Wednesday, November 30, 2016

លិខិតមិត្តអ្នកអាន ៖ តើពិភពលោកត្រូវពិចារណា សំដីរបស់មេដឹកនាំកម្ពុជាដែរឬទេ?

មេដឹកនាំកម្ពុជា លោក ហ៊ុន សែន បានក្រើនរំលឹកដល់មេដឹកនាំនិងប្រជាជនក្នុងពិភពលោក ដោយលេីកឡេីងថា កម្ពុជាក៏ដូចជាប្រទេសទូទាំងពិភពលោក គ្មានប្រទេសណាមួយត្រូវការសង្គ្រាមនោះទេ ដូច្នេះពិភពលោកត្រូវតែពិចារណឡើងវិញ ផងដែរអំពីស្ថានការណ៍សង្គ្រាម ភាពវឹកវរ វិបត្តិជនភៀសខ្លួន អំពើភេរវកម្ម មហន្តរាយ និងភាពហិនហោចនៃបណ្តាប្រទេសមួយចំនួន ដែលបង្កឡើងដោយការលូកដៃ និងជ្រៀតជ្រែកចូលពីប្រទេសដ៏ទៃ ដែលតួអង្គសំខាន់ក្នុងការជំរុញឱ្យកកើតសង្រ្គាម ក្នុងបណ្តាប្រទេសទាំងនោះ គឺសហរដ្ឋអាមេរិក និងដោយមានការបន្ទរពីអ៊ឺរ៉ុប។ លោក ហ៊ុន សែន ត្រូវបានសារព័ត៌មានធំៗក្នុងប្រទេស ស្រង់សំដីនៅពេលដែលលោកឡើងថ្លែងសន្ទរកថា ក្នុងពិធីបើកមហាសន្និបាតសភាអាស៊ីលើកទី៩ ដែលមាន២៣ប្រទេសចូលរួម នាថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦។ ការថ្លែងរបស់មេដឹកនាំកម្ពុជា ត្រូវបានធ្វើឡើង ស្របទៅនឹងប្រធានបទនៃមហាសន្និបាតសភាអាស៊ី ដែលនិយាយអំពី «ការជំរុញសន្តិភាព និងការអភិវឌ្ឍប្រកបដោយនិរន្តរភាពនៅក្នុងតំបន់អាស៊ី»។
លោក ហ៊ុន សែន បាននិយាយទៅកាន់ពិភពលោកថា តើដល់ពេលដែលយើងត្រូវវាយតម្លៃពីបដិវត្តន៍ពណ៌ហើយឬនៅ? មកដល់ពេលនេះ អ្នកដែលបានផ្ដួចផ្ដើមគំនិតធ្វើបដិវត្តពណ៌ និងអ្នកដែលធ្លាប់អបអរសាទរនូវបដិវត្តន៍ពណ៌ ពួកគេទៅពួនសំងំនៅទីណា? ទីកន្លែងដែលកើត សង្គ្រាមដោយការផ្ដួលរំលំតាមកម្លាំងយោធា និងតាមរយៈបដិវត្តន៍ពណ៌ កំពុងតែរងនូវវិនាសសកម្មយ៉ាងធ្ងន់ធ្ងរ គឺសុទ្ធតែកើតឡើងក្រោមហេតុផលនៃលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស។ មេដឹកនាំកម្ពុជា បានរំលឹកពីការផ្ដួលរំលំរបបមេដឹកនាំមួយចំនួន ដែលគេចោទថា ជាមេដឹកនាំផ្តាច់ការ ហើយពេលនេះប្រទេសទាំងនោះ បានរងនូវវិនាសកម្ម ខ្ទេចខ្ទីដល់ឬសគល់។ លោក ហ៊ុន សែន បានចោទសួរទៅកាន់ពិភពលោកថា តើការផ្តួលរំលំរបប សាដាំ ហ៊ូសេន មកដល់ពេលនេះ វាបានផ្តល់ផលប្រយោជន៍អ្វីខ្លះទៅ សម្រាប់ប្រជាជនអ៊ីរ៉ាក់? ការផ្ដួលរំលំ បេន អាលី នៅទុយនេស៊ី, ការផ្ដួលរំលំ ហ្គាដាហ្វី នៅលីប៊ី, ការផ្ដួលរំលំ ហ៊ូស្ល៊ី មូបារ៉ាក់ នៅអេហ្ស៊ីប, ការប្រឆាំងនឹងរបបដែលដឹកនាំដោយប្រធានាធិបតី អាសាដ ក៏ដូចជាសង្រ្គាមដែលកំពុងផ្ទុះឡើងនៅ យ៉េមេន តើទាំងអស់នេះ អ្នកណាត្រូវទទួលខុសត្រូវ? តើដើម្បីប្ដូរមនុស្សម្នាក់ ឬរដ្ឋាភិបាលមួយ ត្រូវស្លាប់មនុស្សរាប់ម៉ឺន រាប់សែន រាប់លានបែបនេះឬ? ឥឡូវតើល្មមដល់ពេលដែលយើងត្រូវវាយតម្លៃនូវសភាពការណ៍នេះហើយឬនៅ? តើបដិវត្តន៍ពណ៌វាគួរជាទីស្រឡាញ់ ឬក៏គួរឱ្យស្អប់ខ្ពើម ហើយតើតុលាការឧក្រិដ្ឋកម្មអន្ដរជាតិ គួរតែយកពួកមេខ្លោងដែលធ្វើឱ្យប្រជាជនអ៊ីរ៉ាក់ និងប្រជាជននៅបណ្ដាប្រទេសនៅមជ្ឈឹមបូព៌ារងគ្រោះ ទៅកាត់ទោស ឬត្រូវពាក់មេដាយជាពានណូប៊ែល ឱ្យពួកទាំងនេះ?
មេដឹកនាំកម្ពុជា បានលើកឡើងថា ក្រៅពីការស្លាប់មួយថ្ងៃៗយ៉ាងច្រើនលើទឹកដីអ៊ីរ៉ាក់ ទឹកដីស៊ីរី លីប៊ីនិងយ៉េមេនបច្ចុប្បន្ននេះ តើមានមនុស្សប៉ុន្មានដែលកំពុងឆ្លងមហាសាគរ មេឌីទេរ៉ានេដើម្បីភៀសខ្លួនទៅកាន់អឺរ៉ុប? នេះគឺជាចំណុចដែលត្រូវពិភាក្សា ដើម្បីទប់ស្កាត់នូវទង្វើរបស់ជនទាំងឡាយណា ឬប្រទេសណាក៏ដោយដែលបង្កើតឡើងនូវស្ថានភាពទទឹងទិស ដែលនាំទៅរកសង្គ្រាម។ មេដឹកនាំកម្ពុជាក៏បានអំពាវនាវឱ្យប្រទេសអឺរ៉ុប ទទួលយកជនភៀសខ្លួនទាំងនោះ ព្រោះនេះជាការទទួលខុសត្រូវរបស់អ៊ឺរ៉ុប ដែលជាអ្នកគាំទ្រនយោបាយសហរដ្ឋអាមេរិក លើបញ្ហាបដិវត្តន៍ពណ៌។ លោក ហ៊ុន សែន បន្តថា ដើម្បីការពារសន្ដិភាពបាន ទាល់តែកុំឱ្យមានអ្នកបំផ្លាញសន្ដិភាព និងទប់ស្កាត់កុំឱ្យមានអ្នកបង្កសង្រ្គាម។ កុំបន្ទោសប្រទេសដែលមានសង្រ្គាម ត្រូវបន្ទោសអ្នកដែលលូកដៃបង្កើតសង្រ្គាម និងគាំទ្រសង្រ្គាម។ អ្នកដែលបង្កសង្រ្គាមសុទ្ធតែជាប្រទេសដែលមានលទ្ធភាព មិនមែនអ្នកទន់ខ្សោយទេ យើងគ្រាន់តែបានស្ដីបន្ទោសទៅលើអ្វីដែលវាជាបញ្ហាបានកើតតែប៉ុណ្ណោះ តែមូលហេតុដើមដែលនាំឱ្យវាកើតសង្រ្គាម អត់មានអ្នកណាហ៊ាននិយាយទេ មេដឹកនាំកម្ពុជាបានជំរុញឱ្យពិភពលោក ត្រូវតែហ៊ាននិយាយ ដើម្បីពិភពលោកមួយមានសន្ដិភាព មានការបង្រួបបង្រួម ហើយមានកិច្ចសហប្រតិបត្តិការដើម្បីការអភិវឌ្ឍប្រកបដោយនិរន្ដរភាព។
តើពិភពលោកគួរយកការលើកឡើងរបស់មេដឹកនាំកម្ពុជា ទៅពិចារណាដែរឬទេ? តើសំដីរបស់លោក ហ៊ុន សែន ត្រឹមត្រូវ និងផ្តល់ផលប្រយោជន៍រួមដល់ពិភពលោកដែរឬយ៉ាងណា? បើការលើកឡើងរបស់មេដឹកនាំកម្ពុជាមានភាព.     តក្កវិត្យា និងជាការពិត ដែលពាក់ព័ន្ធនឹងសុខសន្តិភាពរបស់ពិភពលោកទាំងមូលមែននោះ មេដឹកនាំនិងប្រជាជនដែលស្នេហាសន្តិភាពលើពិភពលោកត្រូវតែពិចារណានូវសំដីមួយម៉ាត់ៗរបស់លោក ហ៊ុន សែន។ មេដឹកនាំប្រទេសនានា ត្រូវតែហ៊ាននិយាយការពិតដូច. លោក ហ៊ុន សែន ដើម្បីទប់ស្កាត់នូវការបញ្ឆេះសង្គ្រាមពីប្រទេសមួយចំនួនដូចជាអាមេរិក និងអ៊ឺរ៉ុបជាដើម។ ជាក់ស្តែងកម្ពុជាស្ទើរតែធ្លាក់ក្នុងស្ថានការណ៍វឹកវរទៅហើយ បើគ្មានការទប់ស្កាត់ទាល់ពេលវេលានោះទេ គឺនៅក្រោយការបោះឆ្នោតឆ្នាំ២០១៣ រូបភាពបដិវត្តពណ៌បានបង្ហាញខ្លួនជាក់ស្តែងជាបន្តបន្ទាប់នៅកម្ពុជា ក្នុងបំណងផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោត។ ដោយសារតែពាក្យថាប្រជាធិបតេយ្យ និងសិទ្ធិមនុស្សប្រទេសធំៗមួយចំនួន បានប្រើវាធ្វើជាខែល ក្នុងការលូកដៃជ្រៀតជ្រែកចូលប្រទេសដ៏ទៃ ដោយចាប់ផ្តើមពីចលនាបដិវត្តពណ៌។
មិនខុសពីការលើកឡើងរបស់មេដឹកនាំកម្ពុជានោះទេ មានប្រទេសច្រើនមកហើយដែលរងគ្រោះដោយសារតែការលូកដៃពីប្រទេសដ៏ទៃជាពិសេសគឺប្រទេសដែលមិនស្របនឹងខ្លួន ក៏ដូចជាប្រទេសដែលមានភូមិសាស្ត្រនយោបាយមិនស្របនឹងខ្លួន។ ដូច្នេះអ្វីដែលលោក ហ៊ុន សែន បានលើកឡើង គឺពិតជាមានឧត្តមប្រយោជន៍សម្រាប់ពិភពលោក នោះគឺត្រូវតែហ៊ាននិយាយការពិត ហ៊ានទទួលស្គាល់ការពិត និងហ៊ានរួមគ្នាដោះស្រាយបញ្ហាទាំងអស់នេះ ដោយស្មើភាព និងស្មើសិទ្ធិនៅលើឆាកអន្តរជាតិ ទោះបីជាប្រទេសខ្លួនជាប្រទេសតូចរឺទន់ខ្សោយក៏ដោយ ក៍មិនត្រូវបណ្តោយឱ្យប្រទេសដែលមានចេតនាបង្កសង្គ្រាម បំពេញមហិច្ឆតារបស់ខ្លួនតាមអំពើចិត្តនោះឡើយ៕

ប្រភពពី GNN

No comments:

Post a Comment