Thursday, August 17, 2017

អភិបាលខេត្តកំពង់ធំ ចូលរួមពិធីបញ្ចុះបឋមសិលា សាងសង់អគាររដ្ឋបាលឃុំពពក ស្រុកស្ទោង

កំពង់ធំ លោក សុខ លូ អភិបាលខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧នេះ អញ្ជើញជាអធិបតីភាពក្នុងពិធីបញ្ចុះបឋមសីលា សាងសង់អគាររដ្ឋបាល ឃុំពពក ស្រុកស្ទោង​ ដែលមានការ​ចូលរួមពីលោក គង់ វិមាន អភិបាលរងខេត្ត ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត មន្ត្រីរាជការ កងកម្លំាងប្រដាប់អាវុធ ប្រជាពលរដ្ឋ និងសិស្សានុសិស្ស ប្រមាណជិត​៦០០នាក់។
លោក កែវ នន មេឃុំពពក បានអានរបាយការណ៍សង្ខេប អំពីស្ថានភាពភូមិសាស្ត្រ ឃុំពពក និងការសាងសង់អគាររដ្ឋបាលសាលាឃុំ ដែលត្រូវបញ្ចុះបឋមសិលា នៅពេលនេះ មានទំហំ ១៦.៥០ម៉ែត្រ គុណ៩ម៉ែត្រ។
​ជាមួយគ្នានោះ លោក​ សុខ លូ បានលើកឡើងថា រាជរដ្ឋាភិបាល ដែលបានដឹកនាំប្រទេសជាតិតំាងពីបាតដៃទទេរ​ រហូតដល់ប្រទេសជាតិ មានការរីកចម្រើនគ្រប់វិស័យ ហើយទទួលបានសុខសន្តិភាពមកដល់ថ្ងៃនេះ គឺឆ្លងកាត់ពលកម្មច្រើនណាស់ ដូច្នេះត្រូវតែប្តេជ្ញារួមគ្នា ថែរក្សាសន្តិភាពនេះឱ្យបានយូរអង្វែងតទៅទៀត សម្រាប់អនាគតកូនចៅ​។
កន្លងមកនេះថវិកាឃុំ មិនត្រូវបានអនុញ្ញាតឱ្យសាងសង់សាលាឃុំទេ គឺសម្រាប់តែចំណាយទៅលើការបម្រើសេវាសាធារណៈ ដូចជា សាងសង់សាលារៀន ផ្លូវថ្នល់ មន្ទីរពេទ្យ អណ្តូងទឹក​ជាដើម​ ប៉ុន្តែរាជរដ្ឋាភិបាល ក៏ដូចជាថ្នាក់ដឹកនាំខេត្ត មិនទុកចោលរហូតនោះទេ គឺបានគិតគូរថា តើសាលាសង្កាត់គួរសាងសង់នៅពេលណា? ជា​ឱកាសដ៏ល្អក្នុងពេលមួយបច្ចុប្បន្ននេះ ដោយសេដ្ឋកិច្ចជាតិមានកំណើន ៧ភាគរយ ទើបធ្វើឱ្យកម្រិតថវិកាជាតិ សម្រាប់ការអភិវឌ្ឍខេត្ត ក្រុង ស្រុក ត្រូវបានកើនឡើង ជាបន្តបន្ទាប់ ហេតុដូចនេះ ទើបខេត្តមានលទ្ធសាងសង់សំណង់ទាំងនេះបាន។
បើតាមអភិបាលខេត្ត ​សម្រាប់ឃុំពពក រដ្ឋបាលខេត្ត បានរៀបចំសាងសង់អគាររដ្ឋបាលឃុំ និងជួយសាងសង់អគារប៉ុស្តិ៍រដ្ឋបាលឃុំមួយទៀត ដើម្បីបម្រើសេវាធារណៈនៅតាមឃុំ ឱ្យមានលក្ខណៈល្អប្រសើរ និងមានភាពងាយស្រួល ដល់បងប្អូនប្រជាពលរដ្ឋក្នុងការទទួលយកនូវសេវា ហើយឥឡូវនេះនៅតាមភូមិនីមួយៗ គឺមានការអភិវឌ្ឍន៍ផ្លូវលំខ្វាត់ខ្វែង ចំពោះស្រុកផ្សេងទៀត ដែលមិនទាន់មានសាលាឃុំ រដ្ឋបាលខេត្ត នឹងរៀបចំធ្វើជាបន្តបន្ទាប់ ។

​ក្នុងឱកាសនោះ លោកអភិបាលខេត្ត បានចែកអំណោយជានិមិត្តរូបដល់លោកគ្រូ អ្នកគ្រូ ចំនួន​២១នាក់ ក្នុងម្នាក់​ទទួលបាន សារ៉ុង​១ និងថវិកា​១០,០០០រៀល តាជី យាជី ចំនួន​៥០នាក់ ក្នុងម្នាក់​ទទួលបាន ក្រណាត់ស​១ដុំ និងថវិកា​៥​,០០០រៀល ប្រជាពលរដ្ឋ​៣០០នាក់ ក្នុងម្នាក់ទទួលបាន​សារ៉ុង​១ និងសិស្សានុសិស្ស ១០០នាក់​ក្នុងម្នាក់ទទួល សៀវភៅ ប៊ិច ខ្មៅដៃ ផងដែរ ៕











No comments:

Post a Comment