Tuesday, March 27, 2018

ឧបនាយករដ្ឋមន្ដ្រី ម៉ែន សំអន ដឹកនាំគណៈប្រតិភូក្រសួងអញ្ជើញ គោរពវិញ្ញាណក្ខន្ធសព នាយឧត្តមសេនីយ៍ ឯម សំអាន

លោកស្រី ឧបនាយករដ្ឋមន្ដ្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភាព្រឹទ្ធសភា និងអធិការកិច្ច នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨នេះ បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងគោរពវិញ្ញាណក្ខន្ធ នាយឧត្តមសេនីយ៍ ឯម សំអាន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ដែលបានទទួលមរណភាពកាលពីវេលាម៉ោង ៦:៤៥នាទីព្រឹក ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៨ ក្នុងជន្មាយុ៧១ឆ្នាំ ដោយរោគាពាធ។

សពនាយឧត្តមសេនីយ៍ ឯម សំអាន ត្រូវបានតម្កល់ទុកធ្វើបុណ្យ ទក្ខិណានុប្បទានតាមប្រពៃណី និងសាសនា នៅគេហដ្ឋានលេខ១៦៨ ផ្លូវលេខ៤៦៦ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។ សពនឹងត្រូវដង្ហែឆ្ពោះទៅកាន់ឈាបនដ្ឋាន នៅទីលានមុខវត្តបទុមវតី នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង ៧:០០នាទីព្រឹក។

សូមរំលឹកថា នាយឧត្តមសេនីយ៍ ឯម សំអាន ទទួលមរណភាពជន្មាយុ៧១ឆ្នាំ នៅម៉ោង ៦:៤៥នាទី ព្រឹកថ្ងៃសៅរ៍ ទី២៤ ខែមីនា ឆ្នាំ២០១៨ ដោយរោគាពាធ នៅមន្ទីរពេទ្យបំរ៉ុងរ៉ាត់ ទីក្រុងបាងកក ប្រទេសថៃ ហើយសពដឹកតាមយន្តហោះពីទីក្រុងបាងកក មកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅព្រឹកថ្ងៃអាទិត្យទី២៥ ខែមីនា ឆ្នាំ២០១៨។

នាយឧត្តមសេនីយ៍ ឯម សំអាន ក៏ជាឥស្សរជននយោបាយជាន់ខ្ពស់មួយរូប ដែលបានកៀកស្មាជាមួយ ឥស្សរិយនយោបាយជាន់ខ្ពស់កម្ពុជាដទៃទៀត តស៊ូប្រយុទ្ធរំដោះជាតិ ពីរបបប្រល័យពូជសាសន៍ និងជាបន្ដ បន្ទាប់ប្រឹងស្រោចស្រង់ និងអភិវឌ្ឍន៍ជាតិកម្ពុជា ពីស្ថានភាពដ៏សែនលំបាកឆ្ពោះមករកវឌ្ឍនភាព មកដល់ ពេលបច្ចុប្បន្ន ៕












No comments:

Post a Comment