Thursday, August 17, 2017

ការបោះឆ្នោតសាកលលើកទី ១៤ របស់ម៉ាឡេស៊ី គឺឈរនៅទ្រឹង

ដោយធ្លាប់មានបទពិសោធន៍រង្គោះរង្គើកើតចេញពីលទ្ធផលនៃការបោះឆ្នោតសាកលកាល ពីឆ្នាំ២០១៣ កន្លងទៅ លោកនាយករដ្ឋមន្ត្រី Najib Razak បានទម្លាក់កំហុសពីការចាញ់សម្លេងភាគច្រើនដាច់ខាតរបស់បក្សខ្លួន ថាបណ្តាលមកពី «ព្យុះហ៊្សូណាមិចិន» ដោយអះអាងថា មានបញ្ហាទំនាក់ទំនងជាតិសាសន៍នៅក្នុងប្រទេសម៉ាឡេស៊ី ទោះបីជាមូលហេតុពិតប្រាកដនៃការចាញ់នោះ បណ្តាលមកពីការបែងចែកតំបន់ទីក្រុង និងជនបទរបស់ប្រទេសនេះក្តី។ ប្រឈមមុខនឹងការតម្រូវឲ្យមានការបោះឆ្នោតសាកលដែលនឹងត្រូវធ្វើនៅពាក់កណ្តាលខែមិថុនា ឆ្នាំ២០១៨នោះ លោកនាយករដ្ឋមន្ត្រីបានធ្វើការរំលឹកម្តងហើយ ម្តងទៀតដល់អ្នកបោះឆ្នោតរបស់ខ្លួនអំពីផលប្រយោ​ជន៍នៃការគាំទ្រគណបក្សកាន់អំណាច តាមរយៈការផ្តល់ជំនួយ ធានាការវិនិយោគ បរទេស និងដាក់ចេញនូវគោលនយោបាយ ដូចជា គោលនយោបាយផ្លាស់ប្តូជាតិ ២០៥០ National Transformation 2050 (TN50) ជាដើម។

រដ្ឋបាលរបស់លោក Najib បានបន្តរំលឹកជនជាតិម៉ាឡេស៊ីថា មូលដ្ឋានគ្រឹះរបស់ប្រទេសនៅមានភាពរឹងមាំ ហើយថា សេដ្ឋកិច្ចក៏មានការកើនឡើងជាបន្តបន្ទាប់ផងដែរ ទោះបីប្រទេសមួយចំនួនក្នុងតំបន់មានការធ្លាក់ចុះក៏ដោយ។ ខណៈដែលខ្លួនកំពុងឃោសនាពីគោលនយោបាយរបស់រដ្ឋាភិបាល ជនជាតិម៉ាឡេស៊ីកំពុងមានការមិនសប្បាយចិត្ត ចំពោះការកើនឡើងនៃតម្លៃប្រេង ការធ្លាក់ចុះនៃប្រាក់រីងហ្គីត និងការធ្លាក់ចុះនៃការទិញសរុប ដែលបង្កឲ្យមានប្រាក់សន្សំបម្រុងតិចតួច។ ចាប់តាំងពីវិបត្តិហិរញ្ញវត្ថុសាកលមក ម៉ាឡេស៊ីក៏មានចំណែកនៃភាពបរាជ័យនោះដែរ ដែលជាចំណែកមួយនៃការព្រួយបារម្ភផ្នែកសេដ្ឋកិច្ចនាពេលបច្ចុប្បន្ន។

ក្រុមហ៊ុន Felda Global Ventures Holdings ដែលជាក្រុមហ៊ុនផលិតប្រេងដូងធំលំដាប់ទីបីលើលោក ថ្មីៗនេះ កំពុងតែច្របូកច្របល់ដោយសាររឿងអាស្រូវពុករលួយ និងការគ្រប់គ្រងមិនល្អ។ ក្រុមហ៊ុននេះ ដែលមួយភាគធំគ្រប់គ្រងដោយអាជ្ញាធរអភិវឌ្ឍន៍ដីធ្លីសហព័ន្ធ (FELDA) បានទិញទិន្នផលដូងប្រេងពីអ្នកដាំនៅតាមជនបទ ដែលភាគច្រើនជាអ្នកគាំទ្រដ៏សំខាន់របស់លោក Najib ។

ដើម្បីទាញយកការគាំទ្រពីតំបន់ជនបទឲ្យបានកាន់តែច្រើន លោកនាយករដ្ឋមន្ត្រីបានដាក់ ចេញនូវគោលនយោបាយតភ្ជាប់ផ្លូវដែកឈូងសមុទ្រខាងកើត (the East Coast Rail Link-ECRL) កាលពីថ្ងៃទី ០៩ ខែសីហា ឆ្នាំ២០១៧នេះ។ នៅក្នុងពីធីបើកដែលមានការចូលរួមពីគណៈប្រតិភូជាន់ខ្ពស់របស់ចិន លោក Najib បានហៅការតភ្ជាប់នេះថា «ជាគម្រោងដែលមានផលប្រយោជន៍ច្រើនដែលនឹងតភ្ជាប់ជ្រលង Klang Valley ជាមួយនឹងរដ្ឋ Pahang រដ្ឋ Terenggaun  និងរដ្ឋ Kelantan ដែលរដ្ឋចំនួនបីនេះស្ថិតនៅតំបន់ជនបទ ប៉ុន្តែជារដ្ឋដែលសប្បូរធនធាន។ ការវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធ ដែលមានទឹកប្រាក់ ៥៥ លានរីងហ្គីតម៉ាឡេស៊ី( ១២.៨ លានដុល្លារ) ត្រូវបានផ្តល់ដោយក្រុមហ៊ុនចិន ហើយនឹងត្រូវបញ្ចប់នៅឆ្នាំ ២០២៤។

ការទទួលបានមូលនិធិបរទេសនេះ មានសារៈសំខាន់ណាស់ក្នុងពេលដែលប្រទេសនេះកំពុងជួបរឿងអាស្រូវនៃផែនការគម្រោងអភិវឌ្ឍន៍ ១ ពាន់លានរបស់ម៉ាឡេស៊ី (1MDB)។ រឿងអាស្រូវនេះ បានបន្សល់ទុកនូវចម្ងល់ដល់ជនជាតិម៉ាឡេស៊ី ពាក់ព័ន្ធនឹងការធ្លាក់ចុះរបស់ប្រទេស និងការពឹងពាក់លើការវិនិយោគបរទេស។ ទុនវិនិយោគរបស់រដ្ឋត្រូវបានគេរាយការណ៍ថា ស្ថិតនៅក្រោមការស៊ើបអង្កេតពាក់ព័ន្ធនឹងការលៀងលុយកខ្វក់ យ៉ាងហោចណាស់ពីភ្នាក់ងារស៊ើបអង្កេតចំនួន ៦ រួមទាំងសហរដ្ឋអាមេរិក ស៊្វីស និងសិង្ហបូរី។ ក្រសួងយុត្តិធម៌អាមេរិក បានដាក់ពាក្យបណ្តឹងដោយចោទប្រកាន់ថា មានការលួចលុយមូលនិធិប្រមាណ ៤.៥ ពាន់លានដុល្លារ។ អ្នកស៊ើបអង្កេតក៏បានតាមដានបញ្ជីធនាគារផ្ទាល់ខ្លួនរបស់លោក Najib ដែលមានទឹកប្រាក់ប្រមាណ ៧០០ លានដុល្លារ ទោះបីជាលោកនាយករដ្ឋមន្ត្រីរូបនេះ បានឆ្លើយបដិសេធជាបន្តបន្ទាប់ពីកំហុស របស់ខ្លួន។

នៅថ្ងៃទី១១ សីហា ២០១៧ មានព័ត៌មានចេញផ្សាយថា 1MDB បានបញ្ជូនលុយសរុប ៣៥០ លានដុល្លារ ដែលជាការទូទាត់បំណុលលើកដំបូងដែលខ្លួនជំពាក់ ទៅឲ្យក្រុមហ៊ុន Abu Dhabi’s International Investment Co. នៅមុនការពន្យារពេលកំណត។ ការសងប្រាក់នេះ គឺពិតជាបានបន្ធូរបន្ថយសម្ពាធទៅលើមូលនិធិវិនិយោគ និងរដ្ឋាភិបាល បន្ទាប់ពីខ្លួនខកខានទូទាត់សំណង ដែលដំបូងត្រូវបានកំណត់ត្រឹមថ្ងៃទី៣១ កក្កដា។

មានរឿងជាច្រើនដែលត្រូវតាមដានអំឡុងពេលបោះឆ្នោតសាកលលើកទី ១៤ ហើយជនជាតិម៉ាឡេស៊ីរស់នៅទីក្រុង ដែលជាអ្នករ៉ាប់រងធ្ងន់ជាងគេលើបញ្ហាការគ្រប់គ្រងរដ្ឋបាលមិនបានល្អនៅពេលបច្ចុប្បន្ន កំពុងមានការលំបាកដើម្បីដោះស្រាយរឿងអាស្រូវសេដ្ឋកិច្ចទាំងនេះ។ ទោះ បីជាយ៉ាងណាក៏ដោយ អ្នកបោះឆ្នោតនៅតាមជនបទកំពុងតែត្រូវបានបញ្ចុះបញ្ចូលតាមរយៈគម្រោងវិនិយោគ ជំនួយប្រជាជនម៉ាឡេស៊ី១ (1Malaysia People’s Aid-BR1M) ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ និងការបន្តផ្តល់ជំនួយផ្នែកកសិកម្ម។

ជាមួយនឹងភាពច្របូកច្របល់របស់អ្នកប្រឆាំង គណបក្ស Barisan Nasional’s អាចនឹងចាញ់ក្នុងការបោះឆ្នោត។ ទោះបីជាយ៉ាងណាក៏ដោយ ការកាន់កាប់អំណាចរយៈពេល ៥ ឆ្នាំ ទៀតនោះ អាចនឹងមិនគ្រប់គ្រាន់សម្រាប់ការផ្លាស់ប្តូរកេរ្តិ៍តំណែលរបស់លោក Najib ពាក់ព័ន្ធនឹងបំណុលកាន់តែច្រើន និងភាពលំអៀងកាន់តែច្រើននោះទេ ខណៈដែលគោលនយោបាយរបស់រដ្ឋាភិបាល មិនបានគិតដល់បញ្ហាទាំងនេះ៕

ប្រភព : The Diplomat ចុះថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧


No comments:

Post a Comment