Tuesday, March 17, 2015

ប្រមុខ​រាជ​រដ្ឋា​ភិបាល​កម្ពុជា​សម្តេច​តេជោ​នាំពី​ជប៉ុន​នូវការ​កោត​​សរសើ និង​គាំទ្រ​​ចំពោះ​​ប្រទេស​​ជាតិ

មន្ត្រី​ជាន់​ខ្ពស់​នៃ​រាជរដ្ឋាភិបាល​កម្ពុជា ឯកឧត្តម កៅ គឹមហួន បាន​ថ្លែង​ឲ្យដឹង​នា​រសៀល​ថ្ងៃ​ទី​១៦ ខែ​មីនា ឆ្នាំ​២០១៥ ថា ប្រតិភូរាជ​រដ្ឋាភិបាល​កម្ពុជា​ដឹក​នាំ​ដោយ​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ទទួល​បាន​ការ​គាំទ្រ​កោត​សរសើ​នៅ​ក្នុង​ការ​បំពេញ​ទស្សនៈកិច្ច​នៅ​ប្រទេស​ជប៉ុន​រយៈ​ពេល ៣ថ្ងៃ​កន្លង​មក​នេះ។

នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ បន្ទាប់​ពី​គណៈប្រតិភូ​ជាន់​ខ្ពស់​នៃ​រាជ​រដ្ឋាភិបាល​កម្ពុជា​ធ្វើ​មាតុភូមិ​និវត្ត​ពី​ការអញ្ជើញ​ចូលរួម ក្នុង​សន្និសីទ​ពិភពលោក​លើក​ទី​៣ ស្តីពី​ការ​កាត់បន្ថយ​ហានិភ័យ​នៃ​គ្រោះមហន្តរាយ​នៅ​ទីក្រុង​សេនដាយ​ប្រទេស​ជប៉ុន អស់​រយៈ​ពេល ៣ថ្ងៃ (​១៣​ខែ​មីនា-១៦​មិនា ឆ្នាំ​២០១៥) ឯកឧត្តម កៅ គឹមហួន រដ្ឋ​មន្ត្រី​ប្រតិភូអម​នាយក​រដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​ឲ្យ​ដឹងថា ជា​ការកត់​សម្គាល់​ក្នុងរយៈ​ពេល​ស្នាក់​អាស្រ័យ​នៅទីក្រុង​សេនដាយ​ក្រៅ​ពីចូលរួម​សន្និសីទ​ពិភពលោក សម្តេចតេជោ​នាយករដ្ឋមន្ត្រី​បាន​ជួប​ពិភាក្សា​ទ្វេភាគី ជាមួយ​ឥស្សរជន​មួយ​ចំនួន ដែល​រួមមាន ឯកឧត្តម បាន គីមូន អគ្គលេខាធិការ​អង្គការ​សហ​ប្រជាជាតិ និង​លោក​ជំទាវ អាន្និក ហ្ស៊ីរ៉ាដាំង (​Annick Girardin) រដ្ឋលេខាធិការ​ទទួល​បន្ទុក​អភិវឌ្ឍន៍ និងហ្រ្វង់​កូហ្វូន នៃ​សាធារណ​រដ្ឋ​បារាំង និង​ជាពិសេស​ជួប​ប្រាស្រ័យ​ការងារ​ជាមួយ ឯកឧត្តម នាយក​រដ្ឋមន្ត្រី​ជប៉ុន ស៊ីនហ្សូ អាបេ។

ឯកឧត្តម កៅ គឹមហួន បាន​ឲ្យ​ដឹង​ថា ឯកឧត្ត គីមូន (Ban Ki Moon) អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ ​បាន​វាយ​តម្លៃខ្ពស់ និង​កោត​សរសើរ​ចំពោះ​សម្តេច​តេជោ ដែល​បាន​ជំរុញ​ឲ្យ​មាន​វប្បធម៌​សន្ទនា​នយោបាយ ជាពិសេស ជាមួយ គណបក្ស​ប្រឆាំង​នៅ​កម្ពុជា ព្រម​ទាំង​បាន​វាយ​តម្លៃ​ខ្ពស់​ចំពោះ​ការរីក​ចម្រើន ទាំង​នយោបាយ និង​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា ពិសេស​ការ​សម្រេច​បាន​នូវ​លទ្ធផល​ជា​ផ្លែផ្កា​នៃ​ការ​អនុវត្ត​គោល​ដៅ​អភិវឌ្ឍន៍​សហស្សវត្សរ៍​របស់​អង្គការសហ​ប្រជាជាតិ​នៅ​កម្ពុជា លើ​ចំណុច អាទិភាព​ទាំង​៩ របស់​ខ្លួន។

ទាក់ទង​បញ្ហា​សាលាក្តី​កាត់​ទោស​មេដឹកនាំ​ជាន់​ខ្ពស់​ខ្មែរ​ក្រហម​ឯកឧត្តម​អគ្គលេខាធិការ​អង្គការសហ​ប្រជាជាតិ បាន​វាយ​តម្លៃ​ខ្ពស់ ចំពោះ​ការ​ចូលរួម​វិភាគ​ទាន​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​ជួយ​ផ្តល់​នូវថវិកា​សម្រាប់ ការ​បើក​ប្រាក់​បៀវត្សរ៍​ដល់​បុគ្គលិក​ជាតិ​របស់​កម្ពុជា ហើយ​ខាង​ផ្នែក​អន្តរជាតិ ជា​បន្ទុក​របស់​អង្គការ​សហ​ប្រជាជាតិ ក្នុងការ​ស្វែង​រកថវិកា​ដោយ​ផ្ទាល់ ដើម្បី​ឲ្យ​សាលា​ក្ដី​នេះ មាន​និរន្តរភាព​ទៅ​មុខ​។

ដោយ​ឡែក​លោកជំទាវ អាន្និក ហ្ស៊ីរ៉ាដាំង (Annick Girardin) រដ្ឋលេខាធិការ​ទទួល​បន្ទុក​អភិវឌ្ឍន៍ និង​ហ្រ្វង់​កូហ្វូន នៃ​សាធារណរដ្ឋ​បារាំង ក្រៅ​ពី​ផ្ដោត​ពិភាក្សា​អំពី​បញ្ហា​ការ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ លោក​ជំទាវ Annick ជម្រាប​សម្ដេចតេជោ​ថា នៅ​ថ្ងៃ​ទី​១៨ ដល់​ថ្ងៃ​ទី២០ ខែឧសភា​ខាង​មុខ លោក​ជំទាវ នឹង​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា ហើយ​តាមរយៈ​ដំណើរ​ទស្សនកិច្ច​នោះ លោកជំទាវ នឹង​ធ្វើ​ការ​ពិភាក្សា​លើ​កិច្ច​សហប្រតិបត្តិការ រវាង​ប្រទេស​ទាំង​ពីរ ទៅ​លើ​ការងារ​គ្រោះ​មហន្តរាយ និង​ការ​រឹត​ចំណង​មិត្តភាព​នៃ​ប្រទេស​ទាំង​ពីរ។ សម្តេចតេជោ​នាយករដ្ឋមន្រ្តី​បាន​ស្វាគមន៍ និង​ចង់​ឃើញ​នូវ​ទំនាក់​ទំនង​របស់​ប្រទេស​ទាំងពីរ កម្ពុជា និង​បារាំង​បាន​ឈាន​ដល់​ចំណុច​កំពូល​ថ្មី​មួយ​ទៀត ពិសេស​ការ​រីកចម្រើន​លើ​វិស័យ​សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ វប្បធម៌ និង​អប់រំ​។ ដោយ​សារ​នៅ​កម្ពុជា​មាន​ទីភ្នាក់​អភិវឌ្ឍន៍​បារាំង AFD នោះ សម្តេច​តេជោ​បញ្ជាក់​ថា កម្ពុជា​នឹង​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ឲ្យ​កាន់​តែ​ល្អ​ប្រសើរ​ថែម​ទៀត ដើម្បី​អភិវឌ្ឍ​ប្រទេស​កម្ពុជា​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង។

ទាក​ទង​និង​វត្តមាន​កម្ពុជា នៅ​ក្នុង​កង​កម្លាំង​រក្សាសន្តិភាព​ដែល​តាម ប្រទេស​នានា​លើ​ពិភព​លោក ពិសេស​នៅ​ក្នុង​បណ្តា​ប្រទេស​សមាជិក​ហ្រ្វង់កូហ្វូន ឯកឧត្តម កៅ គឹមហួន បាន​បញ្ជាក់​ថា សម្តេចតេជោ​បាន​សំណូមពរ​ឲ្យ​កងទ័ព​បារាំង ដែល​មាន​វត្តមាន​ជាមួយ កង​ទ័ព​កម្ពុជា បន្ត​សហការ និង​ផ្តល់​ព័ត៌មាន​ដល់​កងទ័ព​កម្ពុជា និង​ប្រជាជន​នៅ​ទីនោះ​ឱ្យ​មាន​សុវត្តិភាព​ទាំង​អស់​គ្នា។

នៅ​ក្នុងជំនួប​នាថ្ងៃ​ទី១៥ ខែមីនា ឆ្នាំ២០១៥ ជាមួយ​ឯកឧត្តម ស៊ីនហ្សូ អាបេ នាយក​រដ្ឋ​មន្ត្រី​ជប៉ុន ឯកឧត្តម កៅ គឹមហួន បាន​ឲ្យដឹងថា ស្រប​ពេល​ដែល​ឆ្នាំ​២០១៥​នេះ គឺ​ជា​ខួប​គម្រប់ ៦០ឆ្នាំ នៃ​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ មិត្តភាព រវាង​ប្រទេស​ទាំង​ពីរ​ផង សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី បាន​ផ្ដោត​សំខាន់​ទៅ​លើ​ការ​បន្ត​ជំរុញ ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរ​។ សម្តេចតេជោ​បានជម្រាប​លោក​នាយករដ្ឋមន្ត្រី​ជប៉ុន​ថា នៅ​ថ្ងៃ​ទី៦ ខែ​មេសា ខាង​មុខនេះ ដោយ​បាន​ឯកភាព​ពី​ភាគី​ជប៉ុន កម្ពុជា​នឹង​សម្ភោធ​ដាក់​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវការ​ស្ពាន​អ្នក​លឿង ដែល​ត្រូវ​បាន​ប្រសិទ្ធនាម​ថា ស្ពាន « ស៊ូ បាសា» ដែល​ជា​ចំណង​ដៃ​ដ៏​ពិសិដ្ឋ​របស់​រដ្ឋាភិបាល និង​ប្រជាជន​ជប៉ុន ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា បាន​ប្រើប្រាស់​នៅ​មុន​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ ហើយនោះ គឺ​ជា​សក្ខីភាព​ជាក់​ស្តែង​នៃ​ចំណង​មិត្តភាព កិច្ចសហ​ប្រតិបត្តិការ និង​ទំនាក់​ទំនង​ល្អ​នៃ​ប្រទេស​ទាំង​ពីរ។

ឯកឧត្តម ស៊ីនហ្សូ អាបេ បាន​ស្វាគមន៍​ចំពោះ​ការ​ដាក់​ឲ្យ​ប្រើប្រាស់​ជាផ្លូវ​ការ​នូវ ស្ពាន​នៅ​អ្នក​លឿង និង​ថ្លែង​អំណរគុណ​ជូន​ចំពោះ​សម្តេច​តេជោ​នាយករដ្ឋមន្រ្តី ដែល​បាន​ដាក់​រូបស្ពាន​គីហ្សូណា និង​ស្ពាន​អ្នក​លឿង ហៅ​ស្ពាន ស៊ូបាសា ទៅ​ក្នុង​ក្រដាស​ប្រាក់ ៥០០​រៀល​ថ្មី​របស់​កម្ពុជា។ ឯកឧត្តម​នាយករដ្ឋមន្ត្រីជប៉ុន​បញ្ជាក់​ថា ជប៉ុន​នឹង​បន្ត​រួម​ចំណែក​ដល់​ការពង្រឹង​ការ​តភ្ជាប់ ពិសេស​ការ​តភ្ជាប់​រវាង​កម្ពុជា​ជាមួយ​ប្រទេស​ជិត​ខាង​ក្នុង​តំបន់​អាស៊ាន។ ឯកឧត្តម អាបេ បញ្ជាក់​ថា ដោយសារ​តែ​គម្រោង​នៃ​ការ​តភ្ជាប់​នោះ​ទាមទារ​ឱ្យ​មាន​គុណភាព​ខ្ពស់ ជប៉ុន​នឹង​ផ្តល់​នូវ​កម្ចី​សម្បទាន​ដល់​កម្ពុជា ដែល​មាន​ទឹក​ប្រាក់ ១ម៉ឺន​៩ពាន់​២០០​លានយ៉េន សម្រាប់​ការកសាង​កំណាត់ផ្លូវ​ជាតិ​លេខ​៥។

ក្នុង​នោះ​ដែរ លោក អាបេ ក៏​ចង់​ឃើញ​ការអនុវត្ត​កិច្ច​ព្រម​ព្រៀង នៃ​វិស័យ​អាកាស​ចរណ៍​របស់​ប្រទេស​ទាំង​ពីរ ដែល​បាន​ចុះ​ហត្ថលេខា កាល​ពី​ខែមករា​កន្លង​ទៅ បាន​ចេញ​ជា​រូបរាង​នៅ​ពេល​ខាងមុខ​ដែរ។ ឯកឧត្តម​នាយករដ្ឋមន្រ្តី​ជប៉ុន​បាន​ស្វាគមន៍ ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​លើក​លែង​ទិដ្ឋាការ​លើ​លិខិត​ឆ្លង​ដែន​ផ្លូវការ និង​ការ​ទូត​ដល់​ប្រទេស​ជប៉ុន ហើយ​ជាមួយនេះ​លោក​ក៏ចង់​ឃើញ​ផងដែរ នូវ​ការ​ផ្លាស់​ប្តូរ​នូវ​ទំនាក់​ទំនង​រវាង​ប្រជាពលរដ្ឋ​នៃ​ប្រទេស​ទាំង​ពីរ។ ដើម្បី​ជំរុញ​ទំនាក់​ទំនង​វិស័យ​នេះ ឯកឧត្តម​នាយករដ្ឋមន្ត្រី​ជប៉ុន​បាន​សន្យា​ថា នឹង​ខិតខំប្រឹង​ប្រែង​ធ្វើ​យ៉ាង​ណា​ឲ្យ​ច្បាប់ ដែល​ទាក់​ទិន​នឹង​ការ​ហោះហើរ នៃ​វិស័យ​អាកាសចរណ៍​ស៊ីវិល​រវាង​ប្រទេស​ទាំង​ពីរ បាន​ឆ្លង​រដ្ឋសភា​ជប៉ុន។ ឯកឧត្តម​នាយករដ្ឋមន្ត្រី​ជប៉ុន​ក៏​បាន​សម្តែង​នូវ​ការ​សប្បាយ​រីករាយដោយ​បាន​ឃើញ​ក្រុមហ៊ុន​ជប៉ុន ​មក​បណ្តាក់​ទុន​នៅ​ក្នុង​ប្រទេស​កម្ពុជា ដោយ​បាន​បង្ហាញ​នូវ​ក្តី​សង្ឃឹម​ការ​បណ្តាក់​ទុន​របស់​ក្រុម​ហ៊ុន​ជប៉ុន​នឹង​បន្ត​មាន​តទៅ​ទៀត​សង្ឃឹម​ថា រាជរដ្ឋាភិបាល​កម្ពុជា​នឹង​បន្ត​ផ្តល់​នូវ​បរិយាកាស​ល្អ​សម្រាប់​អ្នក វិនិ​យោគ​ជប៉ុន។

ទាក់​ទិន​នឹង​កំណែ​ទម្រង់​ការ​បោះឆ្នោត​របស់​កម្ពុជា ឯកឧត្តម​នាយករដ្ឋមន្រ្តី​ជប៉ុន មាន​ជំនឿ​មុតមាំ​ថា គណបក្ស​ទាំង​ពីរ​នឹង​បន្ត​ការ​ចរចា ដើម្បីឈាន​ទៅ​សម្រេច​ទាំង​ស្រុង​នៅ​ពេល​ឆាប់ៗ​ខាងមុខ ហើយ​ជប៉ុន​នឹង​ជួយ​ដល់​កម្ពុជា​តាមរយៈ​ការ បញ្ជូន​អ្នក​ឯកទេស​របស់​ខ្លួន​ជួយ​ដល់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត។

ទាក់ទង​ដល់​បញ្ហានេះ​ ឯកឧត្តម កៅ គឹមហួន បាន​ឲ្យដឹងថា សម្តេច​តេជោ មាន​ប្រសាសន៍​ថា មក​ដល់​ពេល​នេះ​គណបក្ស​ទាំង​ពីរ បាន​ធ្វើ​ការ​រួម​គ្នា​ដើម្បី​ឈាន​ទៅ​សម្រេច​ច្បាប់​បោះឆ្នោត​ថ្មីទាំងស្រុង​ក្នុងពេល​ដ៏ខ្លី​ខាង​មុខ ពោលគឺ​នៅ​ថ្ងៃ​ទី១៩​មីនា​ខាង​មុខ នឹង​មាន​ការជជែក​ដេញដោល​គ្នា​ក្នុង​សភា។ សម្តេច​មាន​ប្រសាសន៍​បញ្ជាក់​ថា អ្វីៗ​កំពុង​ដំណើរ​ការ​ទៅ​មុខ ហើយ​នៅ​ពេល​ដែល​ច្បាប់​បោះ​ឆ្នោត​ថ្មី ដំណើរការ​ហើយ​នោះ ជប៉ុន​អាច​បញ្ជូន​អ្នក​ឯកទេស​ខាង​ការបោះ​ឆ្នោត​មក​កម្ពុជា បញ្ហា​សំខាន់ គឺ​ការ​ជួយ​រៀបចំ​បញ្ជី​បោះ​ឆ្នោត​ដល់​កម្ពុជា ដោយសារ​នៅ​ឆ្នាំ​២០១៧ កម្ពុជា​មាន​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម ប្រឹក្សាឃុំ-សង្កាត់ និង​នៅ​ឆ្នាំ​២០១៨ បោះ​ឆ្នោត​សកល​ជ្រើស​តាំង​តំណាង​រាស្រ្ត។

សូម​បញ្ជាក់​ដែរ​ថា នៅ​ក្នុងសន្និសីទ​ពិភពលោក​លើកទី៣ ស្តីពី​ការ​កាត់​បន្ថយ ហានិភ័យ​នៃ​គ្រោះមហន្ត​រាយ​នេះ ឯកឧត្តម​នាយករដ្ឋមន្ត្រី​ជប៉ុន​បាន​ប្រកាស​ជា​ផ្លូវ​ការ​ថា ប្រទេស​ជប៉ុន​នឹង​រៀបចំ​កញ្ចប់​ជំនួយ​ចំនួន ៤.០០០​លាន​ដុល្លារ ដើម្បី​ជួយ​ដល់​វិស័យ​គ្រប់គ្រង​គ្រោះ​មហន្តរាយ និង​បាន​ប្រកាស​ជួយ បណ្តុះ​បណ្តាល​ចំនួន ៤ម៉ឺន​នាក់​ផង​ដែរ សម្រាប់​ចូលរួម​ក្នុង​ការ​កាត់​បន្ថយ​នូវ​គ្រោះមហន្តរាយ នៅ​ក្នុង​យុទ្ធសាស្ត្រ​នៃ​គំនិត​ផ្តួច​ផ្តើម​កិច្ច​សហប្រតិបត្តិការ​សេនដាយ ដែល​ឈរ​លើ​មូលដ្ឋាន​ជា​ច្រើន ហើយ​ជា​សំខាន់​នោះ គឺ​ការ​កសាង​ឱ្យ​ប្រសើរ​ឡើង​ជាង​មុន។

បន្ទាប់​ពីបាន​អញ្ជើញ​ទៅចូលរួម​ក្នុង​សន្និសីទ​ពិភពលោក​លើក​ទី​៣ ស្តីពី​ការ​កាត់​បន្ថយ​ហានិភ័យ​នៃ​គ្រោះមហន្តរាយ​នៅ​ទីក្រុង​សេនដាយ កាល​ពី​ថ្ងៃ​ទី​១៣ ខែ​មីនា ឆ្នាំ​២០១៥ សម្តេច​អគ្គមហា​សេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋ មន្ត្រី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា និង​គណៈប្រតិភូអម​ដំណើរ​បាន​ធ្វើ​មាតុភូមិ​និវត្តន៍​ប្រកប​ដោយ​សុវត្ថិភាព កាល​ពី​រសៀល​ថ្ងៃ​ទី១៦ ខែ​មីនា ឆ្នាំ​២០១៥៕

No comments:

Post a Comment