Thursday, August 17, 2017

ស្នងការនគរបាលខេត្តព្រះសីហនុ ផ្សព្វផ្សាយ ណែនាំដល់ប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ក្នុងស្ថានភាពទឹកបានឡើងខ្លាំង

ព្រះសីហនុ៖ លោក ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានប្រាប់នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧នេះថា ដោយសាររយៈពេលប៉ុន្មានថ្ងៃនេះ ភ្លៀងបានធ្លាក់ជោគជាំ រហូតដល់ព្រឹកនេះ ស្ថានភាពទឹក បានឡើងខ្លាំង និងបានលិចហូរកាត់ថ្នល់មួយផ្នែកលើផ្លូវ ជាតិ៣ ក្នុងឃុំទឹកថ្លា  ឃុំទឹកល្អក់ ឃុំសាមគី្គ និងឃុំ មួយចំនួនទៀត តាមផ្លូវជាតិលេខ៤ ក្នុងស្រុកព្រៃនប់ ព្រមទាំងផ្ទះប្រជាពលរដ្ឋមួយចំនួនរងផលប៉ះពាល់។
លោកបានបន្ថែមថា ប៉ុន្តែក្នុងអំឡុងពេលនេះ ការធ្វើចរាចរទៅមកបានជាធម្មតា។ ដោយលោកបញ្ជាក់ថា កម្លាំងមូលដ្ឋានកំពុងឈរជើងនៅកន្លែងដែលរងគ្រោះ បានផ្សព្វផ្សាយ ណែនាំដល់ប្រជាពលរដ្ឋ ត្រូវមានការ ប្រុងប្រយ័ត្នខ្ពស់ ពិសេសក្មេង និងចាស់ជរា។
បន្ថែមពីនេះ ស្នងការដ្ឋាននគរបាលខេត្ត បានចាត់កម្លាំងមួយចំនួនចុះទៅជួយជាបន្ទាន់ និងមួយចំនួនទៀត បានប្រមូលផ្តុំនៅស្នងការដ្ឋាន និងមធ្យោយបាយមួយចំនួនត្រៀមចុះទៅជួយអន្តរាគមន៍ បើស្ថានភាពទឹក មិនថមថយ។
សូមជម្រាបថា ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីប្រកាសព័ត៌មានមួយ ដោយបានឱ្យដឹងថា ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៧នេះ កម្ពុជាទទួលរងនូវសម្ពាធទាប ពីសមុទ្រចិនខាងត្បូង ដូច្នេះហើយនឹងមានភ្លៀងធ្លាក់ ខ្យល់កន្ដ្រាក់ និងរន្ទះ នៅតាមបណ្ដាខេត្តមួយចំនួន។

តាមសេចក្ដីជូនដំណឹង ក៏បានបញ្ជាក់ថា នៅតំបន់ទំនាបកណ្ដាល តំបន់ខ្ពង់រាប និងតំបន់មាត់សមុទ្រ ផ្ទៃមេឃមានសភាពអាប់អួ មានពពកច្រើនដេរដាស ដែលអាចនឹងមានភ្លៀងធ្លាក់ពីមធ្យមទៅខ្លាំង លាយឡំជាមួយផ្គរ រន្ទះ និងទឹករលកសមុទ្រមានកម្ពស់ខ្ពស់ៗ ៕








No comments:

Post a Comment