Wednesday, December 17, 2014

សម្តេច​​តេជោ​ពន្យល់​​ពី​​សេចក្តី​​សម្រេច​ខាង​​នយោបាយ និង​​សិទ្ធិ​​សម្រេច​​របស់​​តុលាការ



សម្តេច​អគ្គមហាសេនា​បតីតេជោ ហ៊ុន សែន បាន​មាន​ប្រសាសន៍នៅ​ព្រឹក​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០១៤ ឲ្យ​ដឹង​ថា​ សម្តេចនឹង​អញ្ជើញ​ទៅ​ចូលរួម​កិច្ចប្រជុំ​រដ្ឋសភា នៅព្រឹក​ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៤ ដើម្បី​ចូល​រួមធ្វើវិសោធន​កម្ម​បទបញ្ជា​ផ្ទៃ​ក្នុងរដ្ឋសភា ដើម្បី​បង្កើត​ប្រធាន​សភាភាគតិច មានឋានៈស្មើ​នាយករដ្ឋមន្ត្រី។ ទាក់​ទង​នឹង​កិច្ច​ប្រជុំ​សភា​ ដើម្បី​ធ្វើវិសោធន​កម្ម​បទបញ្ជា​ផ្ទៃ​ក្នុងរដ្ឋសភា បង្កើត​ប្រធាន​សភា​ភាគ​តិច មាន​ឋានៈស្មើ​នាយក​រដ្ឋមន្ត្រី សម្តេច​តេជោ​បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា សម្ដេច​បាន​ធ្វើ​ទៅ​ហួស​កិច្ច​ព្រមព្រៀង​នយោបាយ​ថ្ងៃ​ទី២២ ខែ​កក្កដា ឆ្នាំ​២០១៤។

ថ្លែង​ក្នុង​ពិធី​បើក​សន្និសីទ​ជាតិ​ផ្សព្វផ្សាយ​ច្បាប់​ស្ដីពី​ការរៀបចំ​អង្គការ​តុលាការ ច្បាប់​ស្ដីពី​លក្ខ​ន្តិកៈ​នៃ​ចៅក្រម និង​ព្រះរាជអាជ្ញា និង​ច្បាប់​ស្ដីពី​ការ​រៀបចំ​ការ​ប្រព្រឹត្ត​ទៅ​នៃ​ឧត្ដម​ក្រុម​ប្រឹក្សា​នៃ​អង្គចៅ​ក្រម ដែល​រៀប​ចំ​ធ្វើ​នៅ​សណ្ឋាគារ​អាំងទែ​កុង​ទីណង់​តាល់ ដោយ​ក្រសួង​យុត្តិធម៌ សម្ដេចតេជោ​មាន​ប្រសាសន៍​ឲ្យ​ដឹង​អំពីការ​សម្រេច​ចិត្ត​ដោះ​ស្រាយ​បញ្ហា​នយោបាយ​របស់​សម្តេច​ជាមួយ​គណបក្សសង្គ្រោះ​ជាតិនា​ពេល​កន្លង​មក​ថា ខ្ញុំ​សុខ​ចិត្ត​ផ្អាក​ពេលវេលា​ហោះ​ទៅ​ប្រទេស​ថៃ​ប្រជុំ GMS ដើម្បី​ចូលរួម​ក្នុង​ការធ្វើ​វិសោធន​កម្ម គាំទ្រ​ឱ្យ​មានឋានានុក្រម​ប្រើ​ពាក្យ​ថា ប្រធាន​(សមាជិក​សភា) ភាគ​តិច​ដែល​ចាប់​ពី២៥​ភាគរយ​ឡើង​ទៅ ជាដៃគូសន្ទនា ជាមួយ​ប្រមុខ​រាជ​រដ្ឋាភិបាល នេះ​មាន​ក្នុង​កិច្ច​ព្រមព្រៀង​នៅ​ចំការ​មន​ឯណា? ប៉ុន្តែ​វា​ស្ថិត​នៅ​ក្នុង​ដែន​សមត្ថកិច្ច​យើង​ធ្វើ​បាន​យើង​ធ្វើ។

ដោយ​ឡែក​សិទ្ធិ​សម្រេច​របស់​តុលាការ សម្តេច​តេជោ​បាន​មាន​ប្រសាសន៍​ពន្យល់ថា​នៅ​ក្នុង​តុលាការ ខ្ញុំ​ទៅ​ដឹង​រឿង​គេ​ចោទ​អ្នក​ណា​យ៉ាង​ម៉េច រួច​មក​បន្ទោស និយាយ​ឱ្យ​ច្បាស់​ត្រង់​កន្លែង​ហ្នឹង។ តែខ្ញុំ​ក៏សុំ​និយាយ​ឱ្យ​ច្បាស់​ដែរ​រឿង​បញ្ហា​តុលាការ​នេះ ខ្ញុំ​មាន​សិទ្ធិ​គ្រាន់​តែ​សេវា​បម្រើ​ជូន​ទេ។

ទាក់​ទិន​នឹង​ការ​រៀប​ចំ​សមាសភាពគណៈកម្មាធិការ​ជាតិ​រៀប​ចំ​បោះ​ឆ្នោត ដែល​គណ​បក្ស​ទាំង​ពីរ (ប្រជាជន​កម្ពុជា-សង្រ្គោះ​ជាតិ) បាន​និ​ងកំពុង​ពិភាក្សា​គ្នា​នោះ សម្ដេច​តេជោ​នាយករដ្ឋមន្ត្រីមាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ច្បាប់​ស្ដីពី​ការរៀបចំ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​គណៈ​កម្មា​ធិ​ការ​ជាតិ​រៀបចំ​ការបោះ​ឆ្នោត រយៈ​ពេល​ចុង​ក្រោយថ្ងៃទី២៨​ ខែវិច្ឆិកា ឆ្នាំ២០១៤ កន្លង​ទៅ ​ខ្ញុំ​បាន​ជួប​ឯកឧត្ដម សម រង្ស៊ី។ ខ្ញុំថា វា​លំ​បាកម្ល៉េះ គ្រាន់​តែ​រក ៩នាក់ រក​ប៉ុណ្ណឹង​មិន​បាន កន្លង​ទៅ​ចេះ​តែ​និយាយ​ថា បក្សពួក​និយម គ្រួសារ​និយម ដូច្នេះ​យើងដាក់​ហាម​ក្នុង​នោះតែ​ម្ដង​ទៅ​ខ្លាច​អី កុំ​ឱ្យ​មាន​សាច់​ញាតិ ញាតិពន្ធ​អី​នៅ​ក្នុង​ហ្នឹង ព្រោះ​វា​កើត​ការ​លម្អៀង។ សញ្ជាតិ​តែមួយ​ក៏ដូច្នេះ​ដែរ ខ្ញុំ​ថា​បើ​ចេះ​ស្នេហា​ជាតិ​ម៉េច​ក៏មិន​ហ៊ានលា​សញ្ជាតិ​មក​បម្រើ​ជាតិ ឥឡូវ​បើ​ថា​ចង់​ទាំង​អស់​ក៏​សូម​អញ្ជើញ ទាំង​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ ទាំង​ព្រឹទ្ធសភា ទាំង​រដ្ឋសភា ទាំង​សមាជិក​រាជរដ្ឋា​ភិបាល ដូច្នេះ​សញ្ជាតិ​តែមួយ​កុំ​អាល​ពង្រាយ​សុំ​តែមួយ​បាន​ហើយ គឺ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ៩នាក់ រើស​ម្នាក់​ដែល​គ្មាន​សញ្ជាតិ​បរទេស​បាន ឬអត់? ​ក្នុង​មនុស្ស ១៥​លាន​នាក់​នេះ ហើយកុំ​ឱ្យមាន​ញាតិ​ពន្ធ​របស់​មេដឹក​នាំ​បក្សទៅ​ក្នុង​គណៈ​កម្មា​ធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​បាន​ ឬ​អត់​បាន?

ដោយ​ឡែក​ទាក់​ទិន​នឹង​សកម្ម​ភាព​ភេវរកម្ម​ចាប់មនុស្សធ្វើ​ចំណាប់​ខ្មាំង​ ដែល​បង្ក​ឡើង​ដោយក្រុម ISIS កាល​ពីថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ២០១៤ នៅ​ទីក្រុង​ស៊ីដនី ប្រទេសអូស្ត្រាលី ដែល​បណ្ដាល​ឱ្យ​មនុស្ស​ ៣នាក់ស្លាប់ រាប់​ទាំងពួក​ភេរវករ​ម្នាក់ និង​របួស​មួយ​ចំនួន​ផង​នោះ សម្ដេច​អគ្គមហា​សេនាបតី​តេជោ ហ៊ុន សែន បាន​ចូលរួម​សោក​ស្ដាយ និង​ថ្កោល​ទោស ជា​មួយ​ប្រជាជន ព្រម​ទាំង​រដ្ឋាភិបាល​អូស្ត្រាលី​ចំពោះ​អំពើភេរវកម្ម​នេះ​ផង​ដែរ។

សម្ដេច​តេជោ​នាយក​រដ្ឋមន្ត្រីបានមាន​ប្រសាសន៍​ថា យើង​ចូលរួម​រំលែក​នូវ​ការ​លំបាក​ជា​មួយ​ដៃ​គូមិត្តភក្ដិ របស់​យើង​ទាក់ទង​ទៅ​នឹង​ការប្រយុទ្ធ​ប្រឆាំង​ទៅ​លើ​ភេរវកម្ម ដែល​បាន​កើត​នៅ​ឯស៊ីដនី​កាលពីម្សិលមិញ​នេះ ហើយ​យើង​ក៏ចូលរួម​ជា​មួយមិត្ត​ភក្ដិ​របស់​យើង​ក្នុង​ការប្រយុទ្ធ​ប្រឆាំង​ជាមួយ​នឹង​ពួក ISIS ដែល​រឿងនេះ​ជា​ប្រធាន​បទ​សំខាន់​ណាស់ ក្នុងការ​ពិភាក្សា​ក្នុង​អង្គ​ប្រជុំអាស៊ាន។

សម្តេចតេជោ​បាន​មាន​ប្រសាសន៍ឲ្យ​ដឹង​​ថា រឿងនេះ​ដូច​ដែល​សហរដ្ឋ​អាមេរិក​បាន​ធ្វើ​ការ​ប្រកាស​ប៉ុន្មាន​ថ្ងៃ​មុន ពេល​ដែល​ព្រឹទ្ធសភា​សហរដ្ឋអាមេរិក​បាន​ប្រកាស​អំពី​ការ​ធ្វើ​ទារុណ​កម្ម​របស់​ពួក CIA ទៅ​លើ​អ្នក​ដែល​ខ្លួន​សួរ​ចម្លើយ។ សហ​រដ្ឋ​អាមេរិក​បាន​អំពាវ​នាវ​ឱ្យ​មានការប្រុង​ប្រយ័ត្ន​ទៅ​លើបញ្ហានេះ​រួច​ទៅ​ហើយ។ ​ប៉ុន្តែ​តាម​ការ​ស្មាន​របស់​ខ្ញុំ​បញ្ហា​កើត​នៅស៊ីដនី (អូស្ត្រាលី) បើទោះបី​ជា​គ្មាន​របាយការណ៍​របស់​ព្រឹទ្ធស​ភា​អាម៉េរិក ទាក់ទិន​ជាមួយ​ការ​ធ្វើ​ទារុណកម្ម​របស់ CIA ទៅ​លើ​អ្នក​ដែល​ត្រូវ​សួរចម្លើយ ក៏​រឿង​នេះ​វាកើត​ដែរ។ ដូច្នេះ បញ្ហា​ទាក់​ទង និង​ភេរវកម្ម​ជា​រឿង​ធំ​ណាស់។

សម្តេច​តេជោ​មាន​ប្រសាសន៍​ថា នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​បូក​អង្គការ​សហ​ប្រជា​ជាតិ អាស៊ាន​បូក​អាម៉េរិក និង​អាស៊ីបូព៌ា ​​ខ្ញុំ​បាន​សួរ​ប្រធានាធិបតី អូបាម៉ា ត្រង់ៗ​តែម្ដង ខ្ញុំ​មិន​អាន​សុន្ទរកថា​ទេ ខ្ញុំ​សួរ​តែម្ដង អរគុណ​ដែល​ប្រធានាធិបតី អូបាម៉ា បាន​ឆ្លើយ​ចំពោះ​សំណួរ​ខ្ញុំ ដែល​បាន​គ្របដណ្ដប់​២ភាគ៣ នៃ​បញ្ហា​ដែល​គាត់ និយាយ​ត្រឡប់​មក​អាស៊ាន​ តែគាត់​ប្រើ​ពេល​២ភាគ៣ ឆ្លើយតប​ទៅ​នឹង​សំណួរ​របស់​ខ្ញុំ​ទាក់​ទៅ​នឹង​បញ្ហា ISIS ក៏ប៉ុន្តែ​ខ្ញុំ​មិនអាច​នឹង​យកបញ្ហា​សំដី​របស់​គាត់ចម្លើយ​របស់គាត់​នៅ​ក្នុង​អង្គ​ប្រជុំ​អាស៊ាន-អាម៉េរិក​នោះ មក​លាតត្រដាង​នៅទី​នេះ​បាន​ទេ។ ប៉ុន្តែជា​ទូទៅ​នៅ​ក្នុង​ក្រប​ខ័ណ្ឌ​អាស៊ី បូព៌ា​យើង​បាន​កត់សម្គាល់​ថា ISIS គឺ​ជាគ្រោះថ្នាក់​ជាង​អង្គការ​ភេរវកម្ម ណា​ៗ​ទាំងអស់៕


No comments:

Post a Comment