Tuesday, March 27, 2018

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់ពីមូលហេតុនៃការឃ្លាតគ្នានៃវប្បធម៌សន្ទនា

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ពីមូលហេតុនៃការឃ្លាតគ្នានៃវប្បធម៌សន្ទនា រហូតលោកប្រកាសដាច់ខាតមិនចរចា និងគ្មានការលើកលែងទោស ឬបន្ធូរបន្ថយទោសឱ្យក្រុមពួកក្បត់ជាតិ។ លោកបានថ្លែងដូចនេះ នៅព្រឹកថ្ងៃអង្គារ ១១កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨នេះ ក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រដល់ និស្សិតសកលវិទ្យាល័យអាស៊ីអឺរ៉ុបនាវិទ្យាស្ថានជាតិអប់រំ។

លោកនាយករដ្ឋមន្ត្រី បានលើកឡើងពីមូលហេតុចំបងមួយចំនួន ១ អំពីរឿងសីលធម៌ ដោយបានប្រមាថភរិយារបស់លោកថាជា ភរិយាមេដឹកនាំវៀតណាម បានប្រមាថកូនប្រុសច្បងរបស់លោកថាជាកូនរបស់មេដឹកនាំវៀតណាម និងការដែលបានជេរប្រមាថរូបលោក ដែលការប្រមាថនេះម្តងហើយម្តងទៀត ដោយលោកបានផ្តល់ឱកាសឱ្យបដិសេធ តែមិនមានការបដិសេធនោះទេ។ ២ អំពីការដែលដុតរូបលោក(ទីងមោង) ជាច្រើន នៅគ្រប់ទីកន្លែង រហូតមានការខាបព្រលឹងរូបលោក និង៣ ការដែលបានប្រកាសថា ពេលនេះ ហ៊ុនសែន ត្រូវកងទ័ពប្រឆាំង ក្នុងគណបក្សក៏ប្រឆាំង រដ្ឋបាលក៏ប្រឆាំង ប្រជាជនក៏ប្រឆាំង ដែលនេះជាការញុះញង់ឱ្យមានការបះបោរធ្វើបដិវត្តន៍។

ការព្រហើនរបស់ក្រុមប្រឆាំងទាំងនេះហើយ ទើបធ្វើឱ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសដាច់ខាតអត់ចរចា និង គ្មានការលើកលែងទោស ឬបន្ធូរបន្ថយទោសឱ្យក្រុមពួកក្បត់ជាតិនេះទេ៕






No comments:

Post a Comment