Tuesday, March 17, 2015

សន្និសីទ​ពិភព​លោក​លើក​ទី៣ របស់​អង្គការ​សហ​ប្រជា​ជាតិ ស្តីពីការ​កាត់​បន្ថយ​ហានិភ័យ នៃគ្រោះ មហន្តរាយ

សន្និសីទពិភពលោកលើកទី៣ របស់អង្គការសហប្រជាជាតិ ស្តីពីការកាត់បន្ថយហានិភ័យនៃគ្រោះ​មហន្ត​រាយ បានប្រារព្វពិធីបើកជាផ្លូវការនៅព្រឹកថ្ងៃទី១៤មីនា និងបន្តរបៀបវារៈរបស់ខ្លួនរហូតដល់ថ្ងៃទី១៨ មីនា។
សន្និសីទដ៏មានសារៈសំខាន់នេះ បានប្រារព្វធ្វើឡើងនៅទីក្រុងសេនដាយ (Sendai) ដែលជាទីក្រុង គំរូ របស់ខេត្តមិយ៉ាហ្គិ(Miyagi) ប្រទេសជប៉ុន។
សន្និសីទពិភពលោកលើកទី៣នេះ ត្រូវបានការយាងចូលរួមពីព្រះចៅអធិរាជ ព្រះចៅអធិរាជនីជប៉ុន ឯកឧត្តម បាន គីមូន អគ្គលេខាធិការអង្គការសហប្រជាជាតិ ឯកឧត្តមនាយករដ្ឋមន្រ្តីជប៉ុន ស៊ិនហ្សូ អាបេ រួមទាំង​ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល រដ្ឋមន្រ្តី តំ​ណាងរាស្រ្ត បណ្ឌិត​សភា អង្គការ​មិន​មែនរដ្ឋាភិបាល សង្គម​ស៊ីវិល  និងបានទាក់ទាញ​អ្នក​ចូលរួមប្រមាណ៨ពាន់នាក់  អញ្ជើញចូលរួម​ក្នុងព្រឹត្តិការណ៍​ពាក់ព័ន្ធ​នឹង​សាធារណៈ ដែលភ្ជាប់ទៅនិងសន្និសីទពិភពលោកនេះ។ ប្រ​ទេស​ជប៉ុននិងអង្គការសហប្រជាជាតិ បាន​រៀប​ចំ​សន្និសីទពិភពលោកចំនួនពីរលើករួចមកហើយ នៅក្នុង​ប្រ​ទេសជប៉ុន ក្នុងនោះលើកទី១ សន្និសីទ​ពិភព​​លោក​ស្តីពីការកាត់បន្ថយគ្រោះមហន្តរាយ នៅទីក្រុងយូកូហា​ម៉ា (Yukohama) ក្នុងឆ្នាំ១៩៩៤ និង​លើក​​ទី២នៅខេត្តយ៉ូហ្គូ(Hyogo)ក្នុងឆ្នាំ២០០៥ និងពេលនេះ គឺជា​លើក​ទី៣ ដែលជប៉ុនបានធ្វើ​ជាម្ចាស់​ផ្ទះ ក្នុង​ការរៀបចំនូវសន្និសីទពិភពលោកដ៏មានសារៈសំខាន់នេះ។
ថ្លែងនៅក្នុងពីធីបើកសន្និសីទពិភពលោកលើកទី៣ ស្តីពីការកាត់បន្ថយហានិភ័យ នៃគ្រោះមហន្ត រាយ ឯកឧត្តម បាន គីមូន អគ្គលេខាធិការអង្គការសហប្រជាជាតិ មានប្រសាសន៍ថា មានប្រសាសន៍ថា ពេលនេះ​ គឺដល់ពេលដែលយើងទាំងអស់គ្នា ធ្វើការផ្លាស់ប្តូរបទពិសោធន៍និងយោបល់ពីគ្នាទៅវិញទៅមក ជុំវិញការប្រែប្រួលអាកាសធាតុ និងគ្រោះមហន្តរាយ។ ឯកឧត្តមអគ្គលេខាធិការអង្គការសហប្រជាជាតិ មានប្រសាសន៍ចាត់ទុកថា ការប្រែប្រួលអាកាសធាតុនិងគ្រោះមហន្តរាយ គឺជាបញ្ហាប្រឈមដែលយើង​ទាំងគ្នាត្រូវតែរួមគ្នា រិករកវិធានការសមស្របណាមួយក្នុងការទប់ស្កាត់ និងការបន្ថយនូវហានិភ័យ ដែល បាននិងកំពុងកើតមានឡើងនៅលើពិភពលោកយើងនេះ។ ឯកឧត្តមអគ្គលេខាធិការក៏បានស្នើឲ្យមានការ ពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសនិងប្រទេស ក្នុងការផ្លាស់ប្តូរព័ត៌មានពីគ្នាទៅវិញទៅមក ពិសេស​ការ ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងប្រព័ន្ធបច្ចេកវិទ្យា ដែលបន្សាំទៅនិងបម្រែបម្រួលអាកាសធាតុ និងការ​ខិតខំ តស៊ួទប់ទល់និងគ្រោះមហន្តរាយ។ ឯកឧត្តមអគ្គលេខាធិការក៏បានគូសបញ្ជាក់ដែរថា នេះគឺជា​ការ​ប្រកាស អាសន្នមួយដល់បណ្តាប្រទេសទាំងអស់លើពិភពលោក ពិសេសបណ្តាប្រទេស​នៅតាម​បណ្តា​កោះ​ឲ្យបន្តការយកចិត្តទុកដាក់រួមគ្នាក្នុងការកាត់បន្ថយហានិភ័យ នៃគ្រោះមហន្តរាយ ដែលនឹងកើត​មាន​ឡើងនៅចំ​ពោះមុខ។ 
ក្នុងពីធីបើកសន្និសីទនោះដែរ ឯកឧត្តមនាយករដ្ឋមន្រ្តីជប៉ុន ស៊ិនហ្សូ អាបេ បានប្រកាស់នូវការបង្កើត​គំនិត ផ្តួចផ្តើមកិច្ចសហប្រតិបត្តិការសេនដាយ ដោយផ្តោតលើការយកចិត្តទុកដាក់លើចំណុចសំខាន់ៗ​ចំនួន​៣ គឺការផ្តល់ជំនួយមិនមែនជាវត្តុ ជំនួយជាវត្តុ និងការលើកស្ទួយកិច្ចសហប្រតិបត្តិការតំបន់ និងអន្តរ​ជាតិ។ នៅក្នុងគំនិតផ្តួចផ្តើមដ៏មានសារៈសំខាន់នេះ ឯកឧត្តមនាយករដ្ឋមន្រ្តីជប៉ុន បានប្រសាសន៍អំ​ពី​ជំនួយ​​គិត​ជា​ទឹក ប្រាក់ចំនួន៤ពាន់លានដុល្លា ក្នុងការកាត់បន្ថយហានិភ័យ នៃគ្រោះមហន្តរាយ រួមទាំង​ការ​​ជួយ​បណ្តុះបណ្តាលដល់មន្រ្តី បុគ្គលិកចំនួន៤ម៉ឺននាក់ផ្សេងទៀត ក្នុងការគ្រប់គ្រងគ្រោះមហន្តរាយ។ ក្នុង​សុន្ទរក​ថាគន្លឹៈនោះដែរ ឯកឧត្តមនាយករដ្ឋមន្រ្តីជប៉ុន ក៏បានគូសបញ្ជាក់ពីការកសាងឡើងវិញបី គឺការ​កសាង​ឡើង​វិញ ការកសាងឲ្យមានផ្អប្រសើរជាងមុន និងការកសាងនូវជំនឿទុកចិត្ត។ ជាមួយគ្នានេះ​ឯកឧត្តម​នាយករដ្ឋមន្រ្តី ក៏បានស្នើឲ្យមានការផ្លាស់ប្តូរនូវបទពិសោធន៍ក្នុងចំណោមបណ្តាប្រទេស ដែល​បាន​អញ្ជើញចូលរួមទាំងអស់។ ឯកឧត្តមនាយករដ្ឋមន្រ្តីក៏បានផ្តល់នូវសារៈសំខាន់ខ្លាំងណាស់ ដល់បណ្តា​មេដឹកនាំពិភពលោកទាំងអស់ ដែលបានអញ្ជើញចូលរួមក្នុងសន្និសីទដ៏មានសារៈសំខាននេះ។   
កម្មវត្ថុចំនួន៥ នឹងត្រូវលើកយកមកពិភាក្សានៅក្នុងសន្និសីទដ៏មានសារៈសំខាន់នេះ ក្នុងនោះទី១ ‑ បញ្ចប់​ការ​វាយតម្លៃ និងពិនិត្យឡើងវិញ នូវការអនុវត្តផែនការសកម្មភាពខេត្ត Hyogo ដើម្បីកាត់បន្ថយហានិ ភ័យ នៃ​គ្រោះមហន្តរាយឆ្នាំ២០០៥-២០១៥ (Hyogo Framework for Action-HFA) ។ ទី២‑ ពិនិត្យ ពិ​ចា​រណាទៅលើបទពិសោធន៍ទាំងឡាយដែលទទួលបាន តាមរយៈការអនុវត្តយុទ្ធសាស្រ្ត និងផែនការ​ដែល​មានគោលដៅកាត់បន្ថយហានិភ័យ នៃគ្រោះមហន្តរាយ ដែលបានអនុវត្តដោយស្ថាប័ននៅថ្នាក់ជាតិ និង​នៅ​ថ្នាក់តំបន់ និងពិនិត្យពិចារណារាល់អនុសាសន៍ដែលលើកឡើងដោយស្ថាប័នទាំងអស់នេះ ហើយ​ក៏​មានការពិនិត្យពិចាណាទៅលើកិច្ចព្រមព្រៀងនៅថ្នាក់តំបន់ ដែលជាកិច្ចព្រមព្រៀងសមស្របនៅក្នុងក្រប ខណ្ឌនៃផែនការសកម្មភាពHFA។ ទី៣‑ អនុម័តផែនការសកម្មភាពសម្រាប់ការកាត់បន្ថយហានិភ័យ នៃ​គ្រោះ​មហន្តរាយនៅក្រោយឆ្នាំ២០១៥។ ៤កំណត់រកឲ្យឃើញនូវបែបបទ នៃការធ្វើកិច្ចសហប្រតិបត្តិការ​ដោយ ផ្អែកលើការប្តេជ្ញាចិត្ត ថានឹងអនុវត្តផែនការសកម្មភាពក្រោយឆ្នាំ២០១៥ ដើម្បីកាត់បន្ថយ​ហានិភ័យ នៃ គ្រោះមហន្តរាយ និង៥កំណត់យកបែបបទនានាសម្រាប់ការត្រួតពិនិត្យឡើងវិញ ដោយ​ទៀង​​​ទាត់ចំពោះ ការអនុវត្តនូវផែនការសកម្មភាពនៅក្រោយឆ្នាំ២០១៥ ដើម្បីកាត់បន្ថយហានិភ័យ នៃ​គ្រោះមហន្តរាយ។
គណៈ​ប្រតិភូទាំងអស់ដែលបានអញ្ជើញចូលរួមក្នុងសន្និសីទពិភពលោកលើកទី៣នេះ នឹងធ្វើការពិភាក្សា​ លម្អិតអំពីក្របខណ្ឌការងារថ្មី របស់អង្គការសហប្រជាជាតិសម្រាប់យកទៅជំនួសឲ្យ HFA ដែល បាន​អនុម័ត​កាលពី១០ឆ្នាំមុន។ សេចក្តីព្រាងបឋមនៃក្របខណ្ឌការងារថ្មីនៅក្រោយឆ្នាំ២០១៥ ស្តីពីការកាត់ បន្ថយ​​ហានិ​ភ័យ នៃគ្រោះមហន្តរាយ ដែលព្រាងឡើងដោយសហប្រធាន នៃគណៈកម្មាធិការ​រៀបចំ​អង្គសន្និសីទ​ពិភពលោកលើកទី៣នេះ នឹងក្លាយជាឯកសារគន្លឹៈនៃការពិភាក្សានៅ​ក្នុងសន្និសីទរយៈ​ពេល​៤​​ថ្ងៃនេះ​។ សេចក្តីព្រាងបឋមនោះ នឹងកំណត់នូវការងារអាទិភាពចំនួន៤ គឺ១ការយល់ដឹង​អំពី​ហានិភ័យ​នៃគ្រោះមហន្តរាយ ទី២‑ ការពង្រឹងអភិបាលកិច្ច និងស្ថាប័ននានា ដើម្បីគ្រប់គ្រងហានិភ័យ​នៃ​គ្រោះ​មហន្ត​រាយ ទី៣‑ ការដាក់ទុនវិនិយោគលើភាពអាចធន់បាន នៅក្នុងវិស័យសេដ្ឋកិច្ច សង្គម វប្បធម៌ និងបរិស្ថាន និង​​៤ការ​លើក កម្ពស់ការត្រៀមខ្លួនដើម្បីឆ្លើយតបឲ្យមានប្រសិទ្ធភាព និងការត្រឡប់ទៅស្ថាបនា​ឲ្យមាន​លក្ខណៈ​ល្អប្រសើរ នៅក្នុងការស្តារនិងការកសាងឡើងវិញ។ 
គ្រោះមហន្តរាយមានពីរប្រភេទ គឺគ្រោះមហន្តរាយដែលបង្កឡើងដោយធម្មជាតិ និងគ្រោះមហន្ត​រាយ​ដែលបង្កឡើងដោយមនុស្ស។ គ្រោះមហន្តរាយទាំងពីរប្រទេសនេះ អាចបង្កហានិភ័យដ៏ធំធេងដូចគ្នា ប្រសិន​បើគ្មានវិធានការត្រឹមត្រូវសម្រាប់ទប់ស្កាត់នោះទេ។ ហេតុដូច្នេះទើបបានជាពិភពលោកខិតខំប្រឹង​ប្រែងដាក់ចេញជាវិធានការ HFA សម្រាប់ឆ្នាំ២០០៥-២០១៥ ហើយនឹងកំពុងត្រៀមអនុម័តវិធានការថ្មី ឬ ហៅ​ក្រមខណ្ឌការងារដើម្បីកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ដំណាក់កាលទី២ (HFA2) សម្រាប់​ទប់ ស្កាត់គ្រោះមហន្តរាយនៅក្នុងអំឡុងពី១០ទៅ១៥ឆ្នាំខងមុខ។
គ្រោះមហន្តរាយដែលបង្ក​ឡើង​ដោយធម្ម​ជាតិ ក្នុងរយៈពេល១ទសវត្សរ៍ចុងក្រោយនេះ គ្រោះធម្មជាតិ​មានដូចជាខ្យល់ព្យុះ ទឹកជំនន់ រាំងស្ងួត ព្យុះ​ព្រិល សុទ្ធតែមានការកើនឡើងយ៉ាងខ្លាំងក្លា រហូតធ្វើឲ្យពិភព​លោក​មានការព្រួយបារម្ភ។ នៅ​ក្នុងចន្លោះពីឆ្នាំ ២០០២ដល់ឆ្នាំ២០១១ គ្រោះមហន្តរាយចំនួន៤១៣០ ត្រូវបានកត់ត្រាដែលបង្ក​ឡើង​ដោយ​ធម្មជាតិនៅ ជុំវិញពិភពលោក ឲ្យបានបណ្តាឲ្យមនុស្សជាង១លាន១​សែន១ម៉ឺននាក់​ស្លាប់បាត់​បង់ជីវិត និងខាតបង់​ទ្រព្យសម្បត្តិជាង១ពាន់១៩៥ពាន់លានដុល្លាអាមេរិក។ សូមបញ្ជាក់ដែរថា សន្និសីទ​ពិភពលោកលើកទី៣ ស្តីពីការកាត់បន្ថយហានិភ័យ នៃគ្រោះមហន្តរាយនេះ និងបន្តកិច្ចពិភាក្សា​ការងាររបស់ខ្លួននៅក្នុងរយៈពេល៣ថ្ងៃបន្តទៀត ដោយគ្រោងនឹង​បញ្ចប់នៅថ្ងៃ​ទី១៨​មីនា។ ជាមួយគ្នានេះប្រធានសន្និសីទនិងចេញសេចក្តីប្រ កាសរួមស្តីពីលទ្ធផល នៃសន្និសីទ​ពិភព​លោក​លើក​ទី៣នេះផងដែរ។
សូមបញ្ជាក់ដែរថា នៅក្នុងសន្និសីទ ពិភពលោកលើកទី៣នេះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តី​ថ្លែង​សុន្ទរកថា​គន្លឹៈដោយរូបសម្តេចយល់ឃើញ ថា យើងទាំងអស់គ្នាត្រូវផ្តោតអាទិភាពទៅ​លើការអនុវត្ត​កិច្ចការ​​សំខាន់ៗ មួយចំនួនរួមមាន ទី១ការពង្រឹងស្ថាប័ន និងការបង្កើនក្របខណ្ឌច្បាប់ បទបញ្ញាត្តិ និង​យន្តកា​រ​គ្រប់គ្រងគ្រោះមហន្តរាយនៅគ្រប់កម្រិតទាំងអស់ ដោយផ្អែកលើស្ថានភាពជាក់ស្តែង​របស់​ប្រទេ​ស​នីមួយៗ ក៏ដូចជាការផ្តល់នូវការគាំទ្របន្ថែមទៀតដល់ ការខិតខំធ្វើសមាហរណកម្មទាំងក្នុងកម្រិតតំបន់ និង​ពិភពលោក ទី២ការបង្កើននិងពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឥតព្រំដែន ក្នុងការ​គ្រប់គ្រង​គ្រោះមហន្តរាយ ពិសេសការបន្តជំរុញធ្វើការផ្លាស់ប្តូរព័ត៌មានឲ្យកាន់តែស៊ីជំរៅ ព្រមទាំង​បង្កើត​កម្មវិធីចែករំលែកចំណេះដឹងទាក់ទិននឹងការទប់ស្កាត់ និងកាត់​បន្ថយហានិភ័យពីគ្រោះមហន្តរាយ​ទាំង​ក្នុង​កម្រិតសហគមន៍ កម្រិតជាតិ កម្រិតតំបន់ និងអន្តរជាតិ ទី៣ ការលើកកម្ពស់ភាពជាដៃគូ ព្រមទាំងការបង្ក​និង​ធានានូវបរិយាកាសដែលបើកទូលាយ និងមានលក្ខណៈអនុគ្រោះ ដើម្បីជំរុញការចូលរួមពី​សំណាក់​ភាគីពាក់ព័ន្ធទាំងអស់នៅគ្រប់កម្រិត រួមទាំងក្រុមជនងាយរង គ្រោះផង ក្នុងការគ្រប់​គ្រងគ្រោះមហន្តរាយ ពិសេសតាមរយៈការគាំទ្រនូវភាពជាអ្នកដឹកនាំ និងការពង្រឹង សមត្ថភាពអនុវត្តនៅតាមសហគមន៍ ទី៤​ការ​បញ្ចូលនូវការទប់ស្កាត់និងការកាត់បន្ថយហានិភ័យពីគ្រោះមហន្តរាយ ទៅក្នុងផែនការអភិវឌ្ឍន៍នៅ​គ្រប់គ្រប់កម្រិតទាំងអស់ ដោយផ្អែកលើអភិក្រមនៃការរៀបចំ និងអនុវត្តផែនការ​សកម្មភាពតា​មតំបន់​នីមួយៗ ដែលយកសហគមន៍ជាស្នូលនៃការធ្វើផែនការ និងដោយ​សហការជាមួយនិងគ្រប់ភាគីពាក់ព័ន្ធ ទី៥​ការពង្រឹងផែនការត្រៀមបំរុងឆ្លើយតបនិងគ្រោះមហន្តរាយ ដែលមានយន្តការត្រឹមត្រូវដើម្បីធានា​ប្រសិទ្ធ​ភាពនៃការអនុវត្តផែនការ ព្រមទាំងការបន្តពង្រឹងយន្តការជួយគាំពារ ដល់ប្រជាជនងាយរង​គ្រោះទាំងក្នុងពេល និងក្រោយពេលមានគ្រោះមហន្តរាយ តាមរយៈការពង្រឹងស្ថាប័ន និងយន្តការពាក់ព័ន្ធ ជាពិសេសគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយរបស់ប្រទេសនីមួយៗ និងការពង្រឹងកិច្ចសហ​ប្រតិ​បត្តិ​ការជាមួយនិងគ្រប់ដៃគូពាក់ព័ន្ធ ទី៦ការវិភាជន៍ថវិកាឲ្យបានគ្រប់គ្រាន់ទៅដល់ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់ ដើម្បីបញ្រ្ជាបផែនការសកម្មភាពសម្រាប់កាត់បន្ថយហានិភ័យ ពីគ្រោះ​មហន្តរាយ ក៏ដូចជា​សម្រាប់រៀបចំ និងអនុវត្តសំណាញ់សុវត្ថិភាពសង្គម និងកម្មវិធីគាំពារសង្គម សំដៅកាត់បន្ថយហានិភ័យ បង្កើនភាពធ្ងន់ និងរក្សាសន្តិសុខស្បៀង ។ ការពង្រឹង និងពង្រីកប្រព័ន្ធធានារ៉ាប់រង រួមទាំងការបន្ត​ខិតខំ​បង្កើនផលិតផលធានារ៉ាប់រង​ថ្មីៗបន្ថែម​ទៀតផងដែរ ដើម្បីឆ្លើយតបនឹងហានិភ័យគ្រោះមហន្តរាយ ជា​ពិសេស​ការធានារ៉ាប់រងអាយុជីវិត និងការ​ធានា​រ៉ាប់រងខ្នាតតូច ។
នៅថ្ងៃត្រង់ថ្ងៃដដែលនោះដែរ ឯកឧត្តម ស៊ិនហ្សូ អាបេ នាយករដ្ឋមន្រ្តីជប៉ុន បានប្រារព្វរៀបចំពិធី ទទួល​ទានអាហារថ្ងៃត្រង់ជាមហាកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុត ជូនឯកឧត្តម លោកជំទាវ ប្រមុខរដ្ឋ ប្រមុខរដ្ឋា​ភិបាល និង​បណ្តាគណៈប្រតិភូទាំងអស់ដែលមានវត្តមានអញ្ជើញ មកចូលរួមសន្និសីទពិភពលោកលើកទី ៣ របស់​អង្គការសហប្រជាជាតិ ស្តីពីការកាត់បន្ថយហានិភ័យ នៃគ្រោះមហន្តរាយ នៅទីក្រុងសេនដាយ ប្រទេស​ជប៉ុន។
ឯកឧត្តម ស៊ិនហ្សូ អាបេ នាយករដ្ឋមន្រ្តីជប៉ុន មានប្រសាសន៍ថ្លែងនូវ​អំណរគុណ​យ៉ាង​ជ្រាលជ្រៅបំផុត ជូន​ចំពោះសម្តេច ឯកឧត្តម លោកជំទាវ ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល នៃបណ្តាប្រទេស នានាលើ​ពិភព​លោក ដែលបានចំណាយពេលវេលាដ៏មានតំលៃបំផុត អញ្ជើញមកចូលរួមក្នុង​ពិធីសន្និសីទ ពិភព​លោក​លើកទី៣ របស់អង្គការសហប្រជាជាតិ ស្តីពីការកាត់បន្ថយហានិភ័យ នៃគ្រោះមហន្តរាយ នៅ ទីក្រុង​សេន​ដាយ ប្រទេសជប៉ុន។ ឯកឧត្តមនាយករដ្ឋមន្រ្តីមានប្រសាសន៍បន្តថា វត្តមានរបស់សម្តេច ឯក​ឧត្តម លោក​ជំទាវ ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលនិងគណៈប្រតិភូទាំងអស់ នៅទីក្រុងសេន​ដាយ​ប្រទេស​ជប៉ុន នៅពេល​នេះ គឺពិតជាតំលៃមិនអាចកាតថ្លៃបាន និងគឺជាការធ្វើពលីកម្មយ៉ាងធំធេងសំរាប់សន្តិភាព ស្ថេរ​ភាព និង ការ​អភិវឌ្ឍក្នុងតំបន់ ពិសេសការរួមគ្នារិៈរកគ្រប់មធ្យោបាយ ក្នុងការកាត់បន្ថយហានិភ័យ នៃគ្រោះ​មហន្ត​រាយ ដែលបង្កឡើងដោយការបម្រែបម្រួលអាកាសធាតុ និងគ្រោះមហន្តរាយ ដែលបាន និងកំពុងកើត​​​មាន​ឡើង​នៅក្នុងពិភពលោកនាពេលបច្ចុប្បន្ន។
នៅក្នុងសុន្ទរកថាខ្លីនោះ​ឯកឧត្តមនាយករដ្ឋ​មន្រ្តី​ជប៉ុន ក្នុងនាមព្រះចៅអធិរាជ និង​ព្រះអធិរាជនី ក៏ដូច​ជា​ភរិយា និងប្រជាជនជប៉ុនទាំងអស់ ឯកឧត្តមបាន​ប្រសិទ្ធ​ពរ​ដល់ការស្នាក់នៅទីក្រុងសេនដាយ ​ប្រកប​ដោយសុវត្តិភាពបំផុត ដើម្បីជានិម្មិតរូបដល់ចំណង​សាមគ្គី​ភាព និងកិច្ចសហប្រតិបត្តិការ នៃប្រជាជាតិ​ទាំងអស់ក្នុងតំបន និងពិភពលោក៕

No comments:

Post a Comment