Thursday, August 17, 2017

ស្ថានភាពរស់នៅរបស់កុមារ និងជនងាយរងគ្រោះ នឹងប្រសើរជាងមុន ក្រោយមណ្ឌលថ្មី នៅខេត្តកណ្តាលកសាងរួច

លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានលើកឡើងថា ស្ថានភាពរស់ នៅរបស់កុមារ និងជនងាយរងគ្រោះ នឹងប្រសើរជាងមុន ក្រោយមណ្ឌលថ្មី កសាងរួចរាល់ នៅដើមឆ្នាំ ២០១៨ខាងមុខនេះ។ លោកបានលើកឡើងថា ក្រោយទទួលបានថវិកា ក្នុងការកសាងមណ្ឌលថ្មីៗនោះ បច្ចុប្បន្ននេះ ក្រសួងកំពុងកសាងមណ្ឌលពិនិត្យព្យាបាល ថែទាំ បងប្អូន វិកលចារិក ដើម្បីផ្លាស់ប្តូរពួកគាត់ ទៅរស់នៅកន្លែងផ្សេងមួយទៀត ដាច់ដោយឡែក។

លោក វង សូត បន្តថា ការកសាងនេះ បានប្រព្រឹត្តទៅជាបណ្តើរៗនៅចុងឆ្នាំនេះ ឬដើមឆ្នាំក្រោយ ក្រសួងអាច ផ្ទេរ បងប្អូនវិកលចរិក ប្រមាណ១០០ ទៅ២០០នាក់ ពីមណ្ឌលព្រៃស្ពឺ ទៅកាន់មណ្ឌលថ្មីនេះ ដែលមានទីតាំង ស្ថិត នៅឃុំកំពង់កន្ទួត ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

ការលើកឡើងរបស់ លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច បានធ្វើឡើងខណៈលោក បានជួបពិភាក្សា ការងារ ជាមួយលោកស្រី Rhona Smith អ្នករាយការណ៍ពិសេសរបស់អង្គការ សហប្រជាជាតិ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៧នេះ នៅទីស្តីការក្រសួង។

ឆ្លើយតបនឹងការលើកឡើងនេះ លោកស្រី Rhona Smith អ្នករាយការណ៍ពិសេសរបស់អង្គការ សហប្រជាជាតិ បានសម្តែងការសាទរដល់ក្រសួងសង្គមកិច្ច ដែលបានប្រឹងប្រែងខិតខំបំពេញការងារ ក្នុងការកសាងមណ្ឌលថ្មី នេះ។ លោកស្រី ក៏បានស្នើឱ្យលោក វង សូត ជំរុញឱ្យក្រសួងពាក់ព័ន្ធនានា ចូលរួមធ្វើការងារ និងអនុវត្ត តាមអនុសាសន៍ ទាំងឡាយ ដែលមានកន្លងមក។

លោកស្រី បន្តថា សម្រាប់កុមារ និងជនងាយរងគ្រោះ ជារឿងដែលសំខាន់ និងត្រូវ យកចិត្តទុកដាក់បំផុត។
ក្រោយមានការលើកឡើងរបស់ លោកស្រី Rhona Smith លោក វង សូត បានលើកឡើងថា ជំនួស មុខឱ្យរាជរដ្ឋាភិបាល ក្រសួងសង្គមកិច្ច កំពុងសិក្សាស្រាវជ្រាវពីបណ្តាប្រទេសដទៃទៀត ជុំវិញការ ស្តារនីតិសម្បទា របស់ជនរងគ្រោះ ពីព្រោះថា បញ្ហានេះ ជាបញ្ហាសាកល មិនមែនតែប្រទេសកម្ពុជានោះទេ។ យើងត្រូវរិះរកគ្រប់មធ្យោបាយដើម្បីដោះស្រាយបញ្ហា ទាំងអស់នោះ ឱ្យមានភាពល្អប្រសើរជាងមុននិងសម្រាប់ និរន្តរភាពយូរអង្វែង។

លោក វង សូត បន្តថា ក្រសួងបានខិតខំប្រឹងប្រែង កែលំអ និងអភិវឌ្ឍ មណ្ឌលមួយចំនួន ដូចជា មណ្ឌលព្រៃស្ពឺនេះ គឺការៀបចំហាក់ដូចជា ច្របូកច្របល់ដោយសារមានការទុកដាក់ ជនអនាថា មានចាស់ មានក្មេង បងប្អូនមានខួរក្បាល មិនប្រក្រតី និងអ្នកញៀនថ្នាំជាដើម។ នេះជាហេតុផល ដែលធ្វើឱ្យក្រសួងសង្គមកិច្ច និងក្រសួងពាក់ព័ន្ធពិបាកក្នុងការគ្រប់គ្រង។

យ៉ាងណាក៏ដោយ រាជរដ្ឋាភិបាល តាមរយៈក្រសួងសង្គមកិច្ច បានរៀបចំឱ្យកុមារក្រោមអាយុ១៨ឆ្នាំ មានកន្លែងស្នាក់នៅ ការបណ្តុះបណ្តាល និងផ្តល់ជំនាញ នេះគឺជាការគោរពសិទ្ធរបស់កុមារ ជាអ្វីដែលអង្គការ សហប្រជាជាតិ ត្រូវការផងដែរ។

គួរបញ្ជាក់ថា តាមរយៈក្រសួងសង្គមកិច្ច កំពុងតែបង្កើតនូវ មជ្ឈមណ្ឌលសំចត សម្រាប់ជួយជនរងគ្រោះបាន ច្រើនកន្លែង ទាំងនៅរាជធានីភ្នំពេញ និងនៅតាមច្រកព្រំដែន។

លោក វង សូត បានលើកឡើងថា ការពិតជាសារៈសំខាន់ណាស់ និងបានចូលរួមចំណែក ការងារសង្គមកិច្ច ក្នុងការទទួលមើលខុសត្រូវលើជនងាយរងគ្រោះឱ្យកាន់តែប្រសើរ និងមានប្រសិទ្ធភាពជាងមុនជាពិសេស ជាការ លើកមុខមាត់រាជរដ្ឋាភិបាលនិងប្រទេសកម្ពុជា ៕








No comments:

Post a Comment