Tuesday, March 17, 2015

សម្តេចតេជោ នឹងផ្តល់ប្រាក់រង្វាន់ ១០០លានរៀល រួមជាមួយមេដាយកិត្តិយសថ្នាក់មហាសេរីវឌ្ឍន៍ ដល់អ្នកគ្រូ នាង ផល្លា


យោងតាម​ប្រភព​ពីខុទ្ទកាល័យ​សម្តេចតេជោ ​ហ៊ុន​ សែន ​នៅល្ងាចថ្ងៃទី​ ១៦​ ខែមីនា​ ឆ្នាំ២០១៥​ បាន​ឲ្យដឹងថា​ ដើម្បី​ជាការ​លើកទឹកចិត្ត​ និង​ផ្តល់កិត្តិយស​ជូនអ្នកគ្រូ ​នាង ផល្លា​ ដែលបាន​ខិតខំ​អប់រំ​បង្ហាត់​បង្រៀន​កុមារគ ​ថ្លង់ ​និងពិការភ្នែក​កម្ពុជា​អស់រយៈកាល​ជិត​ ២០ឆ្នាំ​កន្លងមក​នេះ ​ដែលអ្នក​គ្រូសម​ នឹង​ទទួលបាន​មហាកិត្តិយស ​ពី​សម្តេច​តេជោ ​នាយក​រដ្ឋមន្រ្តី ​នូវ​មេដាយថ្នាក់​មហាសេរី​វឌ្ឍន៍ ​(មេដាយ​មហា​កិត្តិយស ​លំដាប់ទី២​)​ ព្រមទាំង​ផ្តល់នូវ​រង្វាន់លើក​ទឹកចិត្ត​ចំនួន ​១០០លានរៀល ​ដែល​ពិធីប្រគល់​នេះ ​នឹងធ្វើឡើង​ នៅក្នុង​ឱកាស​មហាសន្និបាត​របស់​ក្រសួង​អប់រំ​យុវជន​ និងកីឡា ​ដែលនឹង​ប្រព្រឹត្តិ​ទៅ​ក្នុងពេល​ដ៏ខ្លី​ខាងមុខ​នេះ។

អ្នកគ្រូ ​នាង​ ផល្លា​ ជាបេក្ខជន​ម្នាក់ ​ក្នុង​ចំណោម​បេក្ខជន​ ១០ រូប ​ដែល​ប្រជែងយក​ជ័យលាភី ​គ្រូបង្រៀន​ឆ្នើមពិភពលោក​ Global Teacher Prize 2015​។ ​ទោះបី​ជា​អ្នកគ្រូ នាង ​ផល្លា ​មិនបាន​ទទួល​ជ័យលាភី​ គ្រូបង្រៀន​ឆ្នើមពិភព​លោក​ ដែលត្រូវ​បានប្រកាស​លទ្ធផល​ ជ័យលាភី ​ប្រាក់រង្វាន់ ​១ លានដុល្លារ​កាលពី​ព្រលប់​ថ្ងៃអាទិត្យ ​ទី១៥​មីនា ​ក៏ដោយ​ក្រសួងអប់រំ​ អំពាវនាវ​ដល់​មហាជន​ឲ្យបន្តបោះឆ្នោត​គាំទ្រ​តាមអ៊ិន​ថឺណេត​ ជូនដល់​អ្នកគ្រូ​ នាង ផល្លា ​ដើម្បី​ឈ្នះពានរង្វាន់​គ្រូបង្រៀន ​ដែល​មានប្រជាប្រិយ​ភាព​បំផុត​។ ​ការបោះឆ្នោត​គាំទ្រ​នោះ ​ធ្វើឡើង​រហូតដល់​ថ្ងៃអង្គារ ​ទី១៧​មីនា​នេះ ​ដែលជាថ្ងៃ​ប្រកាសលទ្ធ​ផល​។
ទោះជា​បែបនេះក្តី​ ក្រសួងអប់រំ​ បាន​ប្រកាសថា ​មូលនិធិ ​Varkey Foundation ​ដែលជាអ្នក​រៀបចំ​កម្មវិធីគ្រូ​ឆ្នើម​ពិភពលោក ​Global Teacher Prize ​នឹង​ផ្ដល់ប្រាក់រង្វាន់​ម្នាក់ៗ ២៥.០០០ ដុល្លារ​​សហរដ្ឋ​អាមេរិក​ ជូនបេក្ខភាព​ជាប់ទាំង​ ៩ នាក់​ ចុងក្រោយ ​ដែលក្នុង​នោះ ​មានអ្នកគ្រូ ​នាង ​ផល្លា ​ម្នាក់ដែរ។
គួរបញ្ជាក់ថា ​ពានរង្វាន់​ជ័យលាភី​គ្រូបង្រៀន​ឆ្នើម​ពិភពលោក​ ដែល​ប្រកាសលទ្ធផល​កាលពីថ្ងៃ​អាទិត្យ​កន្លងទៅ ​បានទៅ​លើអ្នកគ្រូ ​Nancie Atwell ជាស្ថាបនិក​បណ្ឌល​សិក្សា​និងជា​គ្រូបង្រៀន​រយៈពេល​៤២ឆ្នាំ។​ អ្នកគ្រូ​ ប្រកាសថា​ អ្នកគ្រូ ​នឹងផ្ទេរ​រង្វាន់​១លាន​ដុល្លារនេះ​ទៅជួយ​មណ្ឌល​សិក្សា​របស់​ អ្នកគ្រូ។     
ទោះបីជា ​អ្នកគ្រូ ​នាង​ ផល្លា ​មិនឈ្នះ​ជ័យលាភីក្តី ​ប៉ុន្តែ​ថ្នាក់ដឹកនាំ​នៃ​រាជរដ្ឋា​ភិបាល​ ក៏ដូចជា​ប្រជាជន​កម្ពុជា​ ពិត​ជា​បានមើល​ឃើញថា ​អ្នកគ្រូ នាង​ ផល្លា ​មិនត្រឹម​តែជាស្រ្តីកម្ពុជា ​ដែលបាន​បំពេញការងារ​មនុស្សធម៌​បម្រើ​ប្រយោជន៍​សម្រាប់​សង្គមជាតិ ​ថែម​ទាំង​ជាស្ត្រីខ្មែរ​ដែលមាន​ការតស៊ូអត់ធ្មត់​ជា​មួយ​ការ​តាំងចិត្តខ្ពស់ ​និង​ ប្តេជ្ញាចិត្ត​ដ៏មុះមុត​ក្នុង​ការផ្តល់ចំណេះ​ដឹងដល់​កុមារ​ពិការ​ និងគ​ ថ្លង់​។ ​តាមរយៈ​កម្មវិធី ​Global Teacher Prize ​ជាពិសេស​នៅលើវេទិកា​ នាទីក្រុងឌូប៉ៃ ​ដែលនឹង​មាន​អ្នកចូលរួម​រាប់រយ​នាក់នោះ ​អ្នកគ្រូ​ ផល្លា បាននាំ​កម្ពុជា​ឲ្យ​មនុស្សជាតិ​លើឆាក​អន្តរជាតិ ​បានដឹង​ បានស្គាល់ ​ហើយដឹង​កាន់តែច្បាប់ ​ថា ​កម្ពុជា​ បាន​និង​កំពុងយក​ចិត្ត​ទុកដាក់​ខ្លាំង​ទៅលើ​វិស័យ​ពិការភាព​ ដែលជាឧបសគ្គមួយ​ក្នុងការ​អភិវឌ្ឍ​សង្គម​ជាតិ។  
អ្នកគ្រូ ​នាង ផល្លា ​ត្រូវបាន​ Global Teacher Prize ​ដកស្រង់​សម្តីថា ​«ចាប់ផ្តើម​ការបង្រៀន​កម្មវិធីគ​ ថ្លង់ ​ជាពេល​វេលា ​ដ៏លំបាក​បំផុត​ ព្រោះមិន​ទាន់​ការអប់រំ​ ដល់ពួកគេ​ នៅឡើយទេ ​ដែលទាមទារ​ឲ្យពួកគេរៀន​ចំណាំ​ក្នុងការចង​ចាំ ​សញ្ញា ​នៃភាសា ​គ ថ្លង់​ នេះ ​ខណៈ​ដែលយើង​ទើបតែ​នឹង​ចាប់ផ្តើម​។ យ៉ាងណា​ក៏ដោយ ​ខ្ញុំអាច​និយាយ​បាន​ថា​ ខ្ញុំនៅតែ​បន្ត​ការងារ​នេះ​»
អ្នកគ្រូ​ មានគោលដៅ​ក្នុងការបង្រៀន​វិធីនេះ ​តាមរយៈ​ការយល់​ដឹង​ ការចងចាំ​ និង​ជំនឿទុក​ចិត្ត​របស់​អ្នកគ្រូ​។ ​បន្ថែមនេះ​ អ្នកគ្រូបាន​ផ្តល់​ការបង្រៀន​ជាអាទិភាព​ នូវ​ ភាសាអង់គ្លេស ​និង​ជំនាញកុំព្យូទ័រ​ ដល់​ពួកគេ​ថែមទៀត ​ផង​។ សិស្ស ​នៅអង្គការ​គ្រួសារថ្មី​ បាន​ចាប់​ផ្តើមរៀន​ភាសា​អង់គ្លេស ​ដោយក្មេង​ គ ថ្លង់​នោះបាន​បន្ថែមតន្រ្តី ​និង​ ភាសា​បរទេស។
ដោយ​សារ​ប្រព័ន្ធអប់រំ ​កម្មវិធីបង្រៀន​សិស្ស​ គ ថ្លង់ ​ត្រូវបាន​អនុវត្ត​ជាមួយ​ក្រសួងអប់រំ ​ជាលក្ខណៈជាតិ ​កម្មវិធី ​បង្រៀន​ ត្រូវបាន​ពង្រីក​ដោយមានគ្រូ​ រហូត​ទៅដល់ ​៦៩នាក់ និង​មានសិស្ស​ចំនួន ២៥០នាក់​ នៅអង្គការ​គ្រួសារ​ ថ្មី ចំនួន ៤ ​សាខា ​និង ​សាលា​នានា ​ជាសាធារណៈ​ចំនួន ​២៩ទូ​ទាំង​ប្រទេស។
អត្ថបទ៖ ច័ន្ទ ទេវី



No comments:

Post a Comment