Thursday, August 17, 2017

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លើកទឹកចិត្តវិស័យឯកជនរួមគ្នាដោះស្រាយបញ្ហាទីផ្សារ


នៅក្នុងឱកាសអញ្ជើញជាអធិបតីនៅក្នុងបើកសិក្ខាសាលាស្តីពី កិច្ចពិគ្រោះយោបល់រវាងអ្នកផលិត និងផ្គត់ផ្គង់ផលិតផលខ្មែរ ជាមួយអ្នកប្រើប្រាស់ និងអ្នកចែកចាយបន្ត ដែលរៀបចំឡើង នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានជំរុញឲ្យតំណាងវិស័យឯកជន ធ្វើការពិភាក្សា និងផ្លាស់ប្តូរយោបល់គ្នា ដើម្បីលើកជាសំណូមពរផ្សេងៗមកកាន់គណៈអធិបតី ធ្វើការដោះស្រាយតាមការសមស្រប។
លោក ប៉ាន សូរស័ក្តិ បានបញ្ជាក់ថា នេះជាលើកទីពីរហើយដែលក្រសួងពាណិជ្ជកម្ម ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងទេសចរណ៍ បានសហការរៀបចំឡើង ដើម្បីកំណត់នូវបញ្ហាប្រឈម និងដាក់ចេញវិធានការណ៍ឆ្លើយតបនានា សំដៅលើកកម្ពស់ចង្វាក់ផលិតកម្ម និងជំរុញការធ្វើពិពិធកម្មទីផ្សារសម្រាប់ផលិតផលខ្មែរ។
លោក ប៉ាន សូរស័ក្តិ ក៏បានលើកយកកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ដែលសម្រេចបានជាមធ្យម ៧% ក្នុងរយៈពេល ២ទសវត្សចុងក្រោយ និងការប្តេជ្ញាចិត្តរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការបន្តស្វែងរកទីផ្សារជូនសហគ្រាសធុនតូច និងធម្យមនៅកម្ពុជា។ លើសពីនេះ លោក ប៉ាន សូរស័ក្តិ ក៏បានបង្ហាញជំហរគាំទ្រ ចំពោះការចាប់ដៃគូធុរកិច្ចរវាងម្ចាស់ផលិតផល និងអ្នកទទួលទិញនៅក្នុងសិក្ខាសាលា ដែលជាវឌ្ឍនភាពថ្មីមួយទៀត សម្រាប់លើកកម្ពស់កិត្យានុភាពផលិតផលកម្ពុជា។
សូមបញ្ជាក់ថា តាមរយៈសិក្ខាសាលាពិគ្រោះយោបល់លើកទី១ ដែលបានរៀបចំដោយជោគជ័យ កាលពីឆ្នាំមុន បញ្ហាប្រឈមជាច្រើនពាក់ព័ន្ធនឹងការជំរុញផលិតផលកម្ពុជាចូលទីផ្សារក្នុង និងក្រៅប្រទេស ត្រូវបានដោះស្រាយមួយកម្រិត។ ដោយឡែកសិក្ខាសាលាឆ្នាំនេះ ក៏រំពឹងថានឹងអាចស្វែងរកដំណោះស្រាយកាន់តែច្រើនថែមទៀត ដើម្បីជួយសម្រួលការអភិវឌ្ឍន៍វិស័យឯកជន និងការធ្វើពិពិធកម្មវិស័យនាំចេញរបស់កម្ពុជា៕







No comments:

Post a Comment