានការបោះឆ្នោតប្រព្រឹត្តទៅជាធម្មតានៅប្រទេសកម្ពុជា ដោយលោកបានប្រកាសថា «ឥឡូវនិយាយពីបញ្ហាចរចា ប្រកាសដាច់ខាតអត់ចរចាប្រាប់ឱ្យហើយ ខ្ញុំបញ្ជាក់តែពីរចំណុចទេ ទី១គ្មានការចរចាជាមួយពួកក្បត់ជាតិ ទី២ គ្មានការលើកលែងទោស ឬបន្ធូរបន្ថយទោសឱ្យក្រុមពួកក្បត់ជាតិនេះទេ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើកឡើងដូចនេះ ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិត នៃសាកលវិទ្យាល័យអាស៊ីអឺរ៉ុបចំនួន ២,១២៥នាក់ នាព្រឹកថ្ងៃអង្គារ ១១កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨នេះ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបន្តថាចំពោះអ្នកដែលនៅមានសិទ្ធិធ្វើនយោបាយអាចទៅចូលរួមជាមួយគណបក្សដទៃបាន ឬក៏បង្កើតគណបក្សនយោយបាយថ្មីបាន ដើម្បីទៅចូលរួមបោះឆ្នោត ព្រោះគ្មានការចរចាកើតឡើងនោះទេ ដោយសារផ្លូវច្បាប់មិនអនុញ្ញាតិ ដោយលោកបានលើកឡើងថា «សម្រាប់សិទ្ធិដែលខ្ញុំមាន គឺសិទ្ធិចុះហត្ថលេខា សុំទៅព្រះមហាក្សត្រដើម្បីលើកលែងទោស ឱ្យអ្នកដែលបានជាប់គុកដោយសាលដីការតុលាការស្ថាពរ»។




No comments:

Post a Comment