Tuesday, March 27, 2018

អភិបាលខេត្តត្បូងឃ្មុំ បានធ្វើ​ការចែកពូជស្រូវក្រអូបដល់ប្រជាកសិករ ក្នុងសហគមន៍កសិកម្ម​នាងទាវ ក្នុងគម្រោងជំរុញ​ផលិត​​​កម្មស្បៀង

(ត្បូងឃ្មុំ)៖នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨នេះ លោក លី ឡេង អភិបាលខេត្តត្បូងឃ្មុំ បានធ្វើ​ការចែកពូជស្រូវក្រអូបដល់ប្រជាកសិករ ក្នុងសហគមន៍កសិកម្មនាងទាវ ក្នុងគម្រោងជំរុញ​ផលិត​​​កម្មស្បៀង ស្ថិតក្នុងឃុំជីគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។

លោក លី ឡេង បានឲ្យដឹងថា ក្រោមការយក​ចិត្តទុកដាក់​ខ្ពស់ពី​សំណាក់ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន សម្រេចផ្តល់ហិរញ្ញប្បទាន​ថវិការជាតិ​ទាំង​ស្រុង​២០​​លានដុល្លារអាមេរិក ដើម្បីជំរុញផលិតកម្មស្រូវក្រអូប និងបន្លែសុវត្ថិភាព នៅក្នុងខេត្ត​ចំនួន​១១ ដោយគិតគូរពីការផ្សារភ្ជាប់ទីផ្សារ ក្នុងនោះមានខេត្តត្បូងឃ្មុំផងដែរ ។

លោក លី ឡេង បន្តថា ដោយឡែក នាពេលនេះ ប្រជាកសិករដែល​ជាសមាជិក​សហគមន៍​កសិកម្មចំនួន១១៣គ្រួសារ នឹងទទួលបានពូជស្រូវក្រអូប ៩៧,៥០០គីឡូក្រាម សម្រាប់​អនុវត្ត​លើផ្ទៃដី ៦៥០ហិកតា ដែលឧបត្ថម្ភមួយចំនួនពីរាជរដ្ឋាភិបាល ដើម្បីយកទៅសាបព្រួស តាម​ស្រែ​រៀងៗខ្លួន ហើយសង្ឃឹមថានឹងទទួលបានទិន្នផលល្អជាទីគាប់ចិត្ត។

លោកអភិបាលខេត្ត ក៍បានធ្វើការជំរុញដល់មន្ត្រីជំនាញមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ខេត្តត្បូងឃ្មុំ បន្តយកចិត្តទុកដាក់ណែនាំបច្ចេកទេសថ្មីៗ ដល់ប្រជាកសិករ ព្រម​ទាំង​តាមដានត្រួតពិនិត្យជួយអន្តរាគមន៍ អោយបានទាន់ពេលវេលា ក្នុងករណី មាន​លេច​ចេញ​នូវជំងឺ ឬសត្វល្អិតយាយីដល់ដំណាំស្រូវរបស់កសិករ ជាពិសេសអាជ្ញាធរដែនដីស្រុក ឃុំ ភូមិ ក៍ត្រូវតាមដាន និងរាយការណ៍ជាបន្ទាន់ទៅមន្ត្រីជំនាញ ក្នុងករណីជួបនូវបញ្ហា និងការ​លំបាក​ក្នុងផលិតកម្មកសិកម្ម ព្រោះថា “ការលំបាករបស់ប្រជាកសិករ គឺជាការលំបាក​របស់​រាជរដ្ឋាភិបាល និងយើងទាំងអស់គ្នា” ។

បើតាម លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានឲ្យដឹងថា ក្នុងឆ្នាំ២០១៨នេះ គម្រោងជម្រុញផលិតកម្មស្បៀង របស់មន្ទីរ បានពង្រីក​ទំហំ​ផលិត​កម្មពូជស្រូវ ចំនួន៩៦គ្រូសារ លើផ្ទៃដី៥៧ហិកតា និងផលិតស្រូវចំណី ជាង១០០០​គ្រួសារ លើផ្ទៃដីជាង១៦៦០ហិកតាបន្ថែមទៀត ហើយពូជដែលប្រើប្រាស់ មានពូជសែន​ក្រអូប​(ស្រូវរយៈពេលខ្លី) និងស្រូវផ្ការំដួល(ស្រូវកណ្តាល) ។

លោក បន្តថា នាថ្ងៃនេះ ប្រជាកសិករចំនួន១១៣គ្រួសារ នឹងទទួលបានពូជស្រូវសុទ្ធល្អ ពី​គម្រោងជំរុញផលិតផល ដោយ១ហិចតា កសិករនឹងទទួលបានពូជស្រូវក្រអូប ចំនួន​១៥០​គីឡូក្រាម ដើម្បីជួយដោះស្រាយការលំបាក លើការចំណាយប្រាក់ទិញពូជនេះ ក្នុងការដាំដុះ ។ តាមគម្រោងពូជនេះមានតម្លៃ៣០០០ពាន់រៀល ក្នុង១គីឡូក្រាម ប៉ុន្តែរាជរដ្ឋាភិបាល តម្រូវ​អោយប្រជាកសិករចំណាយត្រឹមតែ ១០០០ពាន់រៀល ក្នុង១គីឡូក្រាម ចំណែក​២០០០ពាន់​រៀល​​​​ទៀត ជាការឧបត្ថម្ភធនពីរាជរដ្ឋាភិបាល ៕




No comments:

Post a Comment