Wednesday, August 16, 2017

សិស្សដែលប្រលងបាននិទ្ទេស A នៅខេត្តកណ្តាល នឹងទទួលបានម៉ូតូស៊េរីថ្មីមួយគ្រឿង

នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៧ នៅវិទ្យាល័យ ហ៊ុន សែន តាខ្មៅ បានរៀបចំពិធីសំណេះ​សំណាល​ជាមួយសិស្សថ្នាក់ទី១២ និងគ្រូបង្រៀនថ្នាក់ទី១២ ក្នុងក្រុងតាខ្មៅ ក្រោមអធិបតីភាព លោក ម៉ៅ ភិរុណ  អភិបាលនៃគណៈអភិបាលខេត្តកណ្តាល និងជាប្រធានក្រុមការងារ​ថ្នាក់ជា​តិ​ចុះ​ជួយក្រុងតាខ្មៅ និងមានការចូលរួមមានពី សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ក្រុមប្រឹក្សា គណៈអភិបាលក្រុង មន្រ្តីរាជ​ការ​ជុំវិញ​ក្រុង លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស សរុបចំនួន ១៣០០ នាក់។
នាឱកាសនោះដែរ អភិបាលខេត្ត បានឧបត្ថម្ភដល់ លោកគ្រូ អ្នកគ្រូបង្រៀនថ្នាក់ទី១២ ក្នុង​ក្រុង​តា​​ខ្មៅ​ចំនួន១០៨នាក់ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន ១០ ម៉ឺនរៀល   សិស្សា​នុសិស្សថ្នាក់​ទី១២​ ចំនួន ១១៦២ នាក់ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន ៥ម៉ឺនរៀល។ លោកក៏បាន​លើកទឹក​ចិត្តដល់​សិស្សជ័យលាភីប្រឡងសញ្ញាបត្រនៅក្នុងក្រុងតាខ្មៅផងដែរ ដោយសិស្សដែលប្រលង​បាន​និទ្ទេសAនឹងទទួល​បានម៉ូតូស៊េរីថ្មីមួយគ្រឿង ហើយចំពោះសិស្សដែល​ប្រឡង​ជាប់​​នឹង​ទទួលបាន​ការ​លើក​​ទឹក​ទៅតាមនិទ្ទេសនីមួយៗ ។
លោក ម៉ៅ ភិរុណ  បានឱ្យដឹងថា រាល់ការផ្ញើកង់ ម៉ូតូ និងរថយន្តក្នុងពេលប្រលងបាក់ឌុប គឺមិនត្រូវគិតប្រាក់នោះទេ ហើយ​​រាល់ការ​បាត់បង់ គឺអាជ្ញាធរជាអ្នកទទួលខុសត្រូវ។ លោក ម៉ៅ ភិរុណ  ក៏បានណែនាំឱ្យមន្ទីរពាក់ព័ន្ធ និងអាជ្ញាធរក្រុងតាខ្មៅ ជួបប្រជុំ​ជាមួយ​ម្ចាស់​សណ្ឋា​គារ និងផ្ទះសំណាក់នានា ស្នើសុំកុំឱ្យមានការតម្លើងថ្លៃឈ្នួលផ្ទះសំណាក់ និងសណ្ឋាគារ នៅពេលប្រឡងខាងមុខ ដើម្បីសម្រួលដល់ការចំណាយនានា​របស់សិស្សដែលមក​ចូលរួម​ប្រ​ឡង​​៕








No comments:

Post a Comment